ក្រុង​ការ៉ា​កាសៈ ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​លោក​ Juan Guaido ​កាល​ពី​ថ្ងៃ​ពុធ​បាន​ចាត់​វិធានការ​មួយ​ទៀត​ក្នុង​កិច្ច​ប្រឹងប្រែង​ជា​​អន្តរជាតិ​ដើម្បី​ផ្តាច់​សេដ្ឋកិច្ច​របស់​​របប​​លោក​ប្រធានាធិបតី ​នីកូឡាស ​ម៉ាឌូរ៉ូ ​ដោយ​បាន​ប្រកាស​តែងតាំង​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​សម្រាប់​ក្រុមហ៊ុន​ Citgo ជា​សាខា​ក្រុមហ៊ុន​​ប្រេង​ PDVSA ​របស់​រដ្ឋ​មាន​មូលដ្ឋាន​នៅ​អាមេរិក។​​


លោក Guaido ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រធានាធិបតី​ស្តីទី​ដោយ​ប្រទេស​ជាង ​៥០​ ក៏​បាន​ដឹកនាំ​ការ​ប្រជុំ​សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ ដែល​បាន​តែងតាំង​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី ​បាន​ជាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​លោក ​ម៉ាឌូរ៉ូ ​ដើម្បី​គ្រប់គ្រង​ប្រទេស​ញាំញី​ដោយ​វិបត្តិ​នេះ​។ ​​

អាមេរិក​ដែល​កំពុង​ដឹកនាំ​ជំរុញ​ឲ្យ​ផ្តួល​រំលំ​លោក ​ម៉ាឌូរ៉ូ ​បាន​ដាក់​ទណ្ឌកម្ម​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​របស់​របប​នេះ​នៅ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ Citgo និង​កាល​ពី​ថ្ងៃ​ពុធ​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​បាន​បដិសេធ​ការ​ទាត់​ចោល​សកម្មភាព​យោធា​ប្រឆាំង​នឹង​មេ​ដឹកនាំ​ឆ្វេង​និយម​នេះ​​។


ដោយ​បាន​ធ្វើ​​ការ​ប្រកាស​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​មាន​សមាជិក ​៦ ​រូប​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​នោះ លោក​ Guaido ​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​ភិបាល​នេះ​នឹង​ត្រូវ​មាន​សមាសភាព​ពលរដ្ឋ​វ៉េណស៊ុយអេឡា​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដែល​គ្មាន​អំពើ​ពុក​រលួយ​ និង​គ្មាន​ការ​ជាប់​ពាក់ព័ន្ធ​​នឹង​បក្ខ​ពួក​ណា​មួយ​ឡើយ​​។


លោក​ Guaido ដែល​បាន​ប្រកាស​ខ្លួន​លោក​ ជា​ប្រធានាធិបតី​ស្តីទី​ក្រោយ​ពី​លោក ​ម៉ាឌូរ៉ូ ​ដែល​កំពុង​កាន់​តំណែង​នោះ​បាន​ប្រកាស​​ពី​ជ័យ​ជម្នះ​ក្នុង ​ការ​បោះ​ឆ្នោត​ដែល​ក្រុម​ប្រឆាំង​បាន​និយាយ​ថា ​មាន​ការ​លួច​បន្លំ​សន្នឹក​ឆ្នោត​នោះ​បាន​ថ្លែង​ថា៖ ​«​ដោយ​មាន​ការ​សម្រេច​ចិត្ត​នេះ ​ យើង​នឹង​មិន​គ្រាន់​តែ​​ការពារ​ទ្រព្យ​សម្បត្តិ​របស់​យើង​ទេ ​យើង​កំពុង​បញ្ចៀស​ការ​បំផ្លិច​បំផ្លាញ​ និង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​ខាត​បង់​»។


មេ​ដឹកនាំបក្សប្រឆាំង​​ លោក Juan Guaido ថ​តសែលហ្វី​​ជាមួយក្រុមអ្នក​គាំទ្រ​ដើម្បី​ដាក់សម្ពាធយោធា​​។ AFP

ក្រុម​ប្រឹក្សា​ភិបាល​មុន ​ត្រូវ​បាន​តែងតាំង​ដោយ​លោក ​ម៉ាឌូរ៉ូ ​ដែល​នាំ​ឲ្យ​​វ៉េណេស៊ុយអេឡា ​ជួប​វិបត្តិ​សេដ្ឋកិច្ច​។

ប្រទេស​នេះ​កំពុង​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ខណៈ​ដែល​មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​វត្ថុ​ប្រើប្រាស់​​ចំាបាច់​ជា​មូលដ្ឋាន​ ដូច​ជា​ស្បៀង​អាហារ ​និង​ថ្នាំ​ពេទ្យ។

វ៉េណេស៊ុយអេឡា​ រក​បាន​ចំណូល ​៩៦ ​ភាគរយ​ពី​ប្រេង​ប៉ុន្តែ​ផលិតកម្ម​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​រយៈ​ពេល​ ៣០ ឆ្នាំ​គឺ ​១,១ ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ។

អាមេរិក​ គឺ​ជា​អតិថិជន​ធំ​បំផុត​របស់​ខ្លួន​ ដែល​បាន​ទិញ​ប្រេង​ជិត​ពាក់​កណ្តាល​នៃ​ផលិតកម្ម​របស់​ខ្លួន ​ដែល​នេះ តំណាង​ឲ្យ​ ៧៥ ​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ប្រទេស​ញាំញី​ដោយ​វិបត្តិ​នេះ៕ AFP/PSA

ក្រុម​អ្នកគាំទ្រលោក នី​កូឡាស ម៉ាឌូរ៉ូ ចូលរួមទិវា​​យុវ​ជន​នៅ​ទីលាន​ Bolivar ​នៅក្នុង​​ក្រុងកា​រ៉ាកាស​។ AFP