ក្រុង​ស៊ី​ដនីៈ ​ទូរទស្សន៍​ ABC​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​អូស្ត្រាលី ​កំពុង​​មាន​​គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​មួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​របស់​ខ្លួន​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​អាមេរិក​ដាក់​​ពង្រាយ​​ទាហាន​ម៉ារីន​​ ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការ​កើន​ឡើង​នូវ​វត្តមាន​យោធា​ចិន​នៅ​ក្នុង​តំបន់​។​


ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​របស់​​ប្រទេស អូស្ត្រាលី​ បាន​ដក​ស្រង់​សម្តី​​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ការពារ​ជាតិ​ចម្រុះ​ ដោយ​ថ្លែង​ថា​ កំពង់ផែ​នោះ មាន​ចម្ងាយ​ប្រហែល ​៤០ គីឡូ​ម៉ែត្រ ​ពី​កំពង់ផែ ​Darwin​ ជា​រដ្ឋធានី​នៃ​​ទឹក​ដី​អូស្ត្រាលី​ភាគ​ខាង​ជើង​ ដែល​បាន​ចុះ​កិច្ច​សន្យា​ជួល​កំពង់ផែ​របស់​ខ្លួន​ទៅ​ឲ្យ​​ចិន​កាល​ពី​ឆ្នាំ ​២០១៥​។​


កំពង់ផែ ​Darwin​ មាន​ទីតាំង​យោធា​​ និង​បាន​ទទួល​ធ្វើ​​ជា​​ម្ចាស់​ផ្ទះ​នាវា​ទស្សនកិច្ច​ជា​ច្រើន​គ្រឿង​របស់​អាមេរិក​ ប៉ុន្តែ​ទូរទស្សន៍ ​ABC បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​កំពង់ផែ​ថ្មី​ នឹង​ផ្តល់​ភាព​​ងាយស្រួល​​​ដល់​​នាវា​ចម្បាំង​ធំៗ និង​មូលដ្ឋាន​កិច្ច​ប្រតិបត្តិការ​ទូលំទូលាយ​​។ ​


ទាហាន​ជើង​ទឹក​អូស្ត្រាលី​អំឡុង​​ពេល​ចូលរួម​សមយុទ្ធ​ជើង​ទឹក​ធំ​បំផុត​ ​ជាមួយ​សមភាគី​ស្រីលង្កា​នាពេល​កន្លង​ទៅ​។ AFP


ទាហាន​​ម៉ារីន​អាមេរិក​ជាង ​២ ០០០ នាក់​ បំពេញ​ការងារ​​ប្តូរ​វេន​គ្នា​យ៉ាង​ទៀង​ទាត់​​ឆ្លង​កាត់​​​​កំពង់ផែ​ Darwin ​ជា​ផ្នែក​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យោធា​យ៉ាង​ជិត​ស្និទ្ធ​រវាង​សម្ព័នមិត្ត​ទាំង ​២ ​នេះ​។​


ទាំង​ប្រទេស ​អូស្ត្រាលី​ និង​អាមេរិក​ បាន​កំពុង​ពង្រឹង​វត្តមាន​យោធា​របស់​ពួក​គេ​នៅ​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​​ ដើម្បី​ប្រឆាំង​វិធានការ​នានា​របស់​ប្រទេស ​ចិន ​ក្នុង​ការ​ទទួល​បាន​ឥទ្ធិពល​នៅ​ទូទាំង​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​ ជាពិសេស​តាមរយៈ​ការ​បង្កើត​មូលដ្ឋាន​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​លើ​​កោះ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​

ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ ​ក្រុង​វ៉ាស៊ីនតោន​ និង​កង់បេរ៉ា ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ប្រកាស​ផែនការ​សាងសង់​មូលដ្ឋាន​យោធា​រួម​នៅ​កោះ ​Manus ​នៃ​រដ្ឋ​​ប៉ាពួញូហ្គីណេ​របស់​ប្រទេស ​អូស្ត្រាលី ​ភាគ​ឦសាន​។​

លោក​ឧត្តម​សេនីយ៍ឯក Rechard Wilson (ឆ្វេង​) និង​លោក​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក Doug Crowder។ AFP

ទូរទស្សន៍​ ABC ​បាន​ឲ្យ​ដឹង​ទៀត​ថា កំពង់ផែ​អូស្ត្រាលី​ថ្មី​នៅ​តំបន់​ Glyde Point ​នៅ​ក្នុង​នោះ​ នឹង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត នោះ មាន​កន្លែង​ជា​ច្រើន​សម្រាប់​សកម្មភាព​យោធា​។ ​

ទូរទស្សន៍​ ABC​ បាន​រាយការណ៍​ទៀត​​ថា ​ការ​ប្រកាស​ពាក់ព័ន្ធ​ទៅ​នឹង​កំពង់ផែ​នោះ ​អាច​កើត​ឡើង​នៅ​ក្នុង​រយៈពេល ​២​-៣ ​សប្តាហ៍​ក្រោយ​ ស្រប​ពេល​​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា ​Talisman Sabre ​អាមេរិក-អូស្ត្រាលី​ នៅ​ពាក់​កណ្តាល ​ខែ​កក្កដា​ជា​រៀងរាល់​ឆ្នាំ។​

ស្ថាន​កុងស៊ុល​របស់​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ស៊ីដនី ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​អំពី​របាយការណ៍​របស់ ​ABC ​នោះ​ទេ​ ហើយ​ភ្លាមៗ​នោះ​ដែរ ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស ​អូស្ត្រាលី ​ក៏​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​ឲ្យ​​បកស្រាយ​ទាក់ទង​នឹង​ការ​សាងសង់​កំពង់ផែ​​នោះ​ទេ​៕ AFP/SK​