កាល​ពី​ថ្ងៃទី ២១ ​ខែ​វិច្ឆិកា ​បាតុករ​រាប់​ពាន់​នាក់​មក​ពី​រដ្ឋធានី​ផ្សេងៗ​ក្នុង​ប្រទេស​បារាំង ​បាន​លើក​គ្នា​មក​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​របស់​រដ្ឋាភិបាល​។ នោះ​គឺ​ជា​ច្បាប់​ដែល​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​រូបភាព ​ឬ​វីដេអូ ​ដែល​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​ប៉ូលិស​ពេល​កំពុង​ចុះ​បំពេញ​ភារកិច្ច។


យោង​តាម​សេចក្តី​ព្រាង​ច្បាប់ ​ដែល​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​រដ្ឋសភា​ដោយ​គណបក្ស La Republique En Marche របស់​លោក​ប្រធានាធិបតី​ Emmanuel Macron ការ​បង្កើត​ច្បាប់​នេះ​ឡើង​គឺ «ក្នុង​គោល​បំណង​ថែរក្សា​សេចក្ដី​ថ្លៃថ្នូរ ​សុវត្ថិភាព​ផ្លូវ​កាយ ផ្លូវ​ចិត្ត​របស់​មន្ត្រី​ប៉ូលីស»។ ជន​ដែល​ល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ ១ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​អតិបរមា​ដល់​ ៤៥ ​០០០​ អឺរ៉ូ (៥៣ ៣៦០ ​ដុល្លារ)។

សេចក្ដី​ព្រាង​ច្បាប់​បាន​បញ្ចប់​ការ​ពិភាក្សា​លើក​ទី១ ​រួច​ហើយ​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ​ហើយ​នឹង​ត្រូវ​ពិភាក្សា​ជា​លើក​ទី២ ​ម្ដង​ទៀត​នៅ​ក្នុង​សភានា​ថ្ងៃ​អង្គារ ​សប្ដាហ៍​នេះ។


ក្រោយ​មក​នឹង​បញ្ចូន​ទៅ​វែក​ញែក​បន្ថែម​នៅ​ព្រឹទ្ធសភា​មុន​អនុម័ត​ឱ្យ​ក្លាយ​ជា​ច្បាប់​ផ្លូវ​ការ។​ សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏​ត្រូវ​បាន​គេ​លើក​ឡើង​កាល​ពី​ខែ​តុលា ​កន្លង​ទៅ​ដែរ ប៉ុន្តែ​ត្រូវ​បាន​សភា​បដិសេធ។


បើ​យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Gerald​ Darmanin ​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​វិសោធនកម្ម​ថ្មី ​គឺ​ចាំបាច់​ណាស់ ​ដើម្បី «ការពារ​អ្នក​ដែល​ការពារ​យើង (ប៉ូលិស)» ខណៈ​មាន​របាយការណ៍​មក​ថា ​មន្រ្តី​ប៉ូលិស​កំពុង​ត្រូវ​បាន​គេ​គំរាម​កំហែង ​និង​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើងៗ។


ប៉ុន្ដែ​ក្រុម​បាតុករ​ដែល​លើក​គ្នា​មក​តវ៉ា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​នូវ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ អ្នក​ចូល​រួម​តវ៉ា​មាន​សិស្សានុសិស្ស ​អ្នក​សារព័ត៌មាន និង​សមាជិក​ខ្លះ​នៃ​ចលនា​អាវ​កាក់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក៏​បាន​ចូលរួម​ដែរ។​

សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​បារាំង មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ ​តាមរយៈ​ការ​ហាម​ប្រាម​មិន​ឱ្យ​ប្រើប្រាស់​ដ្រូន ដើម្បី​ឃ្លាំមើល​បាតុកម្ម និង​ឃ្លាំមើល​សកម្មភាព ​ឬ​កត់​សម្គាល់​អត្តសញ្ញាណ​របស់​ប៉ូលិស​តាមរយៈ​កាមេរ៉ា។

លោក Edwy Plenel ​សហស្ថាបនិក​ និង​ជា​និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន​ស៊ើប​អង្កេត Mediapart​ បាន​និយាយ​ថា៖ «យើង​មិនមែន​មក​ទី​នេះ ​ដើម្បី​ទាមទារ​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ការងារ​យើង ​ឬ​សេរីភាព​សារព័ត៌មាន ​ឬ​ក៏​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ទេ។ យើង​មក​ទី​នេះ ​ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ទាំង​អស់​»។

បន្ថែម​ពី​នេះ​សហជីព​អ្នក​សារព័ត៌មាន​បាន​និយាយ​ថា ​សេចក្ដី​ព្រាង​ច្បាប់​នេះ អាច​ជា​ការ​ផ្តល់​ភ្លើង​ខៀវ​ដល់​ប៉ូលិស​ ដោយ​ពង្វាង​ពួក​គេ​ពី​ការ​បំពេញ​កាតព្វកិច្ច និង​បំបាត់​ភ័ស្ដុតាង​នៃ​ការ​រំលោភ​បំពាន​ដោយ​ប៉ូលិស​មក​កាន់​ប្រជាជន​ទៀត​ផង។ ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​មាន​អ្នក​កាសែត ​២ នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា​ ដែល​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស ​ខណៈ​ពេល​សមាជិក​សភា​បាន​ចាប់​ផ្តើម​ជជែកវែក​ញែក​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​។

រី​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​ក៏​បាន​ធ្វើ​អន្ដរាគមន៍​យ៉ាង​សកម្ម ​ដើម្បី​រិះគន់ និង​លើក​ឡើង​ពី «បញ្ហា​រាប់​មិន​អស់» ​ដែល​អាច​កើត​មាន​ឡើង ​បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់ ព្រមទាំង​អំពាវ​នាវ​កុំ​ឱ្យ​អ្នក​នយោបាយ​បារាំង​គាំទ្រ​ឱ្យ​សោះ។ ​

លោកស្រី ​Claire Hedon អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​បារាំង​ ដែល​ជា​អាជ្ញាធរ​រដ្ឋបាល​ឯករាជ្យ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ច្បាប់​នេះ​បង្ក​ឱ្យ​មាន​ហានិភ័យ​ជា​ច្រើន​ដែល​នឹង​រំលោភ​សិទ្ធិ​មូលដ្ឋាន​ដល់​ប្រជាជន​មួយ​ចំនួន ជា​ពិសេស​សិទ្ធិ​ឯកជន​ និង​សេរីភាព​សារព័ត៌មាន»។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ Jean Castex បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​ ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ធានា​ថា «នឹង​មិន​ប៉ះពាល់​ដល់​សេរីភាព​ព័ត៌មាន​ទេ» ​ហើយ​នឹង​ផ្តោត​តែ​លើ​រូបភាព​ដែល​ផ្សព្វផ្សាយ​ដោយ​ចេតនា ​«ច្បាស់លាស់» ថា​ជា​ការ​រំលោភ​បំពាន​មន្ត្រី​ប៉ូលិស​ប៉ុណ្ណោះ។ ​

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា «អាច​នឹង​លុប​ចោល​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្ហាញ​រូបភាព​ឱ្យ​គ្រប់​ជ្រុងជ្រោយ ​ដើម្បី​ធានា​ការ​គោរព​សេរីភាព​សាធារណៈ ​ដែល​យើង​គួរ​តែ​ការពារ។ ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​ការពារ​មន្ត្រី​ប៉ូលិស និង​កងរាជ​អាវុធហត្ថ​ដែល​កំពុង​តែ​ការពារ​ប្រជាជន​ដូច​គ្នា»៕