ក្រុងប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសសហភាពអឺរ៉ុបទាំង ៨ បានផ្តល់ការ «គាំទ្រនយោបាយ» របស់ពួកគេឲ្យមានកងនាវាល្បាតថ្មីមួយ ដើម្បីជួយបញ្ចៀសជម្លោះសក្តានុពលនៅក្នុងច្រកសមុទ្រហ៊ូរម៉ូស ជាច្រកយុទ្ធសាស្ត្រចេញចូលទៅកាន់ឈូងសមុទ្រមានជម្លោះនោះ។
ប្រទេស បែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ និងប្រទេស ព័រទុយហ្គាល់ បានគាំទ្រឲ្យមានកងកម្លាំងថ្មី ដែលទីស្នាក់ការបេសកកម្មរបស់ពួកគេនឹងមានមូលដ្ឋាននៅទីក្រុងអាប៊ុយដាប៊ី។
មន្ត្រីយោធាបារាំងម្នាក់បានថ្លែងប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា នាវាចម្បាំងហូឡង់មួយគ្រឿងត្រូវបានគេរំពឹងថា នឹងប្តូរវេនល្បាតនៅត្រឹមចុងខែកុម្ភៈ ខាងមុខនេះ។
វិធានការនោះបានធ្វើឡើង នៅចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ជាពិសេសរវាងប្រទេស អ៊ីរ៉ង់ និងអាមេរិក ដែលបានបង្កឲ្យមានការវាយប្រហារជាច្រើនលើកទៅលើនាវាដឹកប្រេង និងជម្លោះផ្សេងទៀតនៅក្នុងតំបន់សំខាន់មួយសម្រាប់ការដឹកប្រេងនៅទីនោះ។
ប្រទេស អ៊ីរ៉ង់ កំពុងគាំទ្រក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេស យេម៉ែន ដែលបានជាប់គាំងនៅក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំ ជាមួយកងកម្លាំងក្រុមចម្រុះដឹកនាំដោយប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដែលបានឈានទៅរកការរឹបអូសយកនាវាដឹកប្រេងជាច្រើនគ្រឿង ដោយក្រុមហ៊ូធី។
ក្រសួងនោះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អស់រយៈពេលជាច្រើនខែ ស្ថានការណ៍នេះបានបង្កគ្រោះថ្នាក់ដល់សេរីភាពនាវាចរណ៍តាមព្រំដែនសមុទ្រ និងទាំងសន្តិសុខនាវាអឺរ៉ុប និងក្រុមយានិកបរទេសផ្សេងទៀត»។
ច្រកសមុទ្រហ៊ូរម៉ូសត្រូវបានគេចាត់ទុកថា ជាតំបន់ជម្លោះពិសេសមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទឹករាក់៕ AFP/SK