រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាបានអំពាវនាវដល់មេដឹកនាំប្រទេសជាសមាជិកអាស៊ាន ដើម្បីចូលរួមក្នុងកិច្ចពិភាក្សារកដំណោះស្រាយវិបត្តិក្នុងប្រទេសនៅសប្ដាហ៍នេះ ហើយជំរុញឱ្យប្រទេសជិតខាងកុំទទួលស្គាល់មេដឹកនាំយោធាដែលដណ្ដើមអំណាចតាមរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំនេះ។
រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលទើបតែបង្កើតឡើងនៅថ្ងៃសុក្រ ទី ១៦ មេសាដោយមន្ត្រីជាប់ឆ្នោតនៃគណបក្សនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំជនជាតិភាគតិចមួយចំនួន បាននិយាយថា អាស៊ានមិនបានទាក់ទងមកពួកគេ ដើម្បីចូលរួមកិច្ចប្រជុំរកដំណោះស្រាយទេ។
រដ្ឋាភិបាល NUG បាននិយាយថា ពួកគេគឺជាអាជ្ញាធរស្របច្បាប់ ហើយបានអំពាវនាវឱ្យមានការទទួលស្គាល់ជាអន្តរជាតិ និងការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំអាស៊ានជំនួសមេដឹកនាំយោធា។
លោក Moe Zaw Oo អនុរដ្ឋមន្ត្រីក្រសួងការបរទេស NUG បាននិយាយថា អាស៊ានមិនគួរទទួលស្គាល់របបយោធានោះទេ។ លោកនិយាយថា៖ «ប្រសិនបើអាស៊ានកំពុងពិចារណាលើសកម្មភាពដែលទាក់ទងនឹងកិច្ចការរបស់មីយ៉ាន់ម៉ា ខ្ញុំចង់និយាយថា វានឹងមិនទទួលបានជោគជ័យទេ លើកលែងតែចរចាជាមួយ NUG ដែលត្រូវបានគាំទ្រដោយប្រជាជន និងមានភាពស្របច្បាប់ពេញលេញ»។
លោកបានបន្តថា៖ «វាជាការសំខាន់ណាស់ដែលក្រុមប្រឹក្សាយោធាមិនត្រូវបានទទួលស្គាល់។ នេះជាការចាំបាច់ត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន»។
សមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺកំពុងព្យាយាមស្វែងរកផ្លូវចេញពីវិបត្តិនយោបាយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាសមាជិកមីយ៉ាន់ម៉ា តាំងពីពេលដែលយោធាបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ។
តាំងពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបានបង្ហាញសញ្ញាតិចតួចក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាងដើម្បីរកដំណោះស្រាយ ប៉ុន្តែនៅក្នុងតម្រុយដំបូងនៃវឌ្ឍនភាពសម្រាប់អាស៊ាន អ្នកនាំពាក្យក្រសួងការបរទេសថៃកាលពីថ្ងៃសៅរ៍បានបញ្ជាក់ថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោកឧត្ដមសេនីយ៍ Min Aung Hlaing នឹងចូលរួមមហាសន្និបាតអាស៊ានពិសេសនៅថ្ងៃទី ២៤ មេសា នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សារកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស និងការជួបជាមួយមេដឹកនាំបរទេសលើកដំបូងរបស់លោកតាំងពេលពីលោកបានឡើងកាន់អំណាច។
បន្ទាប់ពីការទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាចមក ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងសភាពចលាចលយ៉ាងខ្លាំង ដោយមានការធ្វើបាតុកម្មប្រឆាំងរបបយោធា និងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខស្ទើរតែរាល់ថ្ងៃ។ បើយោងតាមក្រុមសកម្មជន «សហគមន៍ជំនួយសម្រាប់ក្រុមអ្នកទោសនយោបាយ» កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សចំនួន ៧៣៧ នាក់ក្នុងការបង្ក្រាបបាតុកម្មកន្លងមកនេះ។
អំពើហិង្សានេះបានធ្វើឱ្យមានការថ្កោលទោសពីបណ្តាប្រទេសលោកខាងលិច និងការរិះគន់ដែលមិនធ្លាប់មានពីមុនមកដោយសមាជិកអាស៊ានមួយចំនួន បើទោះបីជាមានគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សមាជិកផ្សេងទៀតក៏ដោយ។
យោធាបានការពារការធ្វើរដ្ឋប្រហាររបស់ខ្លួន ដោយចោទប្រកាន់ថា លទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកាគឺជាការក្លែងបន្លំ បើទោះបីជាគណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលការជំទាស់នេះក៏ដោយ។
រដ្ឋប្រហារនេះក៏បានបង្កឱ្យមានការកើនឡើងការប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ព្រំដែនភាគខាងជើង និងខាងកើតផងដែរ។
ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Mizzima បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ អ្នកប្រយុទ្ធមកពីកងទ័ពឯករាជ្យកាឈីន (KIA) បានវាយប្រហារមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងជើងដោយប្រើគ្រាប់រ៉ុកែ្កត តែ ១ គ្រាប់បានធ្លាក់ចំភូមិក្បែរនោះដែលបណ្ដាលឱ្យមនុស្សម្នាក់រងរបួស។
កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់មានការផ្ទុះគ្រាប់បែកតូចៗចំនួន ៣ គ្រាប់នៅទីក្រុងយ៉ាំងហ្គោន ដោយធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។ គ្មានភាគីណាមួយធ្វើការអះអាងទទួលខុសត្រូវពីការផ្ទុះនេះទេ ប៉ុន្តែយោធាបានចោទប្រកាន់ក្រុមបាតុករថា បានធ្វើការវាយប្រហារដោយគ្រាប់បែកនេះ។ ប៉ុស្តិ៍ទូរទស្សន៍យោធា Myawaddy បានផ្សាយរូបភាពមនុស្សចំនួន ៦ នាក់ដែលបានប្រកាសថា បុគ្គលទាំងនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានរកឃើញជាមួយនឹងអាវុធកែច្នៃ៕