ក្រុងម៉ានីលៈ ​អ្នក​កាសែត​ហ្វីលីពីន ​លោក ស្រី ​Maria ​ ​Ressa ​ដែល​សារ​ព័ត៌មាន​របស់​លោក​ស្រី ​​បាន​ប៉ះ​ទង្គិច​​ ​ជា​មួយ​ប្រធានាធិបតី​ លោក ​ Rodrigo Duterte ម្តង​ហើយ​​ម្តង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ការិយាល័យ​របស់​លោក​ស្រី នៅ​ក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​ពុធ ​​ជា​អ្វី​ដែល​អ្នក​គាំទ្រ​​សេរីភាព​សារ​ព័ត៌មាន​ ចាត់​ទុក​​ថា​ជា​ទង្វើ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។


ការ​ឃុំ​ខ្លួន​លោក​ស្រី​ពី​បទ ​«​សរសេរ​បរិហារ​កេរ្តិ៍​» គឺ​ជា​​ការ​បង្កើន​សម្ពាធ​របស់​រដ្ឋាភិបាល​​​​ទៅ​លើ​លោក​Maria Ressa និង​​​វេបសាយ ​Rappler របស់ លោក​ស្រី​ ដែល​ប្រឈម​នឹង​​ការ​ចោទ​ប្រកាន់​ពី​បទ​​​​​គេច​ពន្ធ ហើយ​កាសែត​​នោះ​អាច​នឹង​ត្រូវ​បិទ​ដែរ​។ ​​


ការ​ចាប់​ខ្លួន​លោក​ស្រី​ ​បាន​កើត​ឡើង ​ក្រោយ​ពី​លោក​Duterte ​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​រិះគន់​លោក​នៅ​ក្នុង​សារ​ព័ត៌មាន​និង​អង្គ​នីតិប្បញ្ញត្តិ ​ដែល​ហ៊ាន​ប្រឆាំង​ការ​ចុះ​ហត្ថលេខា​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​។


សហ​ស្ថាបនិក​សារ​ព័ត៌មាន Rappler ​លោក​ស្រី​ Beth​ Frondoso ​បាន​ប្រាប់​កាសែត AFP ថា៖ «​លោក​ស្រី ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​បាន​បង្ហាញ​អំពី​សិទ្ធិ​របស់​លោក​ស្រី​​»។


ក្រោយ​មក ​កា​សែត ​Rappler ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ធ្វីធើរ​​ថា​ លោក​ស្រី​ ​Maria Ressa ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន ១ ​យប់​នៅ​ឯ​ការិយាល័យ​ស៊ើប​អង្កេត​ជាតិ​ ជា​អង្គភាព​ ដែល​បាន​ឃុំ​ខ្លួន​លោក​ស្រី ​ខណៈ​ក្រុម​មេធាវី​របស់​លោក​ស្រី បាន​និង​កំពុង​ខិតខំ​ប្រឹង ប្រែង ដើម្បី​​បង់​ប្រាក់​ធានា​ក្រៅ​ឃុំ​ឲ្យ​លោក​ស្រី។


លោក​ស្រី Ressa ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​កាមេរ៉ា៕ AFP/SK