ក្រុងបាងកក៖ ប្រធានសភាលោក ឈួន លីកផៃ បានអំពាវនាវឱ្យសមាជិកសភា និងព្រឹទ្ធសភា បង្កើតឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមមួយ ដើម្បីដោះស្រាយជម្លោះនយោបាយ នៅក្នុងកិច្ចប្រជុំសភាពិសេសរយៈពេល ២ ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។
លោក ឈួន លីកផៃ ក៏បានព្រមានក្រុមអ្នកនយោបាយផងដែរថា មិនត្រូវយកកេងចំណេញលើសភានៅក្នុងមធ្យោបាយមួយ ដែលអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើងនោះទេ។
កិច្ចប្រជុំនោះ បានកំពុងរៀបចំធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ត្រូវបានកោះប្រជុំស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញមាត្រា ១៦៥ ដែលបានចែងថា រដ្ឋាភិបាលអាចស្នើសុំឱ្យបើកកិច្ចប្រជុំសភា និងព្រឹទ្ធសភារួមគ្នាមួយ ដើម្បីពិភាក្សាទូទៅដោយគ្មានការបោះឆ្នោត ស្តាប់យោបល់របស់ក្រុមសមាជិក ស្តីពីបញ្ហាសំខាន់ៗនោះទេ។
កិច្ចប្រជុំពិសេស កំពុងធ្វើឡើងនៅមុនសមាជិកសភា គ្រោងវិលត្រឡប់មកប្រជុំជាផ្លូវការវិញ នៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះ។
លោក ឈួន លីកផៃ ក៏បានថ្លែងផងដែរថា សមាជិកសភាខ្លះ មិនបានឯកភាពជាមួយការបើកកិច្ចប្រជុំពិសេសនោះទេ ដោយបានលើកឡើងអំពីជម្លោះក្រុមអ្នកនយោបាយគូបដិបក្ខ អាចនឹងឆ្លៀតឱកាសនេះ ដើម្បីចង្អុលស្តីបន្ទោសជាជាងធ្វើការរួមគ្នា សម្រាប់បំណងល្អរបស់ប្រទេសថៃ ១ នេះណាស់។
លោកបានថ្លែងថា៖ «ខ្ញុំបានប្រាប់ក្រុមសមាជិកសភាថា ពួកគេត្រូវតែព្យាយាម ដើម្បីទប់ស្កាត់តាមរយៈការធ្វើសហប្រតិបត្តិការ និងការបង្ហាញអំពីគំនិតយោបល់ដែលមានប្រយោជន៍ ហើយនេះ គឺមិនមែនជាកិច្ចពិភាក្សារិះគន់ខ្លាំងៗនោះដែរ»។
ការធ្វើអត្ថាធិប្បាយទៅលើការរៀបចំសន្តិសុខ នៅក្នុងករណីក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានដង្ហែក្បួនទៅកាន់សភា ខណៈសភាកំពុងតែប្រជុំនៅទីនោះ លោក ឈួន លីកផៃ បានថ្លែងថា លោកមានជំនឿថា ស្ថានការណ៍នោះ នឹងមិនក្លាយជាអំពើហិង្សា និងការអនុវត្តមិនឲ្យកងកម្លាំងប៉ូលិស ឬយោធានឹងមិនចាំបាច់ត្រូវដាក់ពង្រាយនោះដែរ។
លោក អាតថាគូន ស៊ីរិឡាតថាយ៉ាគូន ជាសមាជិកសភា ១ រូប របស់គណបក្សផាឡាំងប្រាឆារ៉ាត់ កំពុងគ្រប់គ្រងអំណាច (PPRP) និងជាអ្នកតម្រង់ទិសរដ្ឋាភិបាលបានថ្លែងថា ក្រុមគណបក្សចម្រុះបានណែនាំឱ្យសមាជិកសភា ចូលរួមប្រជុំឱ្យបានគ្រប់គ្រាន់។
លោក អាតថាគូន បានថ្លែងថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ គ្រោងចាប់ផ្តើមនៅម៉ោង ៩ និង ៣០ នាទីព្រឹក ហើយបញ្ចប់ទៅវិញនៅម៉ោង ១០ យប់ ដោយបានចំណាយពេលអស់ ១២ ម៉ោង និង ៣០ នាទី ហើយកិច្ចប្រជុំនោះនឹងត្រូវបានធ្វើឡើងដោយបើកចំហ មិនមែនជាកិច្ចប្រជុំបិទទ្វារនោះទេ។
លោក អាតថាគូន បានថ្លែងថា ក្រុមសមាជិកសភានឹងត្រូវបានគេអនុញ្ញាត ឱ្យនិយាយ និងផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីរបៀបដោះស្រាយបញ្ហានានា ដោយបានបន្ថែមថា រដ្ឋាភិបាល និងគណបក្សផាឡាំងប្រាឆារ៉ាត់ PPRP បានរៀបចំព័ត៌មានអំពីស្ថានការណ៍បច្ចុប្បន្ន ដើម្បីបង្ហាញដល់អង្គប្រជុំនេះ៕ BKP/SK