ក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជិះសេះសទៅទស្សនកិច្ចភ្នំ Paekdu ជាភ្នំដែលមានកំពូលខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ ដែលត្រូវបានចាត់ទុកជាកន្លែងកំណើតឪពុករបស់លោក ដោយបានរិះគន់អាមេរិក និងអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងជឿទុកចិត្តខ្លួនឯងថែមទៀត ដើម្បីធ្វើឲ្យទណ្ឌកម្មទាំងនោះបរាជ័យ។
លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចភ្នំនេះ ដែលត្រូវបានចាត់ទុកជាកន្លែងមួយក្នុងចំណោមកន្លែងស័ក្តិសិទ្ធិបំផុតនៅឧបទ្វីបនេះ មុននឹងមានការសម្រេចចិត្តលើផ្នែកនយោបាយ ឬការទូត និងព្រឹត្តិការណ៍ផ្សេងៗ ហើយទស្សនកិច្ចថ្មីបំផុតនេះបាននាំឲ្យមានការរំពឹងទុកថានឹងមានការសម្រេចចិត្តធំមួយទៀត អាចនឹងកើតឡើង នៅពេលខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ «បានឡើងភ្នំ Paekdu ដោយជិះសេះស ១ ក្បាល ដើរកាត់ព្រិលជាលើកដំបូង» ដោយបានបញ្ចេញរូបថតជាច្រើនសន្លឹករបស់លោកដែលជិះសេះឡើងភ្នំគ្របដណ្តប់ដោយព្រិលនោះ។
លោកក៏បានទៅទស្សនកិច្ចតំបន់ទេសចរណ៍ពិសេសមួយ ដែលកំពុងត្រូវបានសាងសង់នៅក្នុងតំបន់ Samjiyon នៅជាប់នឹងជើងភ្នំនេះនិងបានរិះគន់អាមេរិកចំពោះការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងនឹងប្រទេសកុម្មុយនីស្តមួយនេះ។
លោកគីម ជុងអ៊ុន បានថ្លែងថា៖ «ស្ថានការណ៍នៃប្រទេសនេះ កំពុងជួបការលំបាក ដោយសារទណ្ឌកម្ម និងសម្ពាធឥតឈប់ឈរបស់កម្លាំងអារិភាព និងមានការលំបាក និងបញ្ហាជាច្រើនទៀតដែលយើងកំពុងប្រឈម»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងដូច្នេះ។
«ការឈឺចាប់ដែលកម្លាំងអារិភាពដឹកនាំដោយអាមេរិកប្រឆាំង DPRK បង្កមកលើប្រជាជនកូរ៉េនោះលែងឈឺចាប់ទៀតហើយ ប៉ុន្តែវាបានក្លាយទៅជាកំហឹងរបស់ពួកគេទៅវិញ»។
DPRK តំណាងឲ្យឈ្មោះផ្លូវការរបស់ប្រទេស កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
លោកបានថ្លែងថា៖ «នៅពេលណាក៏ដោយឲ្យតែសត្រូវទាំងនោះ ព្យាយាមធ្វើឲ្យយើងថប់ដង្ហើមដោយសារសម្ពាធជាបន្តបន្ទាប់នោះ ប្រទេសនេះ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីរស់នៅឲ្យបានល្អ នៅក្រោមបដាមួយថា ស្មារតីនៃការជឿទុកចិត្តខ្លួនឯងដ៏អស្ចារ្យ ដើម្បីធ្វើឲ្យសត្រូវទាំងនោះ ទទួលរងការឈឺចាប់ឥតស្រាកស្រាន្ត»។
លោកក៏បានអបអរសាទរ និងសម្តែងការដឹងគុណដល់កម្មករសំណង់ចំពោះការសាងសង់ក្រុងនៅតំបន់ភ្នំជាគំរូដោយគ្មានអ្វីប្រៀបផ្ទឹមនៅក្នុងពិភពលោក នៅពេលដែលប្រទេស កូរ៉េខាងជើង បានប្រឈមនឹងការលំបាក និងបទពិសោធគ្រប់ប្រភេទ នៅពេលវេលាដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកម្មករទាំងអស់បញ្ចប់ការសាងសង់នៅក្នុងប្រទេសនៅត្រឹមថ្ងៃខួបទី ៧៥ នៃការបង្កើតគណបក្ស ដែលកំពុងគ្រប់គ្រងប្រទេសនេះ៕ Yonhap/PSA