ក្រុងបាងកក៖ រដ្ឋាភិបាលថៃកាលពីថ្ងៃពុធបានថ្លែងការពារគម្រោងកម្ចីប្រាក់របស់ខ្លួនប្រហែល ១ ពាន់ពាន់លានបាត ដើម្បីជួយប្រជាជនដែលប៉ះពាល់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងកែលម្អប្រព័ន្ធហិរញ្ញវត្ថុ និងស្តារសន្តិសុខសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចាន-អូចា បានថ្លែងថា៖ «ខ្ញុំបានទាមទារឲ្យមានគម្រោងប្រាក់កម្ចីនេះ វានឹងមិនប៉ះពាល់ដល់បំណុលសាធារណៈរបស់ប្រទេសទេ និងរដ្ឋាភិបាលអនុវត្តតាមច្បាប់បំណុលសាធារណៈ និងវិន័យហិរញ្ញវត្ថុ»។
លោក ប្រាយុធ ចាន-អូចា បានថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំសភាកាលពីថ្ងៃពុធ ដែលជាថ្ងៃដំបូងនៃកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃស្តីពីក្រឹត្យ ៣ របស់រដ្ឋាភិបាលបានតម្រូវឲ្យគាំទ្រគម្រោងយុវនិតិសម្បទាជំងឺកូវីដ ១៩ របស់ខ្លួន។
ពួកគេបានបញ្ចូលក្រឹត្យមួយ ដើម្បីផ្តល់សិទ្ធិទៅឲ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់ប្រហែល ១ ពាន់ពាន់លានបាត ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមដោយសារផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ហើយក្រឹត្យមួយអនុញ្ញាតឲ្យរដ្ឋាភិបាលផ្តល់ជំនួយហិរញ្ញប្បទានទៅឲ្យក្រុមអ្នកប្រតិបត្តិការអាជីវកម្មដែលបានរងផលប៉ះពាល់ដោយសារការផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណា និងក្រឹត្យមួយទៀត ធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាព និងស្តារសន្តិសុខសេដ្ឋកិច្ចឡើងវិញ។
លោក ប្រាយុធ ចាន-អូចា បានថ្លែងថា សូម្បីតែនៅពេលដែលការរាប់ចំនួនប្រាក់កម្ចីថ្មីនេះ ប្រាក់កម្ចីសាធារណៈ នឹងឈានដល់ចំនួនត្រឹមតែ ៥៧,៦ ភាគរយតែប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលនៅតែស្ថិតនៅក្រោម ៦០ ភាគរយ។ លោក ប្រាយុធ ចាន-អូចា បានថ្លែងថា៖ «រដ្ឋាភិបាលពិតណាស់ នឹងអាចមានសមត្ថភាពរៀបចំ និងសងបំណុលទាំងនេះវិញ ហើយជាថ្មីម្តងទៀត ខ្ញុំបានទាមទារឲ្យចេញក្រឹត្យទាំងនេះ ជាបន្ទាន់ និងមិនអាចខានបាន»។
លោក ប្រាយុធ បានថ្លែងថា គម្រោងប្រាក់កម្ចីលម្អិតមួយត្រូវបានអនុម័ត ដែលតម្រូវឲ្យមានកិច្ចសន្យាកម្ចីទាំងអស់ ត្រូវបានចុះហត្ថលេខា ដោយមិនឲ្យហួសពីថ្ងៃទី ៣០ ខែកញ្ញាឆ្នាំក្រោយនេះ។ គោលការណ៍ណែនាំជាច្រើនស្តីពីការចំណាយថវិកានោះ ត្រូវបានព្រាង ដើម្បីធានាឲ្យមានវិន័យល្អអនុវត្តយ៉ាងត្រឹមត្រូវ។
លោក ប្រាយុធ បានថ្លែងថា រួមជាមួយប្រភពជាច្រើនផ្សេងទៀតនៃថវិកានេះ ទឹកប្រាក់ប្រហែល ៤៥ ពាន់លានបាត នឹងត្រូវផ្តល់ទៅឲ្យមន្ទីរពេទ្យ និងការងារសុខាភិបាលសាធារណៈទាក់ទងការទប់ស្កាត់ជំងឺកូវីដ ១៩ និង ៥៥៥ ពាន់លានបាត ត្រូវផ្តល់ជំនួយដល់កសិករ និងក្រុមអ្នកប្រតិបត្តិការអាជីវកម្ម៕ BKP/SK