ម៉ូស្គូ៖ ការ​​ផប្តូរ​ទីតាំង​ដែល​ធ្លាប់​ជា​រោងចក្រ​ផលិត​រថយន្ត​នៅ​សម័យ​សូវៀត​ទៅ​ជា​កន្លែង​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​របស់​រុស្ស៊ី​ Sputnik V ​ប្រហែល​ជា​ងាយស្រួល​បន្តិច​។​


ប៉ុន្តែ​ការ​បង្កើតដូសវ៉ាក់សាំង​ឱ្យ​បានច្រើន​ ​ស្វែងរក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ និង​ឧបករណ៍​ផ្សេងៗ​ទៀត​ ប្រហែល​ជា​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ R-Pharm ​និង​ក្រុមហ៊ុន​ឯកជន​ផ្សេងទៀត​របស់​រុស្ស៊ី​កាន់​តែ​ឈឺ​ក្បាល​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ផលិត​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ឈាន​មុខគេ​។​


លោក​ប្រធានាធិបតី ​Vladimir Putin ​បាន​និយាយ​អំពី​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​កាល​ពី​ខែ​មីនា​ថា ​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ចំនួន​ ៧០០​ លាន​ដូស​ឱ្យ​បរទេស​។ ​


​ដូស​វ៉ាក់សាំង​ទាំងនោះ​ មាន​សារៈ​សំខាន់ណាស់​​ជា​ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ព្រោះ​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពហុ​ភាគី ​ដើម្បី​ផ្គត់ផ្គង់​ប្រទេស​ក្រីក្រ​បាន​ដួលរលំ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ហើយ​វា​ជា​ការ​អភិវឌ្ឍ​មួយ​ក្នុង​ការ​បើក​ទ្វារ​ទទួល​វ៉ាក់សាំង​​​ផលិត​ដោយ​រុស្ស៊ី ​និង​ចិន​។​


​ទោះយ៉ាងណា​ គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែ​ឧសភា ​រុស្ស៊ី​ផលិតវ៉ាក់​សាំង​បាន​ត្រឹម​តែ ៣៣ លាន​ដូស​ប៉ុណ្ណោះ​ ដោយ​បាន​នាំចេញ​មិន​ដល់​ ១៥ លាន​ដូស​នោះ​​ទេ​ នេះ​បើ​យោងតាម​របាយការណ៍​របស់​រ៉យទ័រ​ដែល​បាន​រាប់​វ៉ាក់សាំង​នីមួយៗ​ជា ​២ ដូស​។ ទិន្នផល​របស់​ប្រទេសរុស្ស៊ី​គឺ​ទាប​ជាង​រយ​លាន​ដង​ ដែល​ Pfizer​ និង​ AstraZeneca ​បាន​ផលិត​ជា​រៀងរាល់​ខែ។​


​ខណៈការ​ផលិត​វ៉ាក់សាំង​យឺត​ កាល​ពី​ចុង​ខែ​មេសា​ ​និយតករ​សុខាភិបាល​របស់​ប្រទេស​ប្រេស៊ីល​បាន​បដិសេធ​ការ​នាំ​ចូល​វ៉ាក់សាំង​ Sputnik V ​ដោយ​សំអា​ង​លើ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វា​។

ងាក​មក​វិញ​ មាន​មូលហេតុ​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​ពិបាក​ក្នុង​ការ​បង្កើត​ Sputnik V​ ​និង​បង្កើន​ចង្វាក់​ផលិត​កម្ម​។​ ​បញ្ហា​ទាំង​នេះ​ គឺ​ជា​ការ​ព្រមាន​មួយ​ដល់​គម្រោង​ផលិត​វ៉ាក់សាំង​ខ្នាតធំ​ រួម​ទាំង​ប្រទេស​ទាំង​អស់​ដែល​ពឹង​ផ្អែក​លើ​ទី​ក្រុង​ម៉ូស្គូ​ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​​ដល់​ពួក​គេ​ រួម​ទាំង​ឥណ្ឌា​ផង​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ R-Pharm ​​លោក​ ​Alexei Repik​ ​បាន​ប្រាប់​រ៉យទ័រ​ថា​៖​ «​ការ​ផលិត​វ៉ាក់សាំង​ត្រូវ​ចំណាយ​ពេល​ប្រហែល​ ​១​ ​ខែ​ ​ទៅ​១​ ​ខែ​កន្លះ​ ​ឬ​ច្រើន​ជាងនេះ​សម្រាប់​ខ្សែ​នីមួយ​ៗ បន្ទាប់​មក​យើង​ប្រៀបធៀប​លទ្ធផល​ទៅ​នឹង​គំរូ​យោង​។​ ​ប្រសិន​បើ​វា​ត្រូវ​គ្នា​ ​យើង​នឹង​មាន​សំណាង​ ​ប៉ុន្តែ​បើ​ផ្ទុយ​គ្នា​ យើង​នឹង​បង្ហូរ​របស់​ដែល​ផលិត​បាន​ចោល​»​។ ​

ក្រៅពីនេះ​ ក្រុមហ៊ុន​ក៏​ជួប​នឹង​បញ្ហា​កង្វះខាត​ជា​សកល​នៃ​បរិក្ខា​រ​និង​វត្ថុធាតុ​ដើម​។ដំបូង​ឡើយ​ R-Pharm ​កំពុង​ត្រៀម​ផលិត​វ៉ាក់សាំង​​ចំនួន ​១០ ​លាន​ដូស ​ក្នុង ១ ខែ​ ប៉ុន្តែ​មក​ដល់​ចុង​ខែ​មីនា ​នៅ​តែ​មិន​ទាន់​អាច​ផលិត​បាន​ ១​ លាន​ដូស​។​​ ខណៈ​ដែល​ដំណើរ​ការ​នៃ​ការ​លូតលាស់​កោសិកា​ បាន​ចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា​ ​រោងចក្រ​ថ្មី​របស់​ខ្លួន​មិន​ទាន់​បើក​ជា​ផ្លូវការ​ទេ​។

​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្សេង​ដែល​រ៉យទ័រ​បាន​ទាក់ទង​បាន​និយាយ​ថា​ វ៉ាក់សាំង​នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​ផលិត​ដោយ​សារ​ការ​រចនា​របស់​វា​ជា​វ៉ាក់សាំង​ដោយ​ប្រើប្រាស់វ៉ិចទ័រ​របស់​វីរុស​ ​Adenovirus​។​ វ៉ិចទ័រ​នេះ​ត្រូវ​បាន​កែប្រែ​ពី​វីរុស​ផ្តាសាយ​ធម្មតា​របស់​មនុស្ស​ដែល​ប្រើ​ដើម្បី​យក​ព័ត៌មាន​ហ៊្សែន​ទៅ​ក្នុង​ខ្លួន​ ទៅ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​។​

ក្រុម​អ្នក​ផលិត​វ៉ាក់សាំង​បាន​និយាយ​ថា​ ​មិន​ដូច​វ៉ាក់សាំង​ Adenovirus​ ​ដទៃ​ទៀត​ Sputnik V ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វ៉ិចទ័រ ២ ផ្សេង​គ្នា ​ដោយ​រយៈពេល​ផលិត​នៃ​ដូស​ទាំង​ពីរ​របស់​​វ៉ាក់សាំង​នេះ​ ​មាន​គម្លាត​ពី​គ្នា​ចន្លោះ​ ២១ ​ថ្ងៃ​ ហើយ​ដូស​ទី១​ ងាយស្រួល​ផលិត​ជាង​ដូស​ទី​២ ​។​

ប្រភព​ ២ ដែល​ស៊ាំ​នឹង​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំង​បាន​និយាយ​ថា​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ប្រទេស​រុស្ស៊ី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ AstraZeneca​ ​ដែល​បង្កើតវ៉ាក់សាំង​ដោយ​ប្រើ​វ៉ាក់សាំង​ ​adenovirus ​ខុសគ្នា​។ ជម្រើស​ ១ ទៀត​គឺ​ ​«​Sputnik​ Light​»​ ដែល​ជា​វ៉ាក់សាំង​សម្រាប់​ចាក់​តែ​មួយ​ដូស​ដោយ​ប្រើ​តែ​សមាស​ធាតុ​ទី១​ ប៉ុណ្ណោះ​។

​​យ៉ាង​ណា​មិញ​ ការ​ប្រញាប់ប្រញាល់​ជា​សកល​សម្រាប់​គ្រឿង​បរិក្ខារ​ ក៏​បាន​បង្កើន​ជា​បញ្ហា​ដល់​អ្នក​ផលិត​រុស្ស៊ី​ ហើយ​រោងចក្រ​ឱសថ​កំពុង​ផ្គត់ផ្គង់​ ក៏​មាន​កំណត់​នៅ​ក្នុង​ប្រទេស​នេះ​​។

​លោក​ VikramPunia ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Pharmasyntez​ ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​របស់​ខ្លួន​កំពុង​សុំ​សិទ្ធិ​ដើម្បី​ផលិត​វ៉ាក់សាំង​សម្រាប់​ចាក់​តែ​ ១ ​ដូស​។​

ចំណែក​ឯ​ក្រុមហ៊ុន​ Generium​ ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​ ​Sputnik V​ ​ធំ​ជាងគេ​បំផុត​​ បាន​រៀប​ចំ​ឡើង​វិញ​នូវ​រោងចក្រ​ដែល​មាន​ស្រាប់​របស់ខ្លួន​ ដើម្បី​ធ្វើ​ការ​លើ​វ៉ាក់សាំង​នេះ​ ​ក៏​ដូច​ជា​ ​Biocad​ ដែល​ជា​អ្នក​ផលិត​ដ៏​សំខាន់​ផ្សេង​ទៀត​តែ​មួយ​គត់​ដែរ​។​

​លើស​ពី​នេះ​ដើម្បី​ពង្រីក​ទិន្នផល​ ​រោងចក្រ​ថ្មីៗ​នឹង​ត្រូវ​ការ​។ ​កាល​ពី​ខែ​មីនា​ ​ក្រុមហ៊ុន​ Generium បាន​និយាយ​ថា​ ខ្លួន​កំពុង​សាងសង់​រោងចក្រ​មួយ​ដើម្បី​ផលិត​ ២០០ ​ទៅ​ ៣០០ ​លាន​ដូស​ក្នុង​មួយ​ឆ្នាំ​។​

បញ្ហា​ធំ​បំផុត​របស់​ក្រុមហ៊ុន​ ​Pharmasyntez​ ​គឺ​កង្វះ​បុគ្គលិក​ដែល​មាន​បទ​ពិសោធ​ផលិត​ដូស​ទី២ ​ដែល​បង្កើន​ភាព​តានតឹង​ដល់​បុគ្គលិក ​ដោយ​សារ​តែ​កន្លែង​ផលិត​ និង​ក្រុម​ដាច់​ដោយ​ឡែក ​ត្រូវ​ការ​ជា​ចាំ​បាច់​​។

លោក ​Punia​ បាន​និយាយ​ថា​៖​ ​«​យើង​អាច​ទិញ​ឧបករណ៍ ​យើង​អាច​សាង​សង់​រោងចក្រ​។​ ប៉ុន្តែ​នៅ​ក្នុង​ជីវ​បច្ចេកវិទ្យា​អ្នក​ដែល​មាន​សមត្ថភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ តែ​មិនមាន​ពួក​គេ​ច្រើន​នោះ​ទេ​»​៕

ហួន ឌីណា