ក្រុង​វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ កាល​ពី​ថ្ងៃ​ចន្ទ ​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​ដើម្បី ​«​ចរចា​វិជ្ជមាន​» រវាង​កូរ៉េ​-ខាងត្បូង​ និង​ប្រទេស ​ជប៉ុន​ ជា​សម្ព័ន្ធមិត្ត​ទាំង ​២ ​របស់​អាមេរិក​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​យ៉ាង​ជូរចត់​មួយ​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​ និង​ប្រវត្តិសាស្ត្រ​អតីត​កាល​។​


យោង​តាម​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ​លោក ម៉ៃក៍ ​ប៉ុមប៉េអូ​ បាន​ពិភាក្សា​អំពី​បញ្ហា​នោះ​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​ជប៉ុន ​គឺ​លោក​ Toshimitsu ​Motegi ​ខណៈ​លោក​បាន​អបអរ​សាទរ​សមភាគី​របស់​លោក​ចំពោះ​ការ​ចូល​កាន់​តំណែង​ថ្មី​ និង​បាន​អះអាង​ជា​ថ្មី​អំពី​ការ​ពង្រឹង​សម្ព័ន្ធមិត្ត​ទ្វេភាគី​ផង​ដែរ។​


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោកស្រី Morgan ​Ortagus ​បាន​ថ្លែង​ថា៖ «រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ម៉ៃក៍ ប៉ុមប៉េអូ​ បាន​បញ្ជាក់​អំពី​តម្រូវ​ការ​ដើម្បី​ចរចា​វិជ្ជមាន​រវាង​ប្រទេស ​ជប៉ុន ​និង​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង និង​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ដៃ​គូ​ និង​សម្ព័ន្ធមិត្ត​ នៅ​ក្នុង​ការ​ធានា​សេរីភាព​ និង​បើក​ចំហ​អនាគត​សម្រាប់​ឥណ្ឌូប៉ាស៊ីហ្វិក​»​។​


លោកស្រី​អ្នក​នាំពាក្យ​បាន​ថ្លែង​ថា ​លោក​ ប៉ុម​ប៉េអូ​ បាន ​«​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ​អំពី​គោល​បំណង​ចែក​រំលែក​នៃ​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​ដែល​បាន​ផ្ទៀង​ផ្ទាត់​ពេញ​លេញ​ និង​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​»​។​


ទីក្រុង​វ៉ាស៊ីនតោន​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ទំនាក់ទំនង​បាន​ជាប់​គាំង ​រវាង​ទីក្រុង​សេអ៊ូល​ និង​ក្រុង​តូក្យូ ​នឹង​ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ប្រឆាំង​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ និង​វត្តមាន​របស់​យោធា​ចិន​ចេះ​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ៕​ Yonhap/SK