ក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ស៊ូហ៍ វុក បានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងការពារសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េឱ្យបានខ្លាំងក្លា ខណៈលោកបានប្រារព្ធខួបលើកទី១០ នៃការវាយប្រហារកាំភ្លើងធំរបស់កូរ៉េខាងជើងទៅលើកោះព្រំដែនកូរ៉េខាងត្បូងបណ្តាលឱ្យមនុស្សស្លាប់អស់យ៉ាងច្រើន។
ការបាញ់ផ្លោងកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១០ ទៅលើកោះយុនភីយុង (Yeonpyeong) ជាកោះខ្សែបន្ទាត់ព្រំដែនជួរមុខនៅជិតព្រំដែនសមុទ្រលឿង ដែលបានបើកការវាយប្រហារដំបូងរបស់កូរ៉េខាងជើង ទៅលើទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ហើយបានបង្កឱ្យទាហានជើងទឹក ២ នាក់ និងជនស៊ីវិល ២ នាក់ផ្សេងទៀតស្លាប់ នៅក្នុងការវាយប្រហារគ្នានៅទីនោះ។
លោក ស៊ូហ៍ វុក បានថ្លែងនៅក្នុងសុន្ទរកថារំឭកមួយ នៅក្នុងពិធីប្រារព្ធខួប ដែលបានរៀបចំធ្វើឡើងនៅបរិវេណបញ្ចុះសពទាហានជាតិ ១ កន្លែង នៅកណ្តាលទីក្រុងដៃជុន (Daejeon)ថា៖ «សន្តិភាពពិតប្រាកដ ត្រូវបានគាំទ្រដោយកងកម្លាំងដ៏ខ្លាំងក្លា»។ «យើងនឹងបង្កើតកងកម្លាំងការពារសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េឱ្យបានខ្លាំងក្លា ក្នុងគោលបំណងមិនមែន ដើម្បីឱ្យការឈឺចាប់អតីតកាលកើតឡើងច្រំដែលទៀតទេ»។
កងម៉ារីនថ្លែងថា ខ្លួននឹងប្រគល់កន្លែងដាក់កាំភ្លើងធំទៅឱ្យអង្គភាពយុនភីយុងប្រើប្រាស់ ដើម្បីវាយបកវិញជាការឆ្លើយតបនឹងការវាយប្រហាររបស់កូរ៉េខាងជើង៕ Yonhap/SK