ក្រុងឡុងដ៍៖​ ក្រុម​មេ​ដឹកនំា​អង្គការ​ណាតូ ​(NATO) ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​បង្ហាញ​ពី​សាមគ្គីភាព​​កាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ពួក​គេ​ជួប​គ្នា​ ដើម្បី​បញ្ចប់​ជំនួប​មួយ​ដែល​ត្រូវ​គ្រប​ដណ្តប់​ដោយ​បញ្ហា​ជូរ​ចត់​ជា​ច្រើន​អំពី​អនាគត​​របស់​សម្ព័ន្ធមិត្ត​នេះ​។ ​


កាល​ពី​ឆ្នាំ ​២០១៨​ ជំនួប​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​នេះ​ បាន​បរាជ័យ​ដោយសារ​ការ​ទាមទារ​របស់​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​ឲ្យ​ចំណាយ​កាន់​តែ​ច្រើន​សម្រាប់​ការពារ​នៅ​អឺរ៉ុប​ ប៉ុន្តែ​អ្នក​បង្ក​រឿង​​​​​នៅ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ គឺ​លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយអែល ​ម៉ាក្រុង​។


លោក​ប្រធានាធិបតី​បារាំង​រូប​នេះ ​បាន​អំពាវនាវ​ឲ្យ​បន្ត​កិច្ច​ពិភាក្សា​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុង​ម៉ូស្គូ ​និង​បាន​ទាមទារ​ថា​ប្រទេស ​តួកគី ​គួរ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ការ​វាយ​ប្រហារ​របស់​ខ្លួន​ ដែល​គាំទ្រ​ដោយ​ក្រុម​ឧទ្ទាម​ស៊ីរី ​ដែល​ក្រុង​ប៉ារីស​ចាត់​ទុក​ជា​ក្រុម​ជ្រុល​និយម​ ទៅ​លើ​កងកម្លាំង​ឃើដ​ និង​ការ​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ s-400 ​​ពី​​រុស្ស៊ី​នោះ។ ​­


សមា​ជិក​នៃក្រុម​រក្សា​សន្តិ​ភាព​ដឹកនាំដោយអង្គការ​ណាតូ​​ចូលរួម​ពិធីផ្លាស់​ប្តូ​​រមេបញ្ជាការ​​។ AFP


មេ​ដឹកនាំ​ទាំង​អស់​បាន​ជួប​គ្នា​នៅ​ក្នុង​ក្រុម​ខុសៗ​គ្នា​នៅ​ក្នុង​ក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​អង្គារ ​មុន​ពេល​ញ៉ាំ​អាហារ​​​ពេល​ល្ងាច​ជាមួយ​ម្ចាស់​ក្សត្រី​អេលីហ្សាបេត​ទី ២ នៅ​ក្នុង​វិមាន​បាកឃីង​ហាម​ ប៉ុន្តែ​លោក ​ម៉ាក្រុង​ បាន​បដិសេធ​​​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ថា ​យុទ្ធសាស្ត្រ​របស់​ណាតូ ​គឺ​ជា ​«ខួរ​ក្បាល​ងាប់» ​ហើយ​លោក ​ត្រាំ ​បាន​បន្ត​ទទូច​ថា​ ទី​បញ្ជាការ​កងទ័ព​ខ្លះ ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ​។


ភាព​ចម្រូង​ចម្រាស ​បាន​ឡើង​កម្តៅ​ខ្លាំង​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​អ្វី​ដែល​លោក​អគ្គលេខាធិការ​ណាតូ​ ចេនស៍ ស្ទូលថិនប៊ឺក ​សង្ឃឹម​ថា ​នឹង​ជា​ការ​បង្ហាញ​សាមគ្គីភាព​នៅ​ថ្ងៃ​ខួប​លើក​ទី ៧០ ​សម្រាប់​សម្ព័ន្ធមិត្ត​យោធា​​​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ និង​​បង្ហាញ​ថា ​លោក​ខាង​លិច​អាច​ទប់ទល់​ការ​ប្រឆាំង​ជំទាស់​ពី​ប្រទេស​ រុស្ស៊ី​ និង​ចិន​៕ AFP/PSA