ការិយាល័យប្រធានាធិបតីបារាំងកាលពីថ្ងៃពុធ បាននិយាយថា លោកអេម៉ានុយអែល ម៉ាក្រុង បានបដិសេធការសុំទោសជាផ្លូវការចំពោះការរំលោភបំពានអាណានិគមនៅក្នុងប្រទេសអាល់ហ្សេរី។
ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយថា នឹងមិនមានការទទួលស្គាល់ ហើយក៏គ្មានការសុំទោសចំពោះការកាន់កាប់ប្រទេស អាល់ហ្សេរី ឬក៏សង្គ្រាមបង្ហូរឈាមរយៈពេល ៨ ឆ្នាំ ដែលបានបញ្ចប់ការគ្រប់គ្រងរបស់ប្រទេសបារាំងនោះដែរ ដោយបានបន្ថែមថា ជំនួសមកវិញ លោកប្រធានាធិបតី នឹងចូលរួមសកម្មភាពនានាជានិមិត្តរូប ដែលមានគោលបំណងជំរុញឲ្យមានការផ្សះផ្សាគ្នាឡើងវិញ។
សង្គ្រាមដើម្បីឯករាជ្យអាល់ហ្សេរីឆ្នាំ១៩៥៤-៦២ បន្តធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២រង្គោះរង្គើជិត៦០ឆ្នាំមកហើយនោះ។
នៅមុនការបោះឆ្នោតរបស់លោក នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ លោកម៉ាក្រុង បានទទួលស្គាល់ការធ្វើអាណានិគមរបស់ប្រទេសបារាំង ទៅលើប្រទេស អាល់ហ្សេរី ថាជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងបទសម្ភាសមួយជាមួយបណ្តាញទូរទស្សន៍អាល់ហ្សេរី ដែលជាការអធិប្បាយមួយបណ្តាលឲ្យមានភាពរំជួលចិត្ត និងត្រូវរងការរិះគន់ពីក្រុមស្តាំនិយម។
ទោះបីជាមិនមានការរាប់បញ្ចូលការសុំទោសក្តី ក៏ការអធិប្បាយនៅក្នុងឆ្នាំ២០១៧ គឺការសារភាពមួយគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសមួយ ដែលការធ្វើអាណានិគមទៅលើប្រទេសអាល់ហ្សេរី ត្រូវបានគេមើលឃើញយូរហើយថា ជាអំពើមួយគួរឲ្យអាណិតអាសូរណាស់ ប៉ុន្តែមានមនុស្សជាច្រើន បានប្រឆាំងជំទាស់នឹងគំនិតនៃការសុំទោសនោះ។
រយៈពេលមួយឆ្នាំក្រោយមកលោក បានទទួលស្គាល់ថា ប្រទេសបារាំង បានបង្កើតប្រព័ន្ធមួយ ដែលសម្រួលដល់ការធ្វើទារុណកម្មនៅក្នុងអំឡុងសង្គ្រាមអាល់ហ្សេរី ដែលបានបញ្ចប់ការគ្រប់គ្រង១៣២ឆ្នាំរបស់បារំាង។
ការិយាល័យប្រធានាធិបតី បាននិយាយថា លោកម៉ាក្រុង នឹងចូលរួមពិធីរំឭកខួប នៅឆ្នាំក្រោយ ដែលជាខួបលើកទី៦០នៃការបញ្ចប់សង្គ្រាមអាល់ហ្សេរី។
ក្រុមទីប្រឹក្សាប្រធានាធិបតី បាននិយាយថា ថ្ងៃនីមួយៗ នឹងត្រូវរំឭក និងឧទិ្ទសដល់ក្រុមខុសផ្សេងៗគ្នា ដែលបានរងផលប៉ះពាល់នៅក្នុងជម្លោះនោះ។
កាលពីថ្ងៃពុធនោះដែរ អ្នកប្រវត្តិសាស្ត្រម្នាក់ ដែលត្រូវបានចាត់តាំងដោយលោកប្រធានាធិបតី ជាមួយនឹងការវាយតម្លៃទៅលើការរីកចម្រើន ដែលធ្វើឡើងដោយប្រទេសបារាំងទៅលើស្មារតីចងចាំនៃការធ្វើអាណានិគមលើប្រទេសអាល់ហ្សេរី និងសង្គ្រាម បានដាក់ជូននូវអ្វីៗ ដែលលោកបានស្វែងរកឃើញ។
របាយការណ៍របស់លោក Benjamin Stora បានស្នើឲ្យបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយការរំលោភបំពាន ដែលគេប្រព្រឹត្តនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
លោក Stora បានផ្តល់អនុសាសន៍ដល់លោកម៉ាក្រុងថា គណៈកម្មការចម្រុះ បារាំង-អាល់ហ្សេរី អាចឮសក្តីភាពពីប្រជាជន ដែលបានរងការឈឺចាប់នៅក្នុងអំឡុងសង្គ្រាម ដើម្បីឯករាជ្យរបស់អាល់ហ្សេរី និងការងារឆ្ពោះទៅរកការផ្សះផ្សាគ្នាឡើងវិញ៕