ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​បង្ហាញ​សាមគ្គីភាព​ប្រឆាំង​នឹង​ចិន បន្ទាប់ពី​មេដឹកនាំ​ទាំង​ពីររូប​បាន​ធ្វើ​កិច្ចប្រជុំ​ផ្ទាល់​មុខ​លើកដំបូង​នៅ​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ ទី ១៦ មេសា​នេះ។


មេដឹកនាំ​ទាំងពីរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមមួយ​បាន​លើកឡើង​ពី​ការព្រួយបារម្ភ​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​មួយចំនួន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​រួមមាន «សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់» ហើយ​បាន​ទទូច​ដល់​ប្រទេស​ចិន ដែល​មាន​ជម្លោះ​លើ​ការកាន់កាប់​កោះ​តៃវ៉ាន់​ឱ្យ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី។


សេចក្ដី​ថ្លែងការណ៍​រួម​នេះ គឺជា​លើកដំបូង​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​អំពី​បញ្ហា​កោះ​តៃវ៉ាន់​ចាប់តាំងពី​សេចក្ដី​ថ្លែងការណ៍​រួម​ឆ្នាំ ១៩៦៩ របស់​ប្រធានាធិបតី​អាមេរិក​លោក Richard Nixon និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Eisaku Sato។


ប្រទេស​ជប៉ុន​មាន​ការប្រុងប្រយ័ត្ន​ជាយូរ​មកហើយ​ក្នុង​ការគ្រប់គ្រង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ប្រទេស​ចិន​កុំឱ្យ​យ៉ាប់យ៉ឺន​ជាង​មុន ដោយ​ការរក្សា​តុល្យភាព​រវាង​ការព្រួយបារម្ភ​សន្តិសុខ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏ជ្រាលជ្រៅ​ជាមួយ​ក្រុង​ប៉េកាំង។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក Suga ប្រទេស​ជប៉ុន​បាន​ផ្ដោត​ទៅ​លើ​ការព្រួយបារម្ភ​សន្តិសុខ​ច្រើន​ជាង​មុន។


ក្នុង​សន្និសីទ​កាសែត​បន្ទាប់ពី​កិច្ចប្រជុំ​លោក Biden បាន​និយាយ៖ «ថ្ងៃនេះ​លោក​នាយក​រដ្ឋមន្ត្រី Suga និង​ខ្ញុំ​បាន​បញ្ជាក់​ពី​ការគាំទ្រ​របស់​យើង​ចំពោះ​សម្ព័ន្ធភាព​សហរដ្ឋអាមេរិក – ជប៉ុន​ និង​សន្តិសុខ​រួមគ្នា​របស់​យើង»។


លោក​បាន​បន្តទៀត​ថា៖ «យើង​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​ប្រទេស​ចិន និង​លើ​បញ្ហា​នានា​ដូចជា​សមុទ្រ​ចិន​ខាងកើត សមុទ្រ​ចិន​ខាងត្បូង​ក៏ដូចជា​កូរ៉េ​ខាង​ជើង ដើម្បី​ធានា​អនាគត​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បើកចំហ និង​សេរី»។

រីឯ​លោក Suga បាន​និយាយថា៖ «ខ្ញុំ​បដិសេធ​មិន​និយាយ​ពី​ព័ត៌មាន​លម្អិត​ទេ ព្រោះ​វា​ទាក់ទង​នឹង​ការទំនាក់ទំនង​ការទូត ប៉ុន្តែ​មាន​ការយល់ព្រម​ទទួលស្គាល់​រួចហើយ​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ រវាង​ជប៉ុន​ និង​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​បញ្ជាក់​សាជាថ្មី​ក្នុងឱកាស​នេះ»។

បញ្ហា​ផ្សេងទៀត​ដែល​ត្រូវបាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​ការកើនឡើង​នូវ​ចលនា​យោធា​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់ ការរឹតបន្តឹង​លើ​ហុងកុង និង​ការបង្ក្រាប​ទៅលើ​ជនជាតិ​មូស្លីមអ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង (Xinjiang)។ បើទោះជា​យ៉ាងនេះ​ក៏ដោយ មេដឹកនាំ​ទាំងពីរ​បានប្រកាស​ថា​ពួកគេ​មាន​គម្រោង​ធ្វើការ​ជាមួយ​ប្រទេស​ចិន​លើ «វិស័យ​ដែល​មាន​ផលប្រយោជន៍​រួម»។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​សៅរ៍ ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ទីក្រុង​ប៉េកាំង «ប្រឆាំង​ដាច់ខាត» ចំពោះ​សេចក្ដី​ថ្លែងការណ៍​រួម ហើយ​បញ្ហា​កោះ​តៃវ៉ាន់ ហុងកុង និង​ស៊ីនជាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្តទៀតថា​ការអត្ថាធិប្បាយ​របស់​មេដឹកនាំ​ទាំងពីរ​គឺ​បាន «ហួស​ពី​វិសាលភាព​នៃ​ការអភិវឌ្ឍ​ធម្មតា​នៃ​ទំនាក់ទំនង​ទ្វេភាគី» ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ភាគី​ទីបី ក៏ដូចជា​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា៖ «វា​ជា​រឿង​គួរឱ្យ​ហួសចិត្ត​ដែល​ការប៉ុនប៉ង​បង្កើត​ការបែងចែក​ និង​ការកសាង​ប្លុក​ប្រឆាំង​នឹង​ប្រទេស​ដទៃទៀត​ត្រូវ​បាន​ដាក់​នៅក្រោម​បដា សេរី​ និង​បើកចំហ»។

ការជួបប្រជុំ​នៅ​សេតវិមាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​យោធា​ចិន​បាន​បញ្ជូន​យន្តហោះ​ចំនួន ២៥ ដែល​រួមមាន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់ ទៅជិត​កោះ​តៃវ៉ាន់។

រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​ស្វាគមន៍​ការបង្ហាញ​ការគាំទ្រ​របស់​មេដឹកនាំ​អាមេរិក និង​ជប៉ុន ហើយ​បាន​ទាមទារ​ឱ្យ​ប្រទេស​ចិន​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុសត្រូវ។

អ្នកនាំពាក្យ​ខុទ្ទកាល័យ​ប្រធានាធិបតី​តៃវ៉ាន់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​សង្ឃឹមថា​អាជ្ញាធរ​ក្រុង​ប៉េកាំង​នឹង​បំពេញ​នូវ​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ដែលជា​ផ្នែក​មួយ​នៃ​ច្រក​សមុទ្រ​ និង​តំបន់​តៃវ៉ាន់ ហើយ​រួមគ្នា​រួមចំណែក​ធ្វើឱ្យ​មាន​ស្ថិរភាព និង​សុខុមាលភាព»៕