ក្រុងម៉ូស្គូ៖ ទីក្រុងម៉ូស្គូបានប្រាប់ស្ថានទូតអាមេរិកកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្រោយពីបេសកកម្មការទូតរបស់ក្រុងវ៉ាស៊ីនតោន បានលើកឡើងពីកង្វល់អំពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ី។
លោកស្រីអ្នកនាំពាក្យប្រចាំស្ថានទូតអាមេរិក កាលពីថ្ងៃអង្គារបានសម្តែងកង្វល់អំពីការបង្ក្រាបទៅលើក្រុមអ្នកកាសែតនៅរុស្ស៊ី។
លោកស្រីបានថ្លែងនៅលើគេហទំព័រធ្វីធ្វើថា៖ «ដោយបានតាមដានការចាប់ខ្លួន ចាប់ខ្លួនអ្នកកាសែតរុស្ស៊ីជាច្រើននាក់មក វាហាក់ដូចជាការរៀបចំយុទ្ធនាការប្រឆាំងនឹងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ»។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅលើគេហទំព័រធ្វីធើរកាលថ្ងៃអង្គារថា៖ «សូមមេត្តា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី»។
កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសន្តិសុខ FSB ជាអ្នកស្នងពីទីភ្នាក់ងារសន្តិសុខ KGB សម័យសហភាពសូវៀត បានចាប់ខ្លួនអតីតអ្នកកាសែតគួរគោរពម្នាក់ឈ្មោះ Ivan Safronov មានវ័យ ៣០ ឆ្នាំ ជុំវិញការសង្ស័យពីបទបង្កអស្ថិរភាពនៅក្នុងប្រទេសនេះ។
ការចាប់ខ្លួនលោកបានបង្កឲ្យផ្ទុះកំហឹងនៅក្នុងចំណោមក្រុមអ្នកគាំទ្រ និងអ្នកកាសែតដែលនិយាយថា ការចាប់ខ្លួនលោក គឺជាការដាក់ទណ្ឌកម្មចំពោះការតាមយកព័ត៌មាននៃវិស័យការពារជាតិរបស់រុស្ស៊ី។
សមាជិកម្នាក់នៃក្រុមការពាររបស់លោក Safronov គឺលោក Yevgeny Smirnov បាននិយាយថា អតីតអ្នកកាសែតរូបនេះ ធ្លាប់បានធ្វើការឲ្យកាសែត Kommersant និង Vedomosti៕ AFP/PSA