ថ្ងៃ​បុណ្យ ​Thanks Giving ​គឺ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​អាមេរិក​សម្រាក​ពី​ការងារ​ ដើម្បី​ជួប​ជុំ​គ្រួសារ​ និង​ជប់​លៀង​ហូប​អាហារ​រួម​គ្នា​នៅ​ចុង​ខែ​វិច្ឆិកា ​ជាង​រៀងរាល់​ឆ្នាំ។​ តែ​សម្រាប់ ឆ្នាំ ​២០២០ ​នេះ ពលរដ្ឋ​អាមេរិក​រាប់​លាន​គ្រួសារ​ត្រូវ​រំពឹង​លើ​សប្បុរសជន​ ដើម្បី​មាន​អាហារ​ហូប​ចុក​នៅ​ថ្ងៃ​បុណ្យ​នេះ​ បន្ទាប់​ពី​ការ​កើន​ឡើង​នៃ​ការ​បាត់បង់​ការងារ ​និង​ការ​បាត់បង់​ប្រាក់​ចំណូល​ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ ​COVID-19។


របាយការណ៍​នៃ​ការ​ស្ទង់មតិ​ដោយ​ការិយាល័យ​ជំរឿន​អាមេរិក​ពី​ចុង​ខែ​តុលា​ ដល់​ដើម​ខែ​វិច្ឆិកា ​បាន​បង្ហាញ​ថា​ មាន​តិច​ជាង​ពាក់​កណ្ដាល​នៃ​គ្រួសារ​អាមេរិក ​ដែល​មាន​កូន​​បាន​ឆ្លើយ​ថា ពួក​គេ ​«មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​» ថា​នឹង​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ​សម្រាប់​ខែ​ក្រោយ។ ប្រមាណ ​៥,៦ ​លាន​គ្រួសារ ​បាន​ឆ្លើយ​ថា ​ពួក​គេ​មាន​ការ​លំបាក​ក្នុង​ទិញ​អាហារ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។


របាយការណ៍​ដដែល​បង្ហាញ​ថា​ គ្រួសារ​​ដែល​មិន​មែន​ជា​ជនជាតិ​ស្បែក​ស ​គឺ​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ ដោយ​គ្រួសារ​ជនជាតិ​ស្បែក​ខ្មៅ​ប្រមាណ ​២៧% ​និង​គ្រួសារ​ជនជាតិ​ឡាតីន​ប្រមាណ ​២៣% បាន​ឆ្លើយ​ថា ​ពួក​គេ​មិន​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ក្នុង​ពេល​ខ្លះ​ ឬ​ជា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ បើ​ប្រៀបធៀប​នឹង​គ្រួសារ​ស្បែក​ស ប្រមាណ ​១២% ​ដែល​ឆ្លើយ​បែប​នេះ។


អ្នក​វិភាគ​មួយ​ចំនួន​បាន​ប្រៀបធៀប​ស្ថិតិ​ឆ្នាំ​នេះ​ទៅ​នឹង​ស្ថិតិ​ពី​ឆ្នាំ ២០១៩ ​ដែល​បាន​បង្ហាញ​ថា ​ភាព​អត់ឃ្លាន​ក្នុង​គ្រួសារ​ដែល​មាន​កូន បាន​កើន​ឡើង ៣ ដង ​និង​អសន្តិសុខ​ស្បៀង​បាន​កើន​ឡើង​ទ្វេដង​។ កាល​ពី​ខែ​កញ្ញា សភា​អាមេរិក​បាន​អនុម័ត​បញ្ចេញ​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ចំនួន ២,២ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ និង​ជួយ​គាំទ្រ​កម្មវិធី​ចែកចាយ​អាហារ។​ តែ​ឥទ្ធិពល​នៃ​ថវិកា​នេះ​ គឺ​មាន​អាយុ​កាល​ខ្លី ហើយ​ថវិកា​ភាគ​ច្រើន ​បាន​ប្រើ​អស់​នៅ​ចុង​ខែកញ្ញា​។


បញ្ហាភាព​អត់​ឃ្លាន​បច្ចុប្បន្ន​ក៏​អាច​នឹង​ពិបាក​ជាង​មុន​ ខណៈពេល​ដែល​ករណី​ COVID-19 ស្ទុះ​ឡើង​ម្ដង​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​ទីក្រុង​ និង​រដ្ឋ​មួយ​ចំនួន​ត្រៀម​បិទការ​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​គេហដ្ឋាន។​ ពល​រដ្ឋអាមេរិក​ជា​ច្រើន ស្លន់ស្លោ​ដណ្ដើម​គ្នា​ប្រមូល​ទិញ​​យក​ម្ហូបអាហារ​ និង​ផលិតផល​​ផ្សេងៗ​ស្តុកទុក​ជា​ថ្មី ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់។​


ផ្សារ​ធំៗ​ដូច​ជា ​Walmart, Kroger, Publix, និង H-E-B បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​កង្វះអាហារ​ និង​ផលិតផល​ប្រើប្រាស់​ដូច​កាល​ពី​ខែ​មីនា។ ផ្សារ​ទាំង​នេះ​បាន​សម្រេច​​ធ្វើ​ការ​កំណត់​ចំនួន​អាហារ​ និង​ផលិតផល​ដូច​ជា​សាច់​គ្រឿង​កំប៉ុង​ម្ហូប​អាហារ​​ និង​ក្រដាស​អនាម័យ​ដែល​អាច​ទិញ​ដោយ​ភ្ញៀវ ​១​ រូប​ ដើម្បី​ធានា​ថា​ មាន​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​ទាំង​អស់។ គេ​រំពឹង​ថា​ ផ្សារ​ទាំង​នេះ​បាន​ត្រៀម​ខ្លួន​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​ការ​សម្រុក​មក​ទិញ​របស់​ពលរដ្ឋ​៕