ក្រុង​សា​ណាៈ ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មាន​ផ្ទុះ​គ្រាប់​នៅ​ក្បែរ​សាលារៀន ​២ ​នៅ​ក្នុង​រដ្ឋធានី​យេម៉ែន​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ បាន​បណ្តាល​ឲ្យ​ក្មេង​ ​១៤ ​នាក់​ស្លាប់​ និង ​១៦ ​នាក់​រង​របួស​ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ផ្ទុះ​​កាល​ពី​ចុង​សប្តាហ៍​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​​។


យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​មូលនិធិ​កុមារ​អង្គការ​សហប្រជាជាតិ ​(UNICEF)​​និង​ប្រេសិត​ពិសេស​ អ.ស.ប ​ប្រចាំ​នៅ​យេម៉ែន​ បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​ក្មេង​ដែល​ស្លាប់​នៅ​ក្នុង​ស្រុក​ Saewan ​នៃ​ក្រុង​នេះ គឺ​ជា​ក្មេង​ស្រី​ដែល​មាន​អាយុ​ក្រោម​ ៩ ​ឆ្នាំ​។​


ក្មេង​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន បាន​ចោទ​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូឌីត ​ដែល​គាំទ្រ​រដ្ឋាភិបាល​​ថា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​​ផ្លូវ​អាកាស។


ក្រុម​ចម្រុះ​បាន​បដិសេធ​ថា ​មិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​រដ្ឋធានី​យេម៉ែន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ។


ប្រមុខ​ UNICEF​ ប្រចំា​នៅ​មជ្ឈិមបូព៌ា​ និង​អាហ្រ្វិក​​ខាង​ជើង ​លោក​ Geert Cappelaere ​ បាន​ថ្លែង​ថា៖ ​«ការ​ផ្ទុះ​គ្រាប់​នៅ​ក្នុង​ក្រុង​សាណា​នៅ​ក្នុង​សប្តាហ៍​នេះ ​បាន​បណ្តាល​ឲ្យ​ក្មេង ​១៤ ​នាក់​ស្លាប់ ​និង ​១៦ ​នាក់​រង​របួស​ធ្ងន់។ ​នេះ​គឺ​ជា​អ្វី​ដែល​ UNICEF ​អាច​ផ្ទៀងផ្ទាត់​បាន​ ដោយ​ចំនួន​ក្មេង​ដែល​ស្លាប់​ និង​រង​របួស​​ ​​​ទំនង​ជា​កើន​ឡើង​ថែម​ទៀត​។


ជិត​ដល់​ពេល​បាយ​ថ្ងៃ​ត្រង់ ​និង​មាន​សិស្ស​នៅ​ក្នុង​ថ្នាក់​ពេញ ​ការ​ផ្ទុះ​គ្រាប់​នោះ ​បាន​ធ្វើ​ឲ្យ​បង្អួច​សាលា​រៀន​ខ្ទាត​រប៉ាត់រប៉ាយ​ ហើយ​អំបែង​គ្រាប់​ដែល​​​ផ្ទុះ​​ និង​បំណែក​​កញ្ចក់​ខ្ទាត​ចូល​ក្នុង​បន្ទប់​រៀន​៕ AFP/PSA