យោងតាមរបាយករណ៍យោធារបស់ប្រទេសអូស្រ្តាលី ចំពោះឧក្រិដ្ឋកម្មសង្គ្រាមបានរកឃើញភ័ស្តុតាង ដែលបង្ហាញថា ទាហានអូស្រ្តាលីបានសម្លាប់អ្នកទោសកសិករ និងជនស៊ីវិលជនជាតិអាហ្វហ្គានីស្ថានចំនួន ៣៩ នាក់ ដោយខុសច្បាប់។
មេបញ្ជាការកងកម្លាំងការពារជាតិអូស្ត្រាលី នាយឧត្តមសេនីយ៍ Angus Campbell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា តួលេខដ៏គួរឱ្យអាម៉ាស់នេះ រួមមានករណីសមាជិកល្បាតគុកថ្មីបានបាញ់សម្លាប់អ្នកទោសម្នាក់ ដើម្បីអនុវត្តការបាញ់កាំភ្លើងជាលើកដំបូងរបស់គេ ដែលគេហៅថា “ការបង្ហូរឈាម”។ បន្ទាប់មកទៀត ទាហាននឹងរៀបចំអាវុធដាក់សម្ដែង និងធ្វើជាផ្សាយតាមវិទ្យុថា អ្នកទោសត្រូវបានសត្រូវលួចបាញ់សម្លាប់តែម្ដង។
លោក Campbell បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា ការសម្លាប់ដោយខុសច្បាប់បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ ហើយកើតឡើងច្រើនបំផុតក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៣។ លោកបាននិយាយថា សមាជិកខ្លះក្នុងកងកម្លាំងពិសេស (Special Air Service) បានតម្កើង «វប្បធម៌មានតែឯង និងវប្បធម៌ច្បាំងគ្នា» ទៀតផង។
ឧត្តមសេនីយ៍ទោ Paul Brereton ចៅក្រម និងជាអ្នកការពារកងទ័ពបានស៊ើបអង្កេតលើករណីទាំងនេះអស់រយៈពេល ៤ ឆ្នាំ ដោយពិនិត្យទៅលើសំណើ និងការសម្ភាសសាក្សីជាង ៤០០ នាក់ និងពិនិត្យមើលឯកសាររាប់ពាន់ទំព័រទៀត។ លោក Brereton បានណែនាំឱ្យមានការស៊ើបអង្កេតទាហាន ១៩ នាក់ ដើម្បីធ្វើការផ្តន្ទាទោសលើករណីផ្សេងៗ រួមទាំងឃាតកម្មផងដែរ។
របាយការណ៍នេះ បានបង្ហាញថា ទាហានកងកម្លាំងពិសេស ២៥ នាក់ បានពាក់ព័ន្ធនឹងករណីសម្លាប់ដោយខុសច្បាប់ដោយផ្ទាល់ ឬ «ចូលដៃចូលជើង» ក្នុងឧប្បត្តិហេតុចំនួន ២៣ ដាច់ដោយឡែកពីគ្នា។ របាយការណ៍បានបន្តថា ឧប្បត្តិហេតុចំនួន ៣៦ នឹងត្រូវបានស៊ើបអង្កេត ដោយសហព័ន្ធប៉ូលិស។
ខាងអាហ្វហ្គានីស្ថានបាននិយាយថា អូស្រ្តាលីប្តេជ្ញា «ធានាស្វែងរកយុត្តិធម៌» មកឱ្យប្រទេសខ្លួនផងដែរ។ អ្នកស្រី Samantha Crompvoets អ្នកសិក្សាដែលបានធ្វើការស្រាវជ្រាវដំបូងចំពោះករណីនេះ បានប្រាប់សារព័ត៌មាន BBC ថា ពួកគេ (ប៉ូលិស) ធ្វើដោយ «ចេតនាម្តងហើយ ម្តងទៀត ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាមគោលដៅចំពោះពួកទាំងនោះ» អ្នកនាងមានអារម្មណ៍បែបនេះ នៅពេលដែលអានរបាយការណ៍នេះរួច។
លោក Campbell បាននិយាយថា គ្មានឧប្បត្តិហេតុណាមួយអាចត្រូវបានគេ «ពិពណ៌នាថា ជាការប្រយុទ្ធក្នុងសមរភូមិក្ដៅគគុកនោះទេ»។ លោកបាននិយាយថា៖ «គ្មាននរណាម្នាក់ ត្រូវបានគេចោទនៅក្នុងកាលៈទេសៈនេះទេ ព្រោះចេតនារបស់ជនដៃដល់មិនច្បាស់លាស់ ឬអាចនឹងមានការយល់ច្រឡំនៅឡើយ»។
កាលពីពាក់កណ្ដាលខែវិច្ឆិកា នាយករដ្ឋមន្រ្តីអូស្ត្រាលី Scott Morrison បានព្រមានថា របាយការណ៍នេះ គឺជា «ព័ត៌មានពិបាក និងជាការលំបាកមួយសម្រាប់អូស្រ្តាលី» នៅពេលឮព័ត៌មាន អំពីកងកម្លាំងពិសេសរបស់ប្រទេសខ្លួនធ្វើរឿងបែបនេះ។ លោកនិយាយថា៖ «នៅក្នុងក្រុមកងកម្លាំងការពារអូស្ត្រាលីនេះ វាគឺជាបរិបទ វាជាច្បាប់វាជាវប្បធម៌ ដែលតម្រូវឱ្យយើងដឹងអំពីរឿងឱ្យគ្រប់ជ្រុងជ្រោយ ហើយប្រសិនបើយើងចង់ប្រឈមនឹងការពិតនៃរឿងនេះយើងត្រូវតែប្រឈមនឹងការពិតនៃរឿងផ្សេងដែរ»។
យ៉ាងណាមិញ លោក Campbell បានសម្ដែងភាពសោកសៅថា៖ «ក្នុងនាមកងកម្លាំងការពារជាតិអូស្ត្រាលី ខ្ញុំសូមទោសចំពោះប្រជាជនអាហ្វហ្គានីស្ថានដោយភាពស្មោះត្រង់ និងសុំទោសចំពោះភាពគ្មានការទទួលខុស និងកំហុសខុសឆ្គងណាមួយរបស់ទាហានអូស្ត្រាលី»។
យោងតាមសារព័ត៌មាន Al Jazeera រាយការណ៍ពីទីក្រុង Canberra ខណៈដែលករណីព្រហ្មទណ្ឌខ្លះអាចចំណាយពេលរាប់ឆ្នាំ ដើម្បីដោះស្រាយកងកម្លាំងការពារជាតិអូស្ត្រាលី និងបង្កើតមូលនិធិ ដើម្បីផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ។
អ្នកស្រី Elaine Pearson ប្រធានអង្គការឃ្លាំមើលសិទិ្ធមនុស្សនៅអូស្រ្តាលីបាននិយាយថា៖ «ប្រជាជនអាហ្វហ្គានីស្ថានបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទម្រាំតែរបាយការណ៍នេះចេញមក។ ពួកគេមិនសមណារង់ចាំច្រើនឆ្នាំ ដើម្បីទទួលបានយុត្តិធម៌នោះទេ»។ អ្នកស្រីក៏បានអំពាវនាវឲ្យមាន «ការកាត់ទោសឲ្យបានរហ័ស និងដោយឯករាជ្យ» ចំពោះការសម្លាប់ដោយចេតនា និងឈាមត្រជាក់» នេះ។
គួរបញ្ជាក់ផងដែរថា កងទ័ពអូស្រ្តាលីប្រមាណ ១ ៥០០ នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ចំណែកឯសហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតចំពោះករណីឧក្រិដ្ឋកម្មសង្គ្រាមដែលអាចនឹងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ ក្រោយពេលតុលាការអូស្ត្រាលីអនុញ្ញាតឱ្យមានការស៊ើបអង្កេតមួយកាលពីដើមឆ្នាំនេះ។
ជាមួយគ្នានេះ តុលាការក៏នឹងពិនិត្យមើលការចោទប្រកាន់មួយចំនួន ប្រឆាំងនឹងទាហានអាហ្វហ្គានីស្ថាន និងក្រុមប្រដាប់អាវុធតាលីបង់៕