ក្រុង​ប៊្រុចសែល៖ ប្រមុខ​ការទូត​ប្លុក​អឺរ៉ុប​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​សមាជិក​អឺរ៉ុប​នៅ​តែ​​​មាន​ការ​ខ្វែង​គំនិត​គ្នា​ ​ជុំវិញ​​ព័ត៌មាន​លម្អិត​អំពី​បេសកកម្ម​​​​ផ្លូវ​ទឹក​​ ដើម្បី​អនុវត្ត​​​​បម្រាម​​​​​​​លក់​ដូរ​អាវុធ​​​នៅ​ប្រទេស ​លីប៊ី ​ដែល​ហែកហួរ​​ដោយ​សង្គ្រាម​មួយ​នេះ​។​


ប្រទេស​ទាំង ​២៧​ បាន​ឯកភាព​គ្នា​នៅ​ក្នុង​គោលការណ៍​ ដើម្បី​​​បង្កើន​​កិច្ច​ប្រតិបត្តិការ​ ​Irene ទ្វេ​ដង​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​​កាល​ពី​ខែ​មុន​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ជម្លោះ​ ជុំវិញ​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​ក្រុម​ជន​ចំណាក​ស្រុក​ ដែល​អាច​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ នៅ​ក្នុង​ការងារ​របស់​ខ្លួន​។​


រដ្ឋមន្ត្រី​ការ​បរទេស​របស់​អ៊ីតាលី​ គឺ​លោក ​លីជី​ ឌី ម៉ៃអូ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​នៅ​តែ​បដិសេធ​មិន​ឲ្យ​ប្រើប្រាស់​កំពង់ផែ​របស់​ខ្លួន​ ឲ្យ​ក្រុម​ជន​ចំណាក​ស្រុក​ចូល​ចត​ជា​ដាច់​ខាត​ ដោយ​បាន​អះអាង​ថា​ ខ្លួន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្លាំង​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូរ៉ូណា​ ប្រភេទ​ថ្មី​ដ៏​​ចម្លែក​នេះ​។​


ប៉ុន្តែ​ប្រមុខ​ការ​ទូត​ប្រទេស​អឺរ៉ុប​ លោក​ ចូសេប​ ប៊ូររីលល៍ ​បាន​អះអាង​ថា​ ជាមួយ ​«​សុឆន្ទៈ​​​»​ បេសកកម្ម​នេះ ​នៅ​តែ​អាច​​រៀបចំ​​ឡើង​ និង​ដំណើរការ​នៅ​ត្រឹម​ចុង​ខែ​មីនា ​នេះ​​ តាម​​​ការ​គ្រោង​​ទុក។​


លោក ​ប៊ូររីលល៍​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ ក្រោយ​ពី​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង ២៧​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​តាមរយៈ​វីដេអូ​ខន់ហ្វឺរិន​ ដោយសារ​ការ​ឆ្លង​រាល​ដាល​មេរោគ​ផ្លូវ​ដង្ហើម​ថា៖ «​មាន​ការ​រីក​ចម្រើន​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ​មិន​ទាន់​​សម្រេច​នៅ​ឡើយ​»​។​


«​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​មាន​ការ​ឯកភាព​គ្នា​រវាង​ក្រុម​ប្រទេស​ជា​សមាជិក​ទាំង​​នេះ​ទៅ​លើ​​នីតិវិធី​ចាប់​ផ្តើម​ចេញ​នាវា​»​៕ AFP/SK