ក្រុង​ញូវដែលី៖ ​ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ ណារិនដ្រា​ ម៉ូ​ឌី​ និង​ប្រធានាធិបតី​ចិន ​លោក​ ស៊ី​ ជីនភីង ​នឹង​រៀបចំ​ជំនួប​កំពូល​ក្រៅ​ផ្លូវ​ការ​មួយ​ នៅ​ប្រទេស ​ឥណ្ឌា​ភាគ​ខាង​ត្បូង ​នៅ​​ថ្ងៃ​សុក្រ​ នៅ​ចំពេល​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ពួក​គេ​ទាំង ​២​​​។​


ការ​​ជួ​បគ្នា​នោះ​ បាន​គ្រោង​ធ្វើ​ឡើង​អស់​ជា​ច្រើន​ខែ​មក​ហើយ អំពី​បញ្ហា​រវាង​ប្រទេស​ធំ​ទាំង ​២ ​នៅ​លើ​ពិភព​លោក​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​ ព្រំដែន ​និង​វិធានការ​ទំនាក់ទំនង​ការ​ទូត​របស់​ពួក​គេ​រៀងៗ​ខ្លួន​។​

ក្រសួង​ការបរទេស​របស់​ឥណ្ឌា​ មិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​កិច្ច​ប្រជុំ​ នៅ​ក្នុង​រដ្ឋ​តាមីល​ ណាឌូ ​នៃ​ទីក្រុង​ម៉ាម៉ាល់​ឡា​ប៉ូ​រ៉ាម​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ទីក្រុង​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ ​និង​ស្ថាបត្យកម្ម​ ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ផង​នោះ​ទេ​។​


ប៉ុន្តែ​ប្រទេស ​ឥណ្ឌា ​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង ​«​កិច្ច​ប្រជុំ​កំពូល​ក្រៅ​ផ្លូវ​ការ​ឥណ្ឌា-​ចិន ​លើក​ទី ​២​»​ ហើយ​ក្រុម​មន្ត្រី​ចិន ​បាន​កំពុង​ស្វែង​រក​កន្លែង​ស្នាក់នៅ​ក្នុង​ទីក្រុង​សម្រាប់​ប្រជុំ​ជា​ច្រើន​សប្តាហ៍។​


ក្រុម​សារព័ត៌មាន​ឥណ្ឌា​ បាន​ថ្លែង​ថា​ លោក​ ស៊ី​ ជីនភីង​ និង​លោក ​ណារិនដ្រា ​ម៉ូ​ឌី​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​​កន្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ​ទីក្រុង​ម៉ាម៉ាល់​ឡា​ប៉ូ​រ៉ាម​ ដើម្បី​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ក្រៅ​ផ្លូវ​ការ​លើក​ដំបូង​របស់​ពួក​គេ​ នៅ​ក្នុង​ទីក្រុង​វ៉ូ​ហាម​នៃ​ប្រទេស ​ចិន ​កាល​ពី​ខែ ​មេសា ​ឆ្នាំ ​២០១៨​។​


កិច្ច​ប្រជុំ​នោះ​បាន​ធ្វើ​ឡើង​ក្នុង​ស្មារតី​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​បាន​ពិភាក្សា​អំពី​ភាព​ជាប់​គាំង​នៅ​ប៉ុស្តិ៍​ជម្លោះ​ព្រំដែន​មួយ​កន្លែង​នៅ​តាម​ជួរ​ភ្នំ​ហិមាល័យ​។​

លោក ​ស៊ី​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាកចេញ​ពី​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នេប៉ាល់​និយាយ​ថា​ នឹង​ទៅ​​ប៉ាគីស្ថាន៕​ AFP/SK​