ក្រុងសេអ៊ូលៈ មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោកឧត្តមសេនីយ៍ Robert Abrams បានទាត់ចោលកង្វល់ដែលថា ការកាត់បន្ថយសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងនឹងធ្វើឲ្យការត្រៀមរបស់ក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើងចុះខ្សោយ។
លោក Abrams បានថ្លែងនៅក្នុងអំឡុងការសម្ភាសពិសេសមួយជាមួយនឹង ទីភ្នាក់ងារព័ត៌មាន Yonhap News កាលពីថ្ងៃពុធថា៖ «លោក អ្នកអាចគេងលក់ពេញ ១ រាត្រី ដោយបានដឹងថា កងកម្លាំងរួម បានត្រៀមខ្លួនជាស្រេចហើយនោះ» ដោយបានធ្វើការវាយតម្លៃជាសាធារណៈលើកដំបូងរបស់លោកអំពីសមយុទ្ធ Dong Maeng ថ្មីដែលបានបញ្ចប់កាលពីថ្ងៃមុននោះ»។
លោក Abrams បានថ្លែងនៅការិយាល័យនៅក្រុងសេអ៊ូលថា៖ «គ្រប់មេដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធមិត្តយោធាកូរ៉េខាងត្បូងអាមេរិកបានប្តេជ្ញាយ៉ាងមុតមាំដើម្បីធានាថា កងកម្លាំងរបស់យើង ត្រៀមខ្លួនសម្រាប់តម្រូវការនានាដើម្បីដោះស្រាយវិបត្តិ ឬលទ្ធភាពនៃអរិភាពណាមួយនោះ»។
លោក បានបន្ថែមទៀតថា៖ «នោះគឺជាកាតព្វកិច្ចតែមួយគត់របស់យើង។ នោះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងបានយកចិត្តទុកដាក់លើបញ្ហានេះ ជាទីបំផុត។ យើងកំពុងធ្វើកិច្ចការដែល ចំាបាច់ដើម្បីធានាថា យើងមានកម្លាំងត្រៀមរួចជាស្រេច»។
កាលពីថ្ងៃអង្គារ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបញ្ចប់ការធ្វើសមយុទ្ធនៅប៉ុស្តិ៍បញ្ជាការ Dong Maeng រយៈពេល ១ សប្តាហ៍ ដែលជំនួសឲ្យសមយុទ្ធ Key Resolve ដែលតាមធម្មតា ២ សប្តាហ៍។ Dong Maeng គឺជាភាសាកូរ៉េសម្រាប់ក្រុមសម្ព័ន្ធមិត្ត។
ក្រុមសម្ព័ន្ធមិត្តបានបង្ហាញសមយុទ្ធនេះ ដែលត្រូវបានគេមើលឃើញថា សមយុទ្ធរយៈពេលខ្លី ជំនួសឲ្យសមយុទ្ធ Key Resolve ក្នុងគោលបំណងគាំទ្រដំណើរការការទូត ដើម្បីសន្តិភាពយូរអង្វែងនៅ ឧបទ្វីបកូរ៉េ៕ Yonhap/PSA