មន្ទីរ​បញ្ចកោណ​ថា ​ខ្លួន​មិន​អនុញ្ញាត​​ឲ្យ​មាន​​​កិច្ច​ប្រតិបត្តិការ​របស់​តួកគី ​នៅ​ស៊ីរី​ភាគ​ខាង​ជើង​ទេ​

Content image - Phnom Penh Post
លោក​ ដូណាល់ ត្រាំ (ស្តាំ)​ ជួបពិភាក្សា​​ជាមួយលោក​​ រ៉េ​សិប តៃយីប អេ​រ​ដូហ្គែន​​។ រូបថត AFP

ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មន្ទីរ​បញ្ចកោណ​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រតិបតិ្តការ​របស់​តួកគី​នៅ​ប្រទេស ​ស៊ីរី​ភាគ​ខាង​ជើង ​ទេ ​ដោយ​ព្រមាន​ក្រុង​អង់ការ៉ា​អំពី​លទ្ធភាព​នៃ​ការ​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​ថា៖ ​«ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ចំពោះ​តួកគី​យ៉ាង​ច្បាស់​ថា ​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ​របស់​តួកគី​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ភាគ​ខាង​ជើង ​ទេ​»។​

សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ Mark Esper ​និង​ប្រធាន​សេនាធិការ​ចម្រុះ​លោក​ Mark Milley ​បាន​ក្រើន​រំឭក​សមភាគី​តួកគី​របស់​ពួក​គេ​​ថា ​វិធានការ​ឯកតោ​ភាគី​នឹង​​​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ច្រើន​ដល់​ប្រទេស ​តួកគី​។ ​

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា៖ ​«យើង​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​សម្ព័ន្ធ​មិត្ត​ណាតូ​ និង​ក្រុម​ដៃ​គូ​ចម្រុះ​របស់​យើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លទ្ធភាព​បង្ក​ផលវិបាក​ជា​ច្រើន​នៃ​សកម្មភាព​ដ៏​មាន​សក្តានុពល​​ចំពោះ​ប្រទេស ​តួកគី ​ក្នុង​តំបន់ ​និង​ហួស​ពី​ទី​នេះ​ទៅ​ទៀត​នោះ»។

សេតវិមាន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ​តួកគី​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​លុក​នៅ​ស៊ីរី​ភាគ​ខាង​ជើង​នៅ​ពេល​ឆាប់ៗ​នេះ​ ចំណែក​កង​​កម្លាំង​របស់​អាមេរិក​នឹង​ដក​ចេញ​ពី​តំបន់​នោះ​ភ្លាមៗ​ដែរ​។​
លោក​​ ​ត្រាំ ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ការ​ពារការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​ស៊ីរី​ភាគ​ខាង​ជើង​៕​ Xinhua/PSA