បារាំង​កោះ​ហៅ​​ឯកអគ្គ​រដ្ឋទូត​​មក​​​​វិញ ​ក្រោយ​លោក ​Erdogan ដៀល​លោក ​Macron ថា មាន​បញ្ហា​ផ្លូវ​ចិត្ត

Content image - Phnom Penh Post
លោក Racep​Tayyip Erdogan ​ថ្លែង​នៅ​ក្នុងសភា​​។ រូប AFP

កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ២៥​ ប្រទេស​បារាំង ​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ខ្លួន​ប្រចាំ​​ប្រទេស​តួកគី​ត្រឡប់​មក​វិញ​ ក្រោយ​ពី​ប្រធានាធិបតី​តួកគី​ លោក Racep ​Tayyip Erdogan ​បាន​និយាយ​ថា ​ប្រធានាធិបតី​បារាំង​លោក ​Emmanuel Macron ត្រូវ​ការ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត។ ​សម្តី​របស់​ប្រធានាធិបតី​តួកគី​ទៅ​លើ​ប្រធានាធិបតី​បារាំង​បែប​នេះ គឺ​ដើម្បី​រិះគន់​ឥរិយាបថ​របស់​លោក Macron ចំពោះ​ជន​មូស្លីម​ក្នុង​ប្រទេស​បារាំង។

«តើ​បុគ្គល​ឈ្មោះ ​Macron ​នេះ ​មាន​បញ្ហា​អ្វី​ជាមួយ​សាសនា​អ៊ិស្លាម​ និង​ជន​មូស្លីម?» លោក Erdogan ​បាន​ចោទ​សួរ​បែប​នេះ​នៅ​កិច្ច​ប្រជុំ​គណបក្ស​យុត្តិធម៌ ​និង​អភិវឌ្ឍន៍ (AKP) របស់​លោក។ ​លោក Erdogan បាន​និយាយ​បន្ថែម​ទៀត​ថា៖ «លោក Macron ត្រូវ​ការ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត! ​តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​គួរ​និយាយ​ទៅ​កាន់​ប្រមុខ​រដ្ឋ​ម្នាក់​ដែល​ជា​បុគ្គល​មិន​យល់​ពី​សេរីភាព​នៃ​ជំនឿ​សាសនា ហើយ​បាន​ប្រព្រឹត្ត​ទង្វើ​របៀប​នេះ​ចំពោះ​មនុស្ស​រាប់​លាន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​ដែល​មាន​ជំនឿ​សាសនា​ខុសៗ​គ្នា​?»

វិមាន ​Elyse​ ដែល​ជា​ការិយាល័យ​របស់​ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា​ សម្តី​របស់​លោក ​Erdogan ​គឺ​ជា​ការ​ប្រមាថ​ហើយ​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូត​ខ្លួន​ប្រចាំ​ក្រុង​អង់ការ៉ា​លោក Herve Magro ​មក​ពិគ្រោះ​យោបល់។

ជា​ការ​ឆ្លើយ​តប​នឹង​សម្តី​លោក ​Erdogan ​អ្នក​នាំពាក្យ​វិមាន ​Elyse ​បាន​និយាយ​ថា៖ «ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​ Erdogan ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។​ ភាព​ជ្រុល​លើស​លប់​ និង​ភាព​ជម្លើយ​ គឺ​មិន​មែន​ជា​វិធីសាស្ត្រ​ទេ។

យើង​ទាមទារ​ឱ្យ​លោក ​Erdogan ​ផ្លាស់​ប្ដូរ​ទិសដៅ​នៃ​គោល​នយោបាយ​របស់​គាត់​ ពី​ព្រោះ​វា​មាន​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង។ ​យើង​នឹង​មិន​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​ពាក្យ​សម្តី ដែល​មិន​ចាំបាច់ ​ហើយ​ក៏​មិន​ទទួល​យក​ការ​ប្រមាថ​នោះ​ដែរ។»

គួរ​កត់​សម្គាល់​ថា​ ការ​ថ្លែង​សុន្ទរកថា​របស់​លោក ​Erdogan ​ជា​សញ្ញា​មួយ​នៃ​ប្រតិកម្ម​កំពុង​កើន​ឡើង​ក្នុង​បណ្ដា​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​បង្ក​ឡើង​ដោយសារ​តែ​ការ​អះអាង​របស់​លោក ​Macron​ ថា សាសនា​អ៊ិស្លាម​ថា​ជា​សាសនា​មួយ​ដែល​កំពុង​មាន​វិបត្តិ​នៅ​ទូទាំង​ពិភព​លោក ​ដោយសារ​តែ​ប្រកាន់​ជំហរ​តឹងតែង​ខ្លាំង។ ប្រទេស​ក្នុង​តំបន់​អារ៉ាប់​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ទិញ​ផលិតផល​បារាំង។

ក្នុង​ខែ​នេះ ​លោក ​Macron បាន​ប្ដេជ្ញា​ថា ​នឹង​បង្ក្រាប​ក្រុម ​«អ៊ិស្លាម​បំបែក​ខ្លួន​និយម» ​បន្ទាប់​ពី​ប្រទេស​បារាំង ​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ការ​សម្លាប់​កាត់​ក្បាល​លោក ​Samuel Paty កាល​ពី​ថ្ងៃទី ១៦​ ខែ​តុលា។ លោក Paty គឺ​ជា​សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា ​និង​ភូមិវិទ្យា​ម្នាក់ ​ដែល​បាន​បង្រៀន​សិស្ស​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដោយ​លោក​បាន​ប្រើប្រាស់​រូប​ត្លុក​អំពី​ព្យាការី ​Muhammad ​គូរ​ដោយ​កាសែត​កំប្លែង​ Charlie Hebdo បង្ហាញ​ដល់​សិស្ស ដែល​នេះ​ជា​ការ​ប្រមាថ​សាសនា​អ៊ិស្លាម​ បើ​ទោះ​ជា​ការ​បង្ហាញ​នោះ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក៏​ដោយ។

មនុស្ស ៧ ​នាក់ ក្នុង​នោះ​មាន​និស្សិត ២ ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​នឹង​ការ​ធ្វើ​ឃាត ​លោក Paty ហើយ​ឃាតករ​ជា​ជនជាតិ​ឆេឆីន ​អាយុ ១៨ ​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​នៅ​ជិត​កន្លែង​កើត​ហេតុ។

ហេតុការណ៍​សម្លាប់​កាត់​ក្បាល​លោក Samuel Paty កើត​ឡើង​ចំ​ពេល​មាន​ការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ប្រវត្តិសាស្រ្ត​ទៅ​លើ​អ្នក​សម​គំនិត ​១៤ នាក់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៥ ទៅ​លើ​កាសែត Charlie Hebdo ដែល​បាន​ចុះ​ផ្សាយ​គំនូរ​ត្លុក​អំពី​ព្យការី Muhammad ដែល​អំពើ​បែប​នេះ ​ត្រូវ​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ដោយ​អ្នក​គោរព​សាសនា​អ៊ិស្លាម។

នៅ​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ ២០១៥ ​ជន​ល្មើស ​២ នាក់ ​បាន​បើក​ការ​វាយ​ប្រហារ​បណ្តាល​ឱ្យ​បុគ្គលិក​កាសែត ​Charlie Hebdo ចំនួន ១២ រូប​ស្លាប់។

គួរ​បញ្ជាក់​ថា​ រូប​គំនូរ​នៃ​ព្យាការី​មូហាម៉ាត់​ អាច​បង្ក​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍​មូស្លីម ​ព្រោះ​សាសនា​អ៊ិស្លាម​ហាម​ឃាត់​ការ​ប្រីប្រាស់​រូប​ព្រះ​អាល់ឡោះ ​និង​ព្យាការី​មូហាម៉ាត់។

យ៉ាងណា​មិញ ​ជម្លោះ​ការ​ទូត​នេះ គឺ​ជា​បញ្ហា​ចុង​ក្រោយ​បង្អស់​ដែល​ធ្វើ​​ឱ្យ​ភាព​តានតឹង​រវាង​បារាំង ​និង​តួកគី​កើន​ឡើង។ បើ​ទោះបី​ជា​ប្រទេស​ទាំង ២ គឺ​ជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​ណាតូ​ក៏​ដោយ ក៏​ពួក​គេ​មាន​គោល​នយោបាយ​ផ្ទុយ​គ្នា​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​មួយ​ចំនួន​ដែល​រួម​មាន​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ​និង​លីប៊ី​ជម្លោះ​នៅ​មេឌីទែរ៉ាណេ​ខាង​កើត​ និង​ជម្លោះ​រវាង​អាមេនី​ និង​អាហ្ស៊ែបៃហ្សង់​ក្នុង​តំបន់ ​Nagorno Karabakh ដែរ៕

ព័ត៌មានថ្មីៗ