ក្រុង​វ៉ា​ស៊ីន​តោនៈ​ ទូរ​ទស្សន៍​ CNN ​បាន​រាយ​ការណ៍​ថា​ គ្រាប់​បែក​ដែល​បាន​បណ្តាល​ឲ្យ​ក្មេង​៤០​នាក់​ស្លាប់ ​និង​១១​នាក់​ផ្សេង​ទៀត​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ ​អារ៉ាប៊ី ​សាអ៊ូឌីត​ ទៅ​លើ​រថ​យន្ត​ក្រុង​មួយ​គ្រឿង​នៅ​យេ​ម៉ែន​ភាគ​ខាង​ជើង​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម ​ត្រូវ​បាន​លក់​ដោយ​អាមេរិក​ នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​របស់​ក្រសួង​ការ​បរ​ទេស ​​​ជា​មួយ​ក្រុង​រីយ៉ាដ។


CNN ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​​ថា​ បំណែក​គ្រាប់​បែកជា​ច្រើន​ដែល​រូប​ភាព​ជា​ច្រើន​ត្រូវ​បាន​គេ​ថត​បាន​ភ្លាមៗ ​ក្រោយ​ពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​ខែ​នេះ​ បាន​បង្ហាញ​ថា ​គ្រាប់​នោះ​គឺ​គ្រាប់​បែក​ Mk 82​​ ត្រូវ​បាន​ផលិត​ដោយ​អ្នក​ម៉ៅ​ការ​ការ​​ពារ​ជាតិ​លោក​ Lockheed Martin​។

អតីត​ប្រធានា​ធិបតី​លោក​បារ៉ាក់​អូបាម៉ា​ បាន​ហាម​មិនឲ្យ​លក់​អាវុធ​ទៅ​អារ៉ាប៊ី​ សាអ៊ូឌីត​ទេ ​ក្រោយ​ពី​ប្រទេស​នេះ​ បាន​ប្រើ​គ្រាប់​បែក​ស្រដៀង​គ្នា​នេះ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៦​​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៤០​នាក់​ស្លាប់​នៅ​ពិធី​បុណ្យ​សព​មួយ​ក្នុង​រដ្ឋ​ធានី​​សាណា​ ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​។​


ប៉ុន្តែ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ​ បាន​លុប​ចោល​បម្រាម​នោះ​ ក្រោយ​ពី​លោក​ ឡើង​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ​២០១៧​៕ PSA