ក្រុង​អាម៉ាន់៖ ​ទីភ្នាក់ងារ​សារព័ត៌មាន ​Petra ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ថា ​ប្រទេស ​ហ្ស៊កដានី ​និង​អង្គការ​សន្ធិ​សញ្ញា​អាត្លង់ទិក​ខាង​ជើង ​(NATO) ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ពិភាក្សា​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង​អាម៉ាន់​ ដែល​ជា​មធ្យោបាយ​ ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​​ផ្លាស់ប្តូរ​ជំនាញ​គ្នា​ទៅ​វិញ​ទៅ​មក។​


នៅ​ឯ​កិច្ច​ប្រជុំ​រវាង​គណៈប្រតិភូ​របស់​អង្គការ​ណាតូ​ និង​នាយក​រដ្ឋមន្ត្រី​ប្រទេស ​ហ្ស៊កដានី​ លោក​ អូម៉ារ ​រ៉ាស់ហ្សាស់ ភាគី​ទាំង ​២​ បាន​ពិភាក្សា​គ្នា​អំពី​ការ​អភិវឌ្ឍ​​នៅ​តំបន់​​មជ្ឈិម​បូព៌ា​ ស្រប​ពេល​​​មាន​ស្ថានការណ៍​អស្ថិរភាព​នៅ​ទី​នោះ​។



ដោយ​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ពី​​ការ​រៀបចំ​ទទួល​យក​ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស ​ហ៊្សកដានី​ លោក​ រ៉ាស់​ហ្សាស់​ បាន​ថ្លែង​ថា​ ប្រទេស ​ហ្ស៊កដានី ​បាន​កំពុង​ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​ក្នុង​តំបន់ ​និង​អន្តរជាតិ​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ជម្លោះ​ក្នុង​តំបន់​។​


កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធាន​ព្រឹទ្ធសភា​របស់​ប្រទេស ​ហ្ស៊កដានី ​លោក​ ហ្វៃសាល់​ ហ្វាយីស ​បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​ហើយ​បាន​បញ្ជាក់​អំពី​ផល​ប៉ះពាល់​ជុំវិញ​ការ​រៀបចំ​ទទួល​យក​ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី​ចំនួន ​១,៣ លាន​នាក់​។​


លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​រក្សា​ក្រម​សីលធម៌​របស់​ខ្លួន ​និង​មាន​ភាព​ទទួល​ខុស​ត្រូវ​ដោយ​ស្រប​ច្បាប់​ ក្នុង​ការ​រៀបចំ​នៅ​ក្នុង​ប្រទេស​ ដើម្បី​ទទួល​យក​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ​។​

ក្រុម​សមាជិក​របស់​គណៈ​ប្រតិភូ​នោះ​ បាន​សម្តែង​ការ​អបអរ​សាទរ​របស់​ពួក​គេ​ អំពី​តួនាទី​របស់​ប្រទេស ​ហ្ស៊កដានី​ នៅ​ក្នុង​ការ​បង្កើន​ឲ្យ​មាន​ស្ថិរភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​។​

ចំណែក​ប្រទេស ​អាល្លឺម៉ង់ វិញ​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​បង្កើន​ការ​ចំណាយ​របស់​អង្គការ​ណាតូ​រហូត​ដល់ ​៥៥,៣ ​ពាន់​លាន​ដុល្លារ ​មុន​ក្រុម​មេ​ដឹកនាំ​ជួប​គ្នា​នៅ​ក្នុង​ក្រុង​​ឡុងដ៍​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៧០ ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក៕ Xinhua/SK