ក្រុង​វ៉ាស៊ីនតោន៖ ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​ គឺ​លោក ​ចូ បៃដិន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បច្ចុប្បន្ន​មាន​មីស៊ីល​ចំនួន​កាន់​តែ​ច្រើន​ឡើង​ ដែល​ក៏​ជា​មីស៊ីល​ដ៏​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​ឡើង​ជាង​ពី​មុន​ផង​ដែរ ​មូលហេតុ​ដោយសារ​តែ​ប្រធានាធិបតី​អាមេរិក​ លោក ​ដូណាល់​ ត្រាំ ​ប៉ុណ្ណោះ​។​


លោក ​ចូ​ បៃដិន ​ក៏​បាន​ចោទ​ប្រកាន់​លោក ​ដូណាល់​ ត្រាំ​ ពី​បទ​គ្រប់គ្រង​អំណាច​ផ្តាច់​ការ​ ដូច​ជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម ​ជុងអ៊ុន ​ផង​ដែរ ​ខណៈ​បាន​ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង​របស់​ប្រទេស​ជាមួយ​ក្រុម​សម្ព័ន្ធ​មិត្ត​តាម​ទម្លាប់​របស់​ខ្លួន​​ចុះ​ខ្សោយ។​

អតីត​អនុ​ប្រធានាធិបតី​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​មួយ​ ជាមួយ​សារព័ត៌មាន ​CBS ​បណ្តាញ​ទូរទស្សន៍ ​US ​រយៈពេល ​៦០ ​នាទី​ថា៖ «លោក ​ដូណាល់​ ត្រាំ ​បាន​គាំទ្រ​គ្រប់​ជន​ផ្តាច់​ការ​យ៉ាង​ច្បាស់​ក្រឡែត​ ហើយ​លោក ​ត្រាំ​ បាន​ចង្អុល​មុខ​មិត្ត​ភក្តិ​របស់​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង​»​។​


លោក ​ចូ​ បៃដិន​ បាន​បន្ថែម​ថា៖ «​ហេតុ​ដូច្នេះ​ហើយ​ អ្វី​កំពុង​កើត​ឡើង​នៅ​បច្ចុប្បន្ន ​គឺ​អ្នក​ឯង​មាន​កិច្ចការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​ជា​ប្រទេស​មាន​មីស៊ីល​គួរ​ឱ្យ​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ប្រទេស​កូរ៉េ​ខាង​ជើង ​មាន​សមត្ថភាព​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ ដែល​ពួក​គេ​មាន​ពី​មុន​»​។​


សុន្ទរកថា​របស់​លោក ​ចូ​ បៃដិន​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ បាន​បង្ហាញ​មីស៊ីល​បាលីស្ទិក​អន្តរ​ទ្វីប​ចម្ងាយ​ឆ្ងាយ​ថ្មី​មួយ​នៅ​ក្នុង​ព្យុហយាត្រា​យោធា​មួយ​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១០​ ខែ​តុលា ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ ​នៃ​ការ​បង្កើត​បក្ស​ពលករ​កូរ៉េ​កំពុង​គ្រប់គ្រង​អំណាច​របស់​ខ្លួន​។​


លោក ​ដូណាល់​ ត្រាំ​ បាន​បើក​កិច្ច​ប្រជុំ ​៣ ​ដង ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ នៅ​ចន្លោះ​ខែ​មិថុនា ​ឆ្នាំ ​២០១៨​ និង​ខែ​មិថុនា ​ឆ្នាំ ​២០១៩​ ហើយ​លោក ​ត្រាំ​ បាន​អះអាង​ថា​៖ «ការ​ទំនាក់​ទំនង​ដ៏​ល្អ​របស់​លោក​» ​ជាមួយ​លោក ​គីម ​ជុងអ៊ុន​ គឺ​ជា​អ្វី​ដែល​បាន​ទប់ស្កាត់​សង្គ្រាម​នុយក្លេអ៊ែរ​មួយ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ​នោះ​។​

លោក ​ត្រាំ ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទល់​មុខគ្នា​តាម​ទូរទស្សន៍​ប្រធានាធិបតី​ចុង​ក្រោយ​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖- «​អ្វី​ដែល​ជា​ការ​ទស្សន៍ទាយ​ទុក​នោះ​ វា​អាច​នឹង​ជា​សង្គ្រាម​នុយក្លេអ៊ែរ​មួយ ហើយ​លោក​មាន​រោងចក្រ ​ដែល​មាន​សមត្ថ​ភាព​អាច​ផលិត​នុយក្លេអ៊ែរ​បាន​។ ​នៅ​ក្នុង​ពេល​នោះ​ ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​មួយ​​ ជាមួយ​លោក គីម​ ជុងអ៊ុន​ យើង​មាន​ទំនាក់ទំនង​ល្អ​វា​គ្មាន​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ​»​។​

លោក ​ចូ​ បៃដិន ​មាន​មធ្យោបាយ​ឱ្យ​លោក ​ដូណាល់​ ត្រាំ ​ក្លាយ​ជា​មិត្ត​ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​សត្រូវ​ណា ​បង្ក​បញ្ហា​ដល់​ប្រទេស​អាមេរិក​ជា​ដាច់​ខាត​។​

លោក ​ចូ​ បៃដិន ​បាន​ថ្លែង​នៅ​ពេល​គេ​​សួរ​ថា​​ អ្វី​គឺ​ជា​ការ​គំរាម​កំហែង​ពី​បរទេស​ធំ​ជាង​គេ​បំផុត ដែល​អាមេរិក​​កំពុង​ប្រឈម​នោះ​៕ Yonhap/SK