ប្រទេស​ចិន ​បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល​មួយ​ស្ដីពី​ការ​បង្កើត​ផែនការ​រយៈពេល ​៥ ឆ្នាំ ​លើកទី​១៤ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃចន្ទ ​ទី ២៦​ ខែ​តុលា។ កិច្ច​ប្រជុំ​កំពូល​នេះ​ធ្វើ ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី ស៊ី ជីនភីង​ រួម​នឹង​មន្ដ្រី​គ្រាក់ៗ​របស់​ចិន​ជា​ច្រើន​រូប​ទៀត​ ដែល​មាន​រយៈពេល ៤ ថ្ងៃ​ គឺ​ពី​ថ្ងៃ ២៦ ​រហូត​ដល់​ថ្ងៃទី ២៩​ ខែតុលា។


នៅ​ក្នុង​សុន្ទរកថា​ លោក ស៊ី ​ជីនភីង​ បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​ចិន ​ត្រូវ​តែ​មាន​ភាព​ជា​ខ្លួន​ទីពឹង​ខ្លួន​បន្ថែម​ទៀត ដោយ​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ក្នុង​ស្រុក​កែ​លម្អ​បរិស្ថាន ​និង​ផ្តោត​លើ​អ្វី​ដែល​លោក​ហៅ​ថា «យុទ្ធសាស្រ្ត​វិលជុំ»។ «យុទ្ធសាស្រ្ត​វិលជុំ» មាន​គោល​បំណង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើប្រាស់​ក្នុង​ស្រុក ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ ខណៈ​ពេល​ដែល​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យភាព ជាមួយ​នឹង​ពាណិជ្ជកម្ម ​និង​ការវិនិយោគ​បរទេស។


ជាមួយ​គ្នា​នេះ​ផែនការ​រយៈពេល ​៥ ឆ្នាំ លើកទី១៤ គឺ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​ដ៏​ធំ ដែល​ចិន​នឹង​ត្រូវ​គ្រប់គ្រង​ពី​ឆ្នាំ ២០២១ ​ដល់​ឆ្នាំ​ ២០២៥ ហើយ​គណៈកម្មាធិការ​ក៏​នឹង​រៀបចំ “ចក្ខុវិស័យ” សម្រាប់​ឆ្នាំ ​២០៣៥ ជា​ផែនការ​រយៈពេល​វែង​ដែល​លោក ស៊ី ជីនភីង​ បាន​កំណត់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ទំនើប​ភាវូបនីយកម្ម​សង្គម​ផង​ដែរ។ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រយៈពេល ​៤ ថ្ងៃ​ របស់​គណៈកម្មាធិការ​កណ្ដាល ​សេចក្ដី​សម្រេច​រួម ១ នឹង​ត្រូវ​ប្រកាស។


លោក Richard McGregor សមាជិក​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Lowy ក្នុង​ទីក្រុង​ស៊ីដនី ដែល​ផ្តោតលើ​ការងារ​ផ្ទៃ​ក្នុង​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​និយាយ​ថា ផែនការ ​៥ ឆ្នាំ​បន្ទាប់​របស់​ចិន​ទំនង​ជា​ផ្តោត​លើ​ការ​ជំរុញ​របស់​លោក ​ស៊ី ​សម្រាប់ «ខ្លួន​ទីពឹង​ខ្លួន» ដែល​ជា​បំណង​របស់​ទីក្រុង​ប៉េកាំង ដើម្បី​កម្រិតការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត។


លោក Zhang Yansheng ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​អន្តរជាតិ (China Centre for International Economic Exchanges) ដែល​ជា​អ្នក​ជំនាញ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា គោលដៅ​របស់​ផែនការ​រយៈពេល ៥ ឆ្នាំ ​លើក​ទី១៤ នឹង​រួម​មាន​គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ការ​ច្នៃ​ប្រឌិត​ ការ​កែ​ទម្រង់​ស្ថាប័ន ​និង​ការ​កសាង​កម្រិត​ខ្ពស់​នៃ​ចង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម។


លោកស្រី Yue Su សេដ្ឋវិទូ​សំខាន់​នៅ​អង្គភាព​ស៊ើបការណ៍​សេដ្ឋកិច្ច (EIU)​ វិញ ​រំពឹង​ថា​ ផែនការ​រយៈពេល ៥ ឆ្នាំ​នេះ​ នឹង​សង្កត់​ធ្ងន់​លើ​ការ​គាំទ្រ​សម្រាប់​បច្ចេកវិទ្យា​ដូចជា​ឧបករណ៍​អេឡិចត្រូនិក។ លោកស្រី​ក៏​រំពឹង​ផង​ដែរ​ថា ផែនការ​នេះ ​នឹង​ពិភាក្សា​ពី​ការ​ពង្រឹង​ភាព​ធន់​នឹង​សន្តិសុខ​ថាមពល ជា​ជាង​ពឹង​ផ្អែក​លើ​ការ​នាំចូល​ប្រេង និង​ធានា​សន្តិសុខ​ស្បៀង ​នៅ​ពេល​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​ធ្វើ​កសិកម្ម និង​កង្វះ​សាច់​ជ្រូក​ដែល​ជា​អាហារ​ចម្បង​នៅ​ក្នុង​គ្រួសារ​ចិន។

ជាង​នេះ​ទៅ​ទៀត លោកស្រី​ Su ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ទៀត​ថា ផ្អែក​តាម​ផែនការ​រយៈពេល ​៥ ឆ្នាំ ប្រទេស​ចិន ​នឹង​រក​វិធី​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រួម​ទាំង​លុប​ចោល​ការ​កំណត់​ចំនួន​កូន​ដែល​គ្រួសារ​នីមួយៗ ​អាច​មាន​ផង​ដែរ។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​កណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​ជាង ​២០០ ​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រតិភូ​បក្ស​នៅ​ក្នុង​សមាជជាតិ​រៀងរាល់ ៥ ​ឆ្នាំ​ម្តង។ សេចក្ដី​ព្រាង​ផែនការ ​៥ ឆ្នាំ ដែល​បាន​ដាក់​ចេញ​នូវ​គោលដៅ​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់ៗ​រយៈពេល​ខ្លី ហើយ​នឹង​គោល​បំណង​រយៈពេល​វែង​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​ខាង​មុខ ហើយ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ខែ​មីនា​ ឆ្នាំ​ក្រោយ​ដោយ​សភា​ប្រជាជន​ជាតិ​ជា​ស្ថាប័ន​នីតិប្បញ្ញត្ដិ​កំពូល​របស់​ប្រទេស​ចិន។

ជា​ការ​កត់​សម្គាល់ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​មាន​សម្ទុះ​យឺត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​កំណើន​បំណុល។

យោង​តាម​ផែនការ​រយៈពេល ៥ ឆ្នាំ​ លើក​ទី១៣ ដែល​បាន​គូស​បញ្ជាក់​អំពី​អាទិភាព​របស់​រដ្ឋាភិបាល​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២០ ប្រទេស​ចិន ​បាន​ផ្លាស់ប្តូរ​ការ​ពឹង​ផ្អែក​បន្ថែម​ទៀត​ទៅ​លើ​ការ​ប្រើប្រាស់​សម្រាប់​កំណើន ​ជាជាង​ការ​នាំចេញ។

កាល​ពី​ថ្ងៃទី ១៣​ ខែតុលា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ ២០២១ ដល់ ៥,២% ដោយ​មាន​ការ​រំពឹង​ទុក​នូវ​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ «យូរ ​និង​មិន​ស្មើ​គ្នា» ក្រោយ​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩។

ប៉ុន្ដែ​កាល​ពី​ថ្ងៃទី ១៨ ខែ​តុលា រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា សេដ្ឋកិច្ច​របស់​ចិន​បាន​កើន​ឡើង ៤,៩% នៅ​ចន្លោះ​ខែ​កក្កដា​ និង​កញ្ញា​ ក្នុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​បាន​ឃើញ​លទ្ធផល​ធ្លាក់​ចុះ។

កាល​ពី​ខែ​មុន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សារដ្ឋ​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ចិន​នឹង​វ៉ា​ដាច់​សហគមន៍​អឺរ៉ុប​ក្នុង​រយៈពេល ៧ ឆ្នាំ ​ហើយ​នឹង​វ៉ាដាច់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ​២០៣២៕

សុខ ស្រីលុច