ក្រុងប៉ារីស៖ ប្រភពខ្លះស្និទ្ធទៅនឹងករណីនេះបានថ្លែងប្រាប់ AFP ថា កងកម្លាំងសន្តិសុខបារាំងកាលពីថ្ងៃចន្ទ បានចាប់ខ្លួនបុរស ៧ នាក់ ដែលត្រូវបានគេជឿថា កំពុងរៀបចំផែនការវាយប្រហារភេរវកម្មមួយនៅក្នុងប្រទេស បារាំង និងកំពុងរៀបចំធ្វើដំណើរទៅកាន់តំបន់មានជម្លោះមួយចំនួននៅអ៊ីរ៉ាក់ និងស៊ីរី។
ពួកគេត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារចារកម្ម DGSI នៅក្នុងប្រទេស បារាំង នៅក្នុងទីក្រុងឆ្នេរសមុទ្រប្រ៊ីសភាគខាងលិច និងនៅជុំវិញតំបន់ហ្វីនីសស្តឺរី។
ប្រភពមួយក្នុងចំណោមប្រភពខ្លះបានថ្លែងថា បុរសខ្លះក្នុងចំណោមបុរសទាំង ៧ នាក់ គឺស្ថិតនៅក្នុងបញ្ជីឈ្មោះ «Fiche S» របស់ប្រទេស បារាំង ដែលបានបង្កអសន្តិសុខយ៉ាងខ្លាំង ដោយសារពួកគេមានទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមជ្រុលនិយម។
ការស៊ើបអង្កេតនឹងបន្តប្តេជ្ញាចិត្តធ្វើឡើងថា តើក្រុមជនសង្ស័យទាំងនោះ ពួកគេមានគម្រោងរៀបចំផែនការទុកមុនយូរប៉ុនណា ដើម្បីវាយប្រហារ និងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានោះ។
ប្រទេស បារាំង បានប្រកាសអាសន្នក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីមានរលកនៃការវាយប្រហារជីហាដ ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៥ ដែលបានសម្លាប់មនុស្សជាង ២៥០ នាក់មកនោះ។
ពលរដ្ឋបារាំងរាប់សិបនាក់ បានចាកចេញពីប្រទេសទៅចូលរួមជាមួយក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ នៅមុនកងកម្លាំងក្រុមចម្រុះដឹកនាំដោយអាមេរិកបានបោសសម្អាតក្រុមបះបោរទាំងនោះចេញពីទឹកដីរបស់ពួកគេ ដែលគេហៅឈ្មោះថា «កាលិហ្វ» កាលពីឆ្នាំ ១០១៩។
ក្រុមមេដឹកនាំ IS បានជំរុញឲ្យក្រុមបរិវារនៅក្នុងប្រទេស បារាំង បើកការវាយប្រហារទៅលើប្រទេសកំណើតរបស់ពួកគេ៕ AFP/SK