ក្រុង​ឌូ​បៃៈ ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រជាជន​យេម៉ែន​ប្រហែល ២០ លាន​នាក់ កំពុង​ប្រឈម​នឹង​សន្តិសុខ​ស្បៀង​អាហារ ដោយ​បាន​បន្ថែម​ទៀត​ថា ជម្លោះ​ដែល​បំផ្លិច​បំផ្លាញ​ប្រទេស​ក្រីក្រ​មួយ​នេះ គឺជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​នៅ​ពីក្រោយ​កម្រិត​នៃ​ការ​អត់​ឃ្លាន​ដែល​កំពុង​កើន​ឡើង​នោះ។


សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​កសិកម្ម​និង​ស្បៀងអាហារ (FAO) របស់​អង្គការ​សហ​ប្រជាជាតិ មូលនិធិ​កុមារ UNICEF និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) បាន​និយាយ​ថា៖ «ប្រជាជន​យេ​ម៉ែន ២០ លាន​នាក់ កំពុង​ខ្វះ​ស្បៀង​អាហារ នៅ​ក្នុង​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។


សេចក្តីថ្លែងការណ៍​នោះបាន​ឲ្យ​ដឹង​ទៀតថា៖ «ប្រជាជន​យេម៉ែន​ចំនួន ១៥,៩ ត្រូវការ ស្បៀង​អាហារ​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ» ដោយ​លើក​ឡើង​ពី​ការ​វិភាគ​មួយ ដោយ​ការ​បែង​ចែក​ជា​ដំណាក់​កាល​សន្តិសុខ​ស្បៀង (IPC) ជា​ការ​វាស់​ស្ទង់​សន្តិសុខ​ស្បៀង​អាហារ។


យោងតាម IPC ដែល​ការវិភាគ​របស់ខ្លួន​ចាំបាច់​ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ត្រូវ​ប្រកាស​គ្រោះ​ទុរភិក្ស​នៅ​ក្នុង​ប្រទេស​នេះ​ថា ប្រជាជន ២០ លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង​នោះ គឺ​ស្មើ​នឹង ៦៧ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប នៅ​យេម៉ែន។


លោកស្រី Lise Grande អ្នកសម្របសម្រួល​មនុ​ស្ស​ធម៌​របស់​អ.ស.ប.នៅ​យេ​ម៉ែន ថ្លែង​ថា៖ «អ្វី​ដែល IPC បាន​ប្រាប់​យើង គឺ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​ស្បៀង»៕