ក្រុងការ៉ាកាសៈ មេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido កាលពីថ្ងៃអង្គារ បានប្តេជ្ញាដណ្តើមយកកន្លែងរបស់លោក នីកូឡាស ម៉ាឌូរ៉ូនៅក្នុងវិមានប្រធានាធិបតី នៅពេលឆាប់ៗនេះ ខណៈមនុស្សរាប់ពាន់នាក់បានឡើងទៅតាមដងផ្លូវនានានៅក្នុងក្រុងការ៉ាកាស ដើម្បីធ្វើការតវ៉ា។
លោក Juan Guaido បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រដែលស្រែកគាំទ្រៈ «Yes, you can!» ថា៖ «យើងត្រូវការការិយាល័យមួយសម្រាប់ធ្វើការនៅពេលឆាប់ៗនេះ និងនៅពេលដែលយើងមានកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខាងយើងយើងនឹងទៅរកការិយាល័យរបស់យើងនៅទីនោះ នៅក្នុងក្រុង Miraflores»។
ក្រុមអ្នកតវ៉ាបានគោះឆ្នាំង និងចុចស៊ីភ្លេរថយន្ត នៅពេលធ្វើការតវ៉ានៅក្នុងទីលានមួយនៅភាគខាងកើតនៃរដ្ឋធានី។ ភាគច្រើនគ្រវីបដាផ្ទាំងធំៗដោយបានអំពាវនាវឲ្យលោក ម៉ាឌូរ៉ូ ចុះពីតំណែង។
អ្នកតវ៉ាម្នាក់ឈ្មោះ Miguel Gonzalez បាននិយាយថា៖ «ស្ថានភាពនេះ ពិបាកណាស់ យើងសង្ឃឹមថា រដ្ឋាភិបាលនេះ នឹងផ្លាស់ប្តូរ។ យើងមានការបះបោរគ្រប់គ្រាន់ហើយ»។
លោក Juan Guaido ដែលត្រូវបានទទួលស្គាល់ថា ជាប្រធានាធិបតីបណ្តោះអាសន្នដោយប្រទេសជាង ៥០ បានថ្លែងថា៖ «ដោយមានភាពអង់អាចក្លាហាន និងកម្លាំងខ្លាំងក្លា ខ្ញុំសុំឲ្យអ្នកជឿលើខ្លួនអ្នកថា វ៉េណេស៊ុយអេឡា នឹងរួចផុតពីភាពងងឹតឈឹងបែបនេះ ហើយការដណ្តើមយកអំណាចជិតឈានដល់ទីបញ្ចប់ដែរ»។
លោករដ្ឋអាជ្ញា Tarek William Saab បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោកនឹងដាក់លោក Guaido ក្រោម ការស៊ើបអង្កេតពីបទពាក់ព័ន្ធនៅក្នុងការបំផ្លាញប្រព័ន្ធអគ្គិសនីរបស់វ៉េណេស៊ុយអេឡា។
នេះ គឺជាកិច្ចប្រឹងប្រែងដំបូងរបស់រដ្ឋាភិបាលប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង លោក Guaido គាំទ្រដោយអាមេរិក ចាប់តាំងពីលោកវិលត្រឡប់ចូលវ៉េណេស៊ុយអេឡាកាលពីសប្តាហ៍មុន ក្រោយពីផ្គើននឹងបម្រាមធ្វើដំណើរទៅជួបមេដឹកនាំជាច្រើននៅអាមេរិកខាងត្បូងជាសម្ព័ន្ធមិត្ត។
លោក ម៉ាឌូរ៉ូ បានស្តីបន្ទោសការដាច់អគ្គិសនីជាច្រើនថ្ងៃដែលញាំញីវ៉េណេស៊ុយអេឡា ទៅលើក្រុងវ៉ាស៊ីនតោន និងបានប្រកាសជ័យជម្នះទៅលើអ្វីដែលលោកហៅថា សង្គ្រាមអគ្គិសនីបង្កឡើងដោយមន្ទីរបញ្ចកោណ៕ AFP/PSA