ក្រុងដាក្កាៈ​ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​មនុស្ស​យ៉ាង​តិច ​១ ​ម៊ឺន​នាក់ ​គ្មាន​ផ្ទះ​សំបែង​​ ក្រោយ​ពី​ភ្លើង​ឆេះ​តំបន់​អនាធិបតេយ្យ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​កកកុញ​នៅ​ក្នុង​រដ្ឋធានី​បង់ក្លាដែស ​និង​បាន​បំផ្លាញ​ផ្ទះ​ខ្ទម​រខេករខាក​អស់​រាប់​ពាន់​ខ្នង។


មន្ត្រី​សេវា​ពន្លត់​អគ្គិភ័យ​ លោក​ Ershad Hossain ​បាន​ថ្លែង​ប្រាប់​ AFP ​ថា ភ្លើង​នោះ​បាន​ឆាប​ឆេះ​នៅ​ក្នុង​សង្កាត់​ Mirpur ​នៃ​ក្រុង​ដាក្កា​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ​និង​​ឆេះ​ផ្ទះ​ខ្ទម​ប្រហែល​ចំនួន​ ២ ​ពាន់​ខ្នង​។


លោក Abdul Hamid ​មាន​វ័យ ​៥៨ ​ឆ្នាំ​ ដែល​បាន​បើក​តូប​លក់​តែ​មួយ​នៅ​ក្នុង​តំបន់​ដែល​ភ្លើង​ឆាបឆេះ​នោះ​ បាន​និយាយ​ប្រាប់ ​AFP ​​ថា​៖ «​ខ្ញុំ​មិន​អាច​ស្តារ​មុខ​របរ​មួយ​នេះ​បាន​ទេ​។ ខ្ញុំ​មិន​ដឹង​ថា ​អ្វី​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​តទៅ​ទៀត​នោះ​ទេ​»។


ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​នៅ​ទី​បញ្ចប់​ក្រុម​អាជ្ញាធរ​បាន​គ្រប់គ្រង​ភ្លើង​នោះ​បាន​ទាំង​ស្រុង​ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់ បាន​​ស្លាប់​ទេ ​ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​ស្រាល​ក្តី​​។​​


អ្នក​ស្រុក​ជា​ច្រើន​នៅ​តំបន់ ជា​កម្មករ​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ មាន​ប្រាក់​ចំណូល​ទាប ​មិន​បាន​នៅ​ក្នុង​តំបន់​មាន​ភ្លើង​ឆេះ​នោះ​ទេ​ ដោយសារ​ពួក​គេ​ចាកចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ ​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​មូស្លីម​ Eid al-Adha ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។


អធិការ​ប៉ូលិស​តំបន់​លោក​ Golam Rabbani ​បាន​និយាយ​ថា៖ ​«​អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​»៕ AFP/PSA