ក្រុង​វ៉ាស៊ីនតោនៈ​ រដ្ឋមន្ត្រី​បរទេស​អាមេរិក​លោក​​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​ត្រូវ​ទៅ​ធ្វើ ទស្សនកិច្ច​​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ និង​​​អារ៉ាប់​រួម ​ដើម្បី​ចរចា​​អំពី​វិបត្តិ​ ដែល​បាន​បង្ក​ឡើង​ដោយ​អ៊ីរ៉ង់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​អាមេរិក​។ ​


លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​៖ «​យើង​នឹង​ពិភាក្សា​ជាមួយ​ពួក​គេ​អំពី​ថា ​តើ​នឹង​ធានា​ថា​យើង​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ហើយ​យើង​អាច​ពង្រឹង​ក្រុម​ចម្រុះ​ពិភព​លោក​របស់​យើង​ដោយ​របៀប​ណា​» ​អំពី​ប្រទេស ​អ៊ីរ៉ង់ ​នោះ​។


អ៊ីរ៉ង់ ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ Global Hawk ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​និយាយ​ថា ​អាមេរិក ​បាន​រំលោភ​លើ​ដែន​អាកាស​របស់​ខ្លួន​នៅ​ក្បែរ​តំបន់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ ​Hormuz ​ជា​ការ​អះអាង​ដែល​អាមេរិក ​បាន​បដិសេធ​ទាំង​ស្រុង​។ ​


លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​អំពាវនាវ​ឲ្យ​ផ្អាក​វាយ​ប្រហារ​បក​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ថ្លែង​ថា​ ការ-​ឆ្លើយ​តប​នោះ​ នឹង​​មិន​មាន​តុល្យភាព​គ្នា​ទេ​ ចំណែក​ក្រុង​តេអេរ៉ង់​បាន​ព្រមាន​ថា​ ការ​វាយ​ប្រហារ​ណា​មួយ​នឹង​ត្រូវ បាន​មើល​ឃើញ​ថា ​ផលប្រយោជន៍​របស់​ក្រុង​វ៉ាស៊ីនតោន ​នៅ​ទូ​ទាំង​មជ្ឈិមបូព៌ា​នោះ ​នឹង​ត្រូវ​ឆាបឆេះ​ដោយសារ​ភ្លើង​សង្គ្រាម​ជាក់​ជា​មិន​ខាន​។​


លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ថា ​លោក​នឹង​ឈប់​នៅ​ក្នុង​ប្រទេស​ទាំង ​២ រួច​​ហើយ​នឹង​បន្ត​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស ​ឥណ្ឌា​ ជា​ទី​ដែល​លោក​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​កាល​ពី​ថ្ងៃ​អង្គារ​។​


អ្នក​ដំណើរ​ដែល​ដើរ​ឆ្លង​កាត់​ផ្លូវ​មួយ​​នៃ​ក្រុង​តេអេរ៉ង់​ភ័យ​ខ្លាច​មាន​​សង្គ្រាម​​ផ្ទុះ​ឡើង​។ រូបAFP

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ ខណៈ​ដែល​លោក​បាន​ចាកចេញ​ពី​ក្រុង​វ៉ាស៊ីនតោន​ លោក ​ប៉ុមប៉េអូ​ បាន​ហៅ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ និង​ប្រទេស ​អារ៉ាប់​រួម ​ថា​ជា ​«​ក្រុម​សម្ព័ន្ធមិត្ត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​អ៊ីរ៉ង់​នាពេល​បច្ចុប្បន្ន​»​។​

លោក ​ប៉ុមប៉េអូ ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ផែនទី​មួយ ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​​​លោក​ Mohammad Javad Zarif ​ដែល​បាន​អះអាង​បង្ហាញ​យន្តហោះ​ដ្រូន​ស៊ើបការណ៍​មួយ​គ្រឿង​ បាន​រំលោភ​ដែន​អាកាស​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ ហើយ​បាន​ជំរុញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​យល់​ថា ​រឿង​នោះ​គួរ​ឲ្យ​ជឿទុក​ចិត្ត​បាន។ ​​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​រូប​នេះ បាន​ថ្លែង​ថា​៖ «​អ្នក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ផែនទី​ដូច​ក្មេង​គូរ​លេង​ដែល​លោក ​Zarif ​បាន​បង្ហាញ​នោះ​​វា​ផ្ទុយ​ទៅ​នឹង​ឧត្តម​ភាព ​និង​វិជ្ជាជីវៈ​និយម​របស់​​ចារកម្ម​ និង​យោធា​អាមេរិក​»​៕​ AFP/SK