ក្រុង​ស្រ៊ីណាហ្គារៈ ប្រភព​រដ្ឋាភិបាល​បាន​ប្រាប់​ AFP​ ថា ​មនុស្ស​រាប់​ពាន់​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​តំបន់​កាស្មៀរ​ នៃ​ប្រទេស ​ឥណ្ឌា ​ជុំវិញ​ការ​ភ័យ​ខ្លាច​ផ្ទុះ​ចលាចល​ក្រោយ​ពី​ក្រុង​ញូវដែលី​ដក​ស្វ័យភាព​របស់​ខ្លួន​ចេញ​​ពី​តំបន់​ដែល​កំពុង​មាន​​​ភាព​ជ្រួល​ច្របល់​នោះ​។


ចៅក្រម​ម្នាក់​ដែល​ថ្លែង​មក​កាន់​ AFP ​ក្នុង​លក្ខខណ្ឌ​អនាមិក​នោះ ​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច ​៤ ​ពាន់​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​នៅ​ក្រោម​ច្បាប់​សុវត្ថិភាព​សាធារណៈ ​(PSA) ​ជា​ច្បាប់​មួយ​ដ៏​ចម្រូងចម្រាស​ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចាប់​មនុស្ស​ណា​ម្នាក់ ​ដាក់​គុក​រហូត​ដល់ ​២ ​ឆ្នាំ ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ ឬ​កាត់​ទោស​ឡើយ។


ចៅក្រម​រូប​នោះ​បាន​បន្ត​ថា៖ ​«​ពួក​គេ​ភាគ​ច្រើន​ត្រូវ​ដឹក​តាម​យន្តហោះ​ចេញ​ពី​តំបន់​កាស្មៀរ​ ដោយសារ​ពន្ធនាគារ​នៅ​ទី​នេះ​ពេញ​រក​កន្លែង​ដាក់​មនុស្ស​មិន​បាន​»។​


លោក​​បាន​បន្ថែម​ថា​ លោក​ប្រើប្រាស់​ទូរស័ព្ទ​តាម​ប្រព័ន្ធ​ផ្កាយរណប​ ដើម្បី​ទំនាក់​ទំនង​ប្រមូល​តួលេខ​ពី​អ្នក​ធ្វើ​ការ​ជាមួយ​ទៅ​ទូទាំង​ដែនដី​ហិមាល័យ ​ស្រប​ពេល​មាន​ការ​ផ្តាច់​ទំនាក់ទំនង​ ដែល​កំណត់​ដោយ​ក្រុម​អាជ្ញាធរ​។


ក្រុម​អាជ្ញាធរ​បាន​បដិសេធ​មិន​ផ្តល់​ចំនួន​សរុប​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​ផ្នែក​នៃ​ការ​អះអាង​ថា ​អ្នក​នយោបាយ​ក្នុង​តំបន់​ជាង ​១០០ ​នាក់ ​សកម្មជន និង​បញ្ញវន្ត​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ​ក្រោយ​ពី​រដ្ឋ​នេះ​ត្រូវ​បាន​ដក​ឋានៈ​ពាក់​កណ្តាល​ស្វយ័ត​របស់​ខ្លួន​នោះ​។​


ពួក​គេ​បាន​និយាយ​ថា ​ការ​ចាប់​មនុស្ស​ឃុំ​ខ្លួន ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចៀស​វាង​ការ​រំលោភ​បំពាន​សន្តិភាព​នៅ​ក្នុង​តំបន់ ​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ការ​បះបោរ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​រយៈពេល ​៣ ​ទសវត្សរ៍​៕ AFP/PSA