ក្រុងខារទុំៈ សភាស៊ូដង់ បានអនុម័តកាត់បន្ថយការប្រកាសអាសន្ននៅទូទាំងប្រទេសពីរយៈពេល ១ ឆ្នាំមកត្រឹម ៦ ខែតាមបទបញ្ជារបស់ លោកប្រធានាធិបតី អូមារ អាល់-បាសៀរ ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងកណ្តាប់ដៃដែករបស់លោក។
លោក បាសៀរ បានប្រកាសអាសន្នរយៈពេល ១ ឆ្នាំ ចាប់តាំងពីថ្ងៃទី ២២ ខែកុម្ភៈ ក្រោយពីមានការបង្ក្រាបជាលើកដំបូងមួយ ខកខានមិនបានការទប់ស្កាត់មិនឲ្យមានការធ្វើបាតុកម្ម ដែលបានរង្គោះរង្គើរដ្ឋការរបស់លោកអស់ជិត ៣ ខែមកនេះ។
អ្នកនាំពាក្យសភា លោក អ៊ីប្រាហ៊ីម អាមេដ អូមឺរ បានថ្លែងក្រោយពីសមាជិកសភាបានបោះឆ្នោតលើក្រឹត្យរបស់ ប្រធានាធិបតីនោះថា៖«ការប្រកាសអាសន្នរយៈពេល ៦ ខែ ត្រូវបានអនុម័ត ដោយសំឡេងភាគច្រើននៅក្នុងសភា»។
ការតវ៉ាបណ្តាលឲ្យមនុស្សស្លាប់ បានផ្ទុះឡើងកាលពី ថ្ងៃទី ១៩ ខែធ្នូ ក្រោយពីការសម្រេចចិត្តរបស់រដ្ឋាភិបាលឲ្យដំឡើងថ្លៃនំបុ័ងនោះ។
ការធ្វើបាតុកម្មកាន់តែខ្លាំងឡើង បានឈានដល់ការប្រមូលផ្តុំនៅទូទាំងប្រទេសយ៉ាងឆាប់រហ័សប្រឆាំងការគ្រប់គ្រងរបស់លោកបាសៀរ ដោយក្រុមអ្នកវិភាគបានហៅថា វាគឺជាការប្រកួតប្រជែងដ៏ធំបំផុតចំពោះការគាំទ្រគ្រប់គ្រងផលប្រយោជន៍របស់លោករយៈពេល ៣ ទសវត្សរ៍មកនេះ។
ក្រុមមន្ត្រី បានថ្លែងថា រហូតមកទល់ពេលនេះ មនុស្ស ៣១ នាក់ បានស្លាប់ នៅក្នុងការតវ៉ាដោយហិង្សា ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានផ្តល់ចំនួនអ្នកស្លាប់យ៉ាងតិច ៥១ នាក់ នៅក្នុងនោះមានក្រុមគ្រូពេទ្យ និងកុមារផងដែរ។
ការបោះឆ្នោតកាលពីថ្ងៃចន្ទ ដោយក្រុមសមាជិកសភា ដែលបានគាំទ្រអនុសាសន៍មួយចេញពីគណៈកម្មាធិការ សភាឲ្យកាត់បន្ថយការប្រកាសអាសន្នមកត្រឹម ៦ ខែវិញ។
ក្រុមសកម្មជន និងសិទ្ធិមនុស្ស បានរិះគន់វិធានការនោះថាជាការរំលោភសិទ្ធិសេរីភាពនៅក្នុងប្រទេសនេះ។
អ្នកការពារសិទ្ធិមនុស្សជនជាតិស៊ូដង់ដ៏ល្បីល្បាញ លោក Nabil Adib បានថ្លែងថា៖ «សភាស៊ូដង់ មិនចង់បដិសេធក្រឹត្យរបស់លោក បាសារ នោះទេ ដូច្នេះក្រឹត្យនោះ បានកើតឡើងជាមួយនឹងការសម្របសម្រួលមួយដោយបន្តការប្រកាសអាសន្នត្រឹមតែរយៈពេល ៦ ខែ»។
«ប៉ុន្តែចំពោះខ្ញុំវិញ ការប្រកាសអាសន្ននោះ មិនមែនត្រឹមតែរយៈពេល ៦ ខែ ឬ ១ ឆ្នាំទេ។ ចំណាត់ការនេះ បានរំលោភសិទ្ធិមនុស្ស ដែលមានចែង នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ ប្រទេស ស៊ូដង់»។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Mohamed-Ahmed Salim ការពារការប្រកាសអាសន្ននៅសភា៕ AFP/SK