ក្រុងសេអ៊ូល៖ រដ្ឋាភិបាលក្រុងសេអ៊ូលបានថ្លែងកាលពីថ្ងៃអាទិត្យថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងវិហារប្រូតេស្តង់មួយចំពោះការបំពានបញ្ជារដ្ឋាភិបាលរបស់ក្រុងនេះ ដែលមិនឲ្យធ្វើការជួបជុំគ្នាទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី។
ក្រុងនេះ កំពុងតាមដានវិហារ SarangJeil ដែលបានបន្តការជួបជុំ ២ ថ្ងៃអាទិត្យជាប់ៗគ្នា។ វិហារនេះ ត្រូវបានស្តីបន្ទោសដោយរដ្ឋាភិបាលក្រុងនេះ ចំពោះការរៀបចំព្រឹត្តិការណ៍ជួបជុំទ្រង់ទ្រាយធំៗ ក្រោយពីខ្លួនបានបំពានវិធានទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងការបម្រើសេវារបស់ខ្លួនកាលពីថ្ងៃទី ២២ ខែមីនា។
ព្រះវិហារនេះ ស្ថិតនៅសង្កាត់សឹងប៊ុកភាគឦសាន មានទំនាក់ទំនងជាមួយលោក Jun Kwang-hoon ជាបព្វជិតអភិរក្សដែលបានដឹកនាំការជួបជុំប្រឆាំងរដ្ឋាភិបាលនៅក្នុងក្រុងសេអ៊ូលភាគកណ្តាល។ កាលពីពេលថ្មីៗនេះ លោក ជុន ដែលត្រូវបានគេឃាត់ខ្លួនត្រូវបានគេចោទប្រកាន់ពីបទបង្ខូចកេរ្តិ៍លោកប្រធានាធិបតី មូន ជេអ៊ីន និងបំពានច្បាប់បោះឆ្នោតសាធារណៈ នៅមុនការបោះឆ្នោតទូទៅថ្ងៃទី ១៥ ខែមេសា។
ជាផ្នែកនៃកិច្ចប្រឹងប្រែងនៅឆ្ងាយពីគ្នានៅក្នុងសង្គមរបស់រដ្ឋាភិបាលវិហារជាច្រើន ត្រូវបានណែនាំឲ្យពិនិត្យសីតុណ្ហភាពរបស់ពួកគេ និងរក្សាចម្ងាយ ២ ម៉ែត្រពីគ្នានៅក្នុងការបំពេញការងារនៅក្នុងចំណោមវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
វិហារ SarangJeil មិនធ្វើតាមគោលការណ៍ទាំងនោះ កាលពីខែមុននិងមិនអើពើបទបញ្ជារបស់រដ្ឋាភិបាលប្រឆាំងនឹងសេវាការងារតាមអនឡាញកាលពីថ្ងៃអាទិត្យ។
មន្ត្រីវិហារម្នាក់បានពន្យល់ថា មានតែគោរពតាមបញ្ជីឈ្មោះមុនប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យចូលរួមការជួបជុំនោះ ហើយពួកគេត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១ ម៉ែត្រពីម្នាក់ទៅម្នាក់។
រដ្ឋាភិបាលនេះ បានបញ្ជូនបុគ្គលិក ៣ នាក់ ឲ្យពិនិត្យមើលថា តើវិហារនេះគោរពគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែកដែរ ឬទេ?
មន្ត្រីប៉ូលិសជាច្រើននាក់ក៏ត្រូវបានបញ្ជូនទៅការពារប្រឆាំងការប៉ះទង្គិចជាសក្តានុពលណាមួយនោះ។ ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល បាននិយាយថា ខ្លួនមានមន្ត្រី ៥១៧ នាក់ ឈរជើងនៅវិហារសាសនា ២០៦ កន្លែង នៅទូទាំងក្រុងកាលពីថ្ងៃអាទិត្យ។
នៅកន្លែងផ្សេងទៀត ព្រះវិហារ Kwanglim នៅក្នុងសង្កាត់ហ្គាងណាមភាគខាងត្បូង និងវិហារ Yonsei នៅក្នុងសង្កាត់ហ្គូរូនៅភាគនិរតីនៃក្រុងសេអ៊ូលក៏បានបន្តការរៀបចំការជួបជុំគ្នាដែរ។
វិធានការនៅឲ្យឆ្ងាយពីគ្នានៅក្នុងសង្គមរបស់រដ្ឋាភិបាល ត្រូវបានគ្រោងឲ្យបញ្ចប់ត្រឹមថ្ងៃអាទិត្យ ប៉ុន្តែត្រូវបន្ត ២ សប្តាហ៍ទៀត៕ Yonhap/PSA