មនុស្ស​រាប់​ពាន់​នាក់ ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​​សកម្មជន​គាំទ្រ​ឯករាជ្យ​​នៅ​ឥណ្ឌូនេស៊ី

Content image - Phnom Penh Post
អ្នក​តវ៉ា​​ឡើងទៅ​តាម​ដងផ្លូវ​​​ដើម្បី​ប្រឈម​​ជាមួយ​ប៉ូលិស​ឥណ្ឌូនេស៊ីកាលពីថ្ងៃទី​១៩សីហា​។

ក្រុង​ម៉ាណូក្វារីៈ ​អំពើ​កុបកម្ម​បាន​ផ្ទុះ​ឡើង​ និង​អគារ​សភា​តំបន់​មួយ​ ត្រូវ​បាន​ដុត​ឆេះ​នៅ​ក្នុង​ខេត្ត​ប៉ាពួ ​នៃ​ប្រទេស ​ឥណ្ឌូនេស៊ី ​ខណៈ​មនុស្ស​រាប់​ពាន់​នាក់ ​​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​សកម្មជន​និស្សិត​​​​គាំទ្រ​ឯករាជ្យ​កាល​ពី​ចុង​សប្តាហ៍​មុន​។

អ្នក​កាសែត​ AFP ម្នាក់​នៅ​កន្លែង​កើត​ហេតុ ​បាន​ប៉ាន់​ប្រមាណ​ថា​ អ្នក​តវ៉ា​រាប់​ពាន់​នាក់​ បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​នៃ​ក្រុង​ម៉ាណូក្វារី​ជា​រដ្ឋ​នៃ​ខេត្ត​ប៉ាពួ​ខាង​លិច​ ដោយ​បាន​នាំ​ឲ្យ​ក្រុង​ដែល​មាន​ប្រជាជន​ ​១៣ ​ម៊ឺន​នាក់​នេះ ​ជាប់​គាំង។
អ្នក​តវ៉ា​ខ្លះ​បាន​ដុត​ហាង​ និង​រថយន្ត​ វាយ​កម្ទេច​ស្លាក​សញ្ញា​នៅ​តាម​ដង​ផ្លូវ ​និង​គប់​ដុំ​ថ្ម​ទៅ​លើ​អគារ​រដ្ឋាភិបាល​។​

អភិបាល​រង​ខេត្ត​ប៉ាពួ​ខាង​លិច​ លោក​ Mohamad Lakotani​ បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Kompas TVថា៖ ​«​​អគារ​សភា ​ត្រូវ​ភ្លើង​ឆេះ»។

លោក​បាន​បន្ថែម​ថា៖ ​«ទីប្រជុំជន​ផ្សារ​ កំពង់ផែ ​និង​ហាង​​លក់​ទំនិញ​ជា​ច្រើន​ត្រូវ​រង​ផល​ប៉ះពាល់។ ​សកម្មភាព​ទាំង​អស់​​ត្រូវ​ជាប់​គាំង​ទាំង​ស្រុង»។ ​

ប៉ូលិស​បាន​និយាយ​ថា ​មន្ត្រី​ប៉ូលិស ​៣ ​នាក់​ បាន​រង​របួស​ដោយសារ​ក្រុម​អ្នក​តវ៉ា​គប់​ដុំ​ថ្ម​ហើយ​ភ្លាមៗ​នោះ​ ​​មិន​មាន​ការ​បញ្ជាក់​ថា​ មាន​បាតុករ​ណា​ត្រូវ​រង​របួស​នោះ​ទេ​។

Content image - Phnom Penh Post
ក្រុម​​​​អ្នកតវ៉ា​​​កំពុង​ប្រឈមជាមួយប៉ូលិសដែលប្រដាប់ដោយ​ឧបករណ៍​បង្ក្រា​បកុបកម្ម​​​។ AFP

ក្រុម​អាជ្ញាធរ​បាន​បិទ​សាលា​រៀន​​​នៅ​​ថ្ងៃ​​តវ៉ា​នេះ​ដែរ​។

ខេត្ត​ប៉ាពួ ​ដែល​ជា​កន្លែង​នៃ​ការ​បះបោរ​ជា​ច្រើន​ទសវត្សរ៍​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ឥណ្ឌូនេស៊ី​ មាន​ព្រំដែន​ជាមួយ​នឹង​ប្រទេស ​ប៉ាពួញូវ​ហ្គីណេ (PNG) ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស ​អូស្ត្រាលី​។​

អតីត​អាណានិគម​របស់ ប្រទេស ​ហូឡូង់ ខេត្ត​ប៉ាពួ​ បាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ ​១៩៦១​ ប៉ុន្តែ​ឥណ្ឌូនេស៊ី​នៅ​ជិត​ខាង​ បាន​គ្រប់គ្រង​តំបន់​សម្បូរ​ដោយ​ធនធាន​បន្ទាប់​ពី​ប្រជាមតិ​ឯករាជ្យ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ក្លែង​បន្លំ។

អំពើ​កុបកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​បង្ក​ឡើង​ ដោយ​របាយការណ៍​ដែល​ថា​ ក្រុម​អាជ្ញាធរ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​ចាប់​ខ្លួន​និស្សិត​សាកលវិទ្យាល័យ​ប៉ាពួ ​៤៣ ​នាក់ ​នៅ​ក្រុង ​Surabaya ជា​ក្រុង​ធំ​បំផុត​ទី២ ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ជា​ថ្ងៃ​ឯករាជ្យ​របស់​ប្រទេស ​ឥណ្ឌូនេស៊ី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​តំបន់ ​និង​ក្រុម​សកម្មជន​ប៉ាពួ​បាន​និយាយ​ថា​ ប៉ូលិស​ប្រដាប់​ដោយ​ឧបករណ៍​ប្រឆាំង​កុបកម្ម​​ បាន​សម្រុក​ចូល​ទៅ​ក្នុង​កន្លែង​ស្នាក់នៅ​របស់​និស្សិត ​និង​ប្រើ​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​ចាប់​ខ្លួន​និស្សិត​ដែល​បាន​​​បំផ្លាញ​ទង់ជាតិ​ឥណ្ឌូនេស៊ី​៕ AFP/PSA