បុរីញូវយ៉ក៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ អង់តូនីញ៉ូ ហ្គុយតឺរេស ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​អំពាវនាវ​សុំ​ឱ្យមាន​ការ​បន្ធូរ​បន្ថយ​បំណុល​សម្រាប់​ប្រទេស​ក្រីក្រ​ និង​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ ដើម្បី​ឱ្យ​ពួក​គេ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូវីដ ​១៩។


លោក ហ្គុយតឺរេស​ បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​កាណាដា ​ចាស្ទីន​ ទ្រូដូ ​និង​នាយក​រដ្ឋមន្ត្រី​ ហ្សាម៉ាអ៊ីក ​អានដ្រូហូលណេស ​ក្រោយ​ពី​​ជំនួប​កម្រិត​ខ្ពស់​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា​ គំនិត​ផ្តួច​ផ្តើម​ព្យួរ​សេវា​បំណុល​ (នៃ​ក្រុម​ប្រទេស​ចំនួន ​២០) ​នឹង​ត្រូវ​បន្ត​ហើយ​ទំហំ​នៃ​ការ​ព្យួរ​នេះ ​បន្ត​ផ្តល់​ទៅ​ឲ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រាក់​ចំណូល​មធ្យម​ដែល​កំពុង​ត្រូវ​ការ​ជា​ចាំបាច់។ ​វិស័យ​ឯកជន​ដែល​មាន​ទីភ្នាក់ងារ​ឥណទាន​ជា​ច្រើន​ ត្រូវ​ចូលរួម​ក្នុង​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​បំណុល​នេះ​ផង​ដែរ​»។

លោក​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​មាន​ការ​ផ្តល់​ធនធាន​​មួយ​ចំនួន​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ធនាគារ​ពិភព​លោក​ (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​ពហុជាតិ​ដទៃ​ទៀត​ទាំង​ការ​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់ ឬ​ធនធាន​នៃ​ហិរញ្ញប្បទាន​សម្បទាន​ដែល​សំខាន់​សម្រាប់​ប្រទេស​ដែល​កំពុង​ត្រូវ​ការ​បំផុត​នោះ​។


លោក​ ហ្គុយតឺរេស​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​មាន​ធនធាន​ ដើម្បី​វិនិយោគ​ទៅ​លើ​ការ​បង្កើត​ការងារ​ធ្វើ​ឲ្យ​ការ​អប់រំ​ និង​អាជីវកម្ម​នានា ដំណើរការ​ឡើង​វិញ​ និង​បញ្ចូល​ថវិកា​របស់​ពួក​គេ​ទៅ​ក្នុង​គោល​បំណង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​​រីក​ចម្រើន​ទៅ​មុខ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ កាន់​តែ​បៃតង​ឡើង​ និង​ប្រសើរ​ឡើង។


លោក​ អង់តូនីញ៉ូ ហ្គុយតឺរេស បាន​ថ្លែង​ឲ្យ​ដឹង​ថា ​សហគមន៍​អន្តរជាតិ​ក៏​គួរ​តែ​បង្កើន​ធនធាន​ដែល​អាច​ផ្តល់​ដល់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុង​នោះ តាម​រយៈការ​បែងចែក​នៃ​សិទ្ធិ​ទទួល​បាន​មូលនិធិ​ពិសេស​ថ្មី​ និង​ការ​បែងចែក​សិទ្ធិ​ទទួល​បាន​មូលនិធិ​ដែល​មាន​ស្រាប់។


លោក​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​រួម​គ្នា ​ដើម្បី​​ផ្តល់​ប្រាក់ ​៣៥ ​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​កម្មវិធី​ ACT-Accelerator ​ជា​កិច្ច​សហការ​សកល​ដឹកនាំ​ដោយ​អង្គការ​សុខភាពពិភព​លោក (WHO) ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​កូវីដ ​១៩​ បង្កើត​ថ្នាំ​ព្យាបាល ​និង​វ៉ាក់សាំង។ នៅ​ក្នុង​ចំណោម​ទឹក​ប្រាក់​ទាំង​នោះ ​ប្រាក់​ចំនួន ​១៥ ​ពាន់​លាន​ដុល្លារ ត្រូវ​ការ​បន្ទាន់​ដើម្បី​ចាប់​ផ្តើម​កម្មវិធី​នេះ​។

លោក​ ហ្គុយតឺរេស បាន​ថ្លែង​បញ្ជាក់​ថា​ រហូត​មក​ទល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ជាង ៣៣ លាន​នាក់ ​និង​មនុស្ស​ជាង ១ លាន​នាក់ ​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ទូទាំង​ពិភព​លោក​៕ Xinhua/PSA