ក្រុង​បាងកកៈ​ ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា​ ​តាម​ការ​រាយការណ៍​​ លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន់​-អូចា ​បាន​ឯកភាព​រក្សា​កូតា​តំណែង​រដ្ឋមន្ត្រី​​ដែល​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ​(PPRP) បាន​សន្យា​ផ្តល់​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ និង​បក្ស​ភូមិ​ចៃ​ថៃ​។​


ប្រភព​យោធា​នោះ​ បាន​​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ-ចាន់​-អូ​ចា ​បាន​អញ្ជើញ​គ្រប់​គណបក្ស​ចម្រុះ​ទាំង​អស់ ​ដើម្បី​ចូលរួម​ពិធី​ស្តាប់​ព្រះ​រាជ​ឱង្កា​ត្រាស់​បង្គាប់​តែងតាំង​លោក ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ​​ ដែល​បាន​គ្រោង​រៀបចំ​ធ្វើ​ឡើង កាល​ថ្ងៃ​អង្គារ​ នៅ​វិមាន​រដ្ឋាភិបាល​។​

ប្រភព​យោធាដ​ដែល​ បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​កោះ​ហៅ​លោក​ អានុធិន ឆាន-វីរ៉ាក់​គុល ​ជា​មេ​ដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ​ ដែល​កាល​ពី​ថ្ងៃ​ចន្ទ​លោក ​បាន​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស ​កម្ពុជា​ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​បាងកក​វិញ​កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ​។​


លោក ប្រាយុធ (ស្តាំ​ទី២​) ​មក​ដល់​ដើម្បី​ចូល​ជំនួប​គណៈរដ្ឋមន្ត្រី​មុន​ពិធី​តែងតាំង​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ។ AFP


ប្រភព​នោះ ​បាន​បន្ត​​ថា ​ជម្លោះ​ជុំវិញ​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​នៅ​ក្នុង​ចំណោម​ក្រុម​ដៃ​គូ​ចម្រុះ​របស់​គណបក្ស​ផាឡាំ​ប្រាឆារ៉ាត់​ ត្រូវ​បាន​បញ្ចប់ ​ហើយ​ថា​ គណបក្ស​ភូមិ​ចៃ​ថៃ​ទំនង​ជា​គ្រប់គ្រង​ក្រសួង​ដឹកជញ្ជូន​ជាមួយ​លោក​ សាក់ សៃយ៉ាំ ឈិតឆប ​ជា​ប្អូន​ប្រុស​របស់​លោក​ នេវិន-ឈិតឆប ​ជា​មេ​ដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ​ ដែល​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​។​


តាម​ការ​រាយការណ៍ ​ក្រុម​ប្រឆាំង​សម្ព័ន្ធមិត្ត​ទាំង ​៣ ​របស់​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ មាន​​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​បែង​ចែក​តំណែង​នោះ​ ខណៈ​ខ្លួន​ចង់​ទាមទារ​យក​ក្រសួង​កសិកម្ម​ និង​ដឹក​ជញ្ជូន​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​ភូមិ​ចៃ​ថៃ​មក​វិញ​នោះ​។​

ចំណែក​ឯឧបនាយក​រដ្ឋមន្ត្រី​លោក​ ស៊ុមឃិត ចាតុស៊្រីភីថាក់ ​បាន​បញ្ជាក់​ថា​ ការ​បង្កើត​រដ្ឋាភិបាល​ គឺ​ជា​តួនាទី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ និង​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ ត្រូវ​ផ្តល់​យោបល់​ឲ្យ​ក្រុម​បេក្ខជន​ទាំង​អស់​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ​ នៅ​ចំ​ពេល​របាយការណ៍​កន្លង​មក​ បាន​រាយការណ៍​អំពី​ជម្លោះ​យ៉ាង​ខ្លាំង​ក្លា​ជុំវិញ​មុខ​​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​។​

លោក​ ស៊ុមឃិត​ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​​ដៃ​ស្តាំ​របស់​លោក ​ប្រាយុធ ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច​បាន​ថ្លែង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​​​សម្រេច​ចុង​ក្រោយ​​ក្នុង​ការ​បែងចែក​តួនាទី​ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​៕ BKP/SK