ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោក «គ្មានបញ្ហាជាមួយនឹងគំនិត» អំពីកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហាស្សាន រូហានី នោះទេ។ មានពាក្យចចាមអារ៉ាមជាច្រើនថា ជំនួបនោះអាចកើតឡើង នៅពេលក្រោយក្នុងខែនេះនៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក ត្រាំ មិនបានកំណត់កាលបរិច្ឆេទអំពីលទ្ធភាពនៃជំនួបនោះនៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅកន្លែងឧទ្ធម្ភាគចក្ររបស់លោក នៅឯសេតវិមានកាលពីថ្ងៃចន្ទ នៅមុនពេលចេញដំណើរទៅកាន់រដ្ឋការ៉ូលីណាភាគខាងជើង។
រដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោក ត្រាំ មានឆន្ទៈចង់ជួបជាមួយលោក រូហានី «ដោយគ្មានលក្ខខណ្ឌ» ពីព្រោះយើងមិនចង់ធ្វើសង្គ្រាមជាមួយប្រទេស អ៊ីរ៉ង់ នោះទេ»។
លោក ប៉ុមប៉េអូ បានបន្ថែមថា កិច្ចប្រជុំនោះវាអាស្រ័យទៅលើលោក អាយ៉ាតូឡាសហ៍តែប៉ុណ្ណោះ ដើម្បីធ្វើការសម្រេចចិត្តអំពីគោលដៅដែលលោកចង់នាំប្រទេសរបស់លោកទៅ» ដោយនិយាយសំដៅទៅលើមេដឹកនាំកំពូល គឺលោក អាលី កាមីនី ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា បានជំទាស់ទៅនឹងកិច្ចប្រជុំនោះ។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតានីយ៉ាហ៊ូ បានចោទប្រកាន់អ៊ីរ៉ង់ពីបទលាក់បាំង «ទីតាំងផលិតអាវុធនុយក្លេអ៊ែរ» ដ៏សម្ងាត់មួយកន្លែងនៅក្រុង Abadeh ភាគខាងត្បូងនៃក្រុង Isfahan។
លោកបានថ្លែងថា អ៊ីរ៉ង់ «បានបំផ្លាញចោលទីតាំងផលិតអាវុធនុយក្លេអ៊ែរនោះ នៅពេលដែលអ៊ីស្រាអែលបានដឹងអំពីទីតាំងនោះ»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថ្លែងថា លោក នេតានីយ៉ាហ៊ូ មិនចង់ឲ្យមានជំនួប ត្រាំ-រូហានីទេ៕ RT/SK