ក្រុង​អង់ការ៉ាៈ ​ក្រុម​មន្ត្រី ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ប៉ូលិស​តួកគី​បាន​ចាប់​ផ្តើម​វាយ​ឆ្មក់​នៅ​ទូទាំង​​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​មាន​បំណង​ចាប់​​ខ្លួន​បុគ្គលិក​យោធា​ជាង ​២០០ ​នាក់​ ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​​ជាប់​ពាក់ព័ន្ធ​​ជាមួយ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ ​២០១៦​ នៅ​ក្នុង​ការ​បន្ត​បង្ក្រាប ​១ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​មនុស្ស​រាប់​ពាន់​នាក់ ​បាន​ជាប់​ពន្ធនាគារ​។​


រដ្ឋអាជ្ញា​សាធារណៈ​នៃ​ក្រុង​អ៊ីស្តង់ប៊ុល​ បាន​ថ្លែង​ថា ​ខ្លួន​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​បុគ្គលិក​យោធា​មាន​តួនាទី​យ៉ាង​សកម្ម​ចំនួន ​១៧៦ ​នាក់​ នៅ​ក្នុង​នោះ​ មាន​វរសេនីយ៍ឯក​ម្នាក់ វរសេនីយ៍ត្រី ​៥ ​នាក់ ​និង​ក្រុម​អនុសេនីយ៍ទោ ​១០០ នាក់​ ចេញ​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ខុសៗ​គ្នា​ ជុំវិញ​​ការ​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​នឹង​ចលនា​របស់​លោក​ Fethullah ​Gulen ​បុព្វជិត​សាសនា​មូស្លីម​នោះ​។​

រដ្ឋាភិបាល​តួកគី​ ​ថ្លែង​ថា​ លោក​ Gulen ដែល​​គាំទ្រ​ដោយ​អាមេរិក​នោះ​ បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី ​រ៉េស៊ិប ​តៃយីប អេរដូហ្គែន មិន​បាន​សម្រេច​ ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​បដិសេធ​​ការ​ចោទ​ប្រកាន់​នោះ​យ៉ាង​ដាច់​អហង្ការ​។​


ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ ​Anadolu ​បាន​និយាយ​ថា​ រដ្ឋអាជ្ញា​សាធារណៈ​ក្រុង​អ៊ីស្មៀ​នៃ​តំបន់​ Aegean​ បាន​ចេញ​ដី​កា​ឲ្យ​ចាប់​ខ្លួន​​ជន​សង្ស័យ ​៣៥ ​នាក់​ ​ទាហាន​ ២០ ​នាក់ ​ស៊ីវិល ១០ នាក់៕ AFP/SK