លោក ​ចួន​ ហ្គៃដូ ​​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​នានារបស់​បរទេស​ប្រឆាំង​នឹង​របប​​លោក​ ម៉ាឌូរ៉ូ

Content image - Phnom Penh Post
លោក​​ ចួន​​ ហ្គៃ​ដូ ​(កណ្តាល)​ អម​ដោយអនុប្រធានសភា​​ទី​ ១ ​លោក​ ចួន ប៉ាបឡូ ហ្គានី​ប៉ា (ឆ្វេង​) និង​លោក​ ការឡូស ប៊ឺររីសប៊ីទៀ (​ស្តាំ)​ នៅ​ក្រុង​ការ៉ាកាស។ AFP

ក្រុង​ការ៉ាកាស៖ ​មេបក្ស​ប្រឆាំង​របស់​​វ៉េណេស៊ុយអេឡា ​លោក​ ចួន​ ហ្គៃដូ​ កាល​ពី​ថ្ងៃ​ពុធ​បាន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់​បរទេស​ប្រឆាំង​ប្រទេស​របស់​លោក​ ២៤ ​ម៉ោង ​ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​វាយ​ប្រហារ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ការ៉ាកាស​ពី​​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​។

លោក​ ចួន​ ហ្គៃដូ​ បាន​វិល​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ ពី​ទស្សនកិច្ច​អន្តរជាតិ​រយៈពេល ​៣ ​សប្តាហ៍​ ដែល​លោក​បាន​ទៅ​អាមេរិក​ កាណាដា​ កូឡុំប៊ី ​និង​អឺរ៉ុប​។​ លោក ​ចួន ហ្គៃដូ​ ត្រូវ​បាន​ជួប​ជាមួយ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​អាកាស​ចរណ៍ Conviasa ​​​បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ដែល​កាល​ពី​ថ្ងៃ​សុក្រ​មុន​​ អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​​ហោះហើរ​របស់​រដ្ឋ​មួយ​នេះ​។​

ចំណាត់​ការ​របស់​អាមេរិក​ទៅ​លើ​កិច្ចការ​ជំនួញ​ឧក្រិដ្ឋកម្ម​ ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​វ៉េណេស៊ុយអេឡា​នោះ​ គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ចុង​ក្រោយ​បំផុត​ របស់​ក្រុង​វ៉ាស៊ីនតោន​ ដោយ​មាន​គោល​បំណង​ទម្លាក់​ប្រធានាធិបតី​ឆ្វេង​និយម​របស់​របប​លោក នីកូឡាស​ ម៉ាឌូរ៉ូ​ ជា​ពិសេស​តាមរយៈ​ការ​កាត់​ផ្តាច់​ប្រាក់​ចំណូល​ប្រេង​របស់​រដ្ឋាភិបាល​លោក ​ម៉ាឌូរ៉ូ​។​

Content image - Phnom Penh Post
លោក​​ ចួន​​ ហ្គៃដូ (កណ្តាល)​ ត្រូវ​អម​ដោយ​​​​ក្រុម​​អ្នក​គាំទ្រ និង​​អ្នកកាសែត​។AFP

អ្នក​តវ៉ា​ម្នាក់​បាន​ជះ​ទឹក​ភេសជ្ជៈ​ទៅ​លើ​លោក​​ ហ្គៃដូ​។​

ប៉ុន្តែ​ការ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​មួយ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​កណ្តាល​ទីក្រុង​ការ៉ាកាស​ ប្រធាន​សភា​រូប​នោះ ​បាន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់ US​។​

លោក ​ហ្គៃដូ​ បាន​ថ្លែង​ថា​ ទណ្ឌកម្ម​ទាំង​នោះ ​គឺ «​ជា​ឧបករណ៍​សេរី​របស់​ពិភព​លោក​ ដើម្បី​ប្រឈម​មុខ​ជាមួយ​របប​របស់​លោក ​ម៉ាឌូរ៉ូ​​ ដែល​បាន​​រំលោភ​សិទ្ធិ​មនុស្ស​ ​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​មនុស្ស​ជា​ដើម​»​។​

លោក​បាន​គាំទ្រ​​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​មន្ត្រី​កំពូល​ទាំង​នោះ​៕ AFP/SK

ព័ត៌មានថ្មីៗ