ក្រុងការ៉ាកាសៈ សភាគ្រប់គ្រងដោយបក្សប្រឆាំង និងគ្មានអំណាចរបស់ប្រទេស វ៉េណេស៊ុយអេឡា បានបង្កើនការតតាំងជាមួយលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារ ដោយផ្តល់ការលើកលែងទោសចំពោះនរណាម្នាក់ចេញពីយោធា ដែលបានចូលរួមជាមួយខ្លួននៅក្នុងការមិនទទួលស្គាល់មេដឹកនាំអ្នកសង្គមនិយមរូបនេះ។
សភានោះបានឲ្យដឹងថា៖ «ការលើកលែងទោសនេះ» នឹងត្រូវបានផ្តល់ឲ្យក្រុមមន្ត្រីរដ្ឋាភិបាលស៊ីវិល ដែលបានសហការ «នៅក្នុងការរៀបចំច្បាប់រដ្ឋធម្មនុញ្ញនោះ»។
លោកប្រធានសភា Juan Guaido ដែលកាលពីសប្តាហ៍មុន បានចាត់ទុកលោក ម៉ាឌូរ៉ូ ថាជា «អ្នកដណ្តើមអំណាចដោយខុសច្បាប់» បានថ្លែងថា «យើងកំពុងនិយាយទៅកាន់ក្រុមមន្ត្រីយោធាថ្នាក់កណ្តាលនិងថ្នាក់ទាប ដើម្បីចៀសចេញឲ្យផុតពីការភ័យខ្លាចនោះ»។
ជម្លោះរវាងសភា និងលោក ម៉ាឌូរ៉ូ កាន់តែតឹងតែងខ្លាំងឡើងៗ ចាប់តាំងពីមេដឹកនាំសង្គមនិយមរូបនេះបានស្បថចូលកាន់មុខតំណែងកាលពីសប្តាហ៍មុនសម្រាប់អាណត្តិទី ២ នៅក្នុងប្រទេសដែលញាំញីដោយវិបត្តិនេះ ក្រោយពីលោកបានឈ្នះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០១៨ ដែលត្រូវពហិការដោយគណបក្សប្រឆាំង និងមិនត្រូវបានទទួលស្គាល់ដោយអាមេរិក សហភាពអឺរ៉ុប និងអង្គការនៃរដ្ឋអាមេរិកថា មានការលួចបន្លំ។
លោក Juan Guaido ត្រូវបានចាប់ឃុំខ្លួនមួយរយៈខ្លីកាលពីថ្ងៃអាទិត្យដោយភ្នាក់ងារចារកម្ម ប៉ុន្តែលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានអះអាងកាលពីថ្ងៃចន្ទថា ឧប្បត្តិហេតុនោះ ត្រូវបានបង្កឡើងដោយគណបក្សប្រឆាំងរួមជាមួយមន្ត្រីទុច្ចរិតមួយចំនួន ដែលលោកបាននិយាយថាត្រូវបានបណ្ដេញចេញពីការងារហើយនោះ៕ AFP/SK