ក្រុង​កូឡុំបូ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (DMC) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​មនុស្ស​ជាង​ ​១៥ ពាន់​នាក់​ ត្រូវ​រង​ប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស ​ស្រីលង្កា​ ខណៈ​អ្នក​ស្លាប់ ​៦ ​នាក់​ត្រូវ​គេ​រាយការណ៍។


មនុស្ស ​៤ នាក់​ស្លាប់​ ត្រូវ​បាន​គេ​រាយការណ៍​មក​ពី​ស្រុក​ Nuwera Eliya ​នៅ​តំបន់​ភ្នំ​ភាគ​កណ្តាល​ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​រង​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ និង​ខ្យល់​បោកបក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​​។ ​​​​


មនុស្ស​ជាង ​៩០០ ​នាក់ ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​ ខណៈ​ដែល​ផ្ទះ​ជាង ​៣៥០ ​ខ្នង​ ត្រូវ​​បំផ្លាញ​ទាំង​ស្រុង​ ឬ​ជា​ចំណែកៗ​នោះ​។


ការ​ព្រមាន​ពី​ការ​បាក់​ដី ​ក៏​នៅ​តែ​ជា​ធរមាន​នៅ​ក្នុង​តំបន់​ខ្លះ​នៅ​ក្នុង​នោះ​មាន​តំបន់​រ៉ាត់ណាពួរ៉ា ​នៅ​ក្នុង​ប្រទេស ​​ស្រីលង្កា​ភាគ​កណ្តាល​ និង​ខាង​ត្បូង​ និង​​ប្រជាជន​ជា​ច្រើន​គ្រួសារ​ ដែល​រស់​នៅ​តំបន់​ដែល​ងាយ​ទទួល​រង​ការ​បាក់​ដី​នោះ ​ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​នៅ​កន្លែង​មាន​សុវត្ថិភាព។ ​​​


លោក​ប្រធានាធិបតី​ស្រីលង្កា​ ហ្គោតាបាយ៉ា ​រ៉ាចាផាកសា​ កាល​ពី​ថ្ងៃ​ចន្ទ​​បាន​ណែនាំ​ឲ្យ​ក្រុម​មន្ត្រី​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព​ និង​សុខុមាលភាព​របស់​ប្រជាជន​ដែល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ និង​បាក់​ដី៕ Xinhua/PSA