ក្រុង​ឡុងដ៍៖​ ចក្រភព​អង់គ្លេស​ ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ប្រជាជន​ទាំង​​អស់​របស់​ខ្លួន​ដែល​ចូលរួម​ជាមួយ​ប្រជាជន​ប្រហែល ​១,​៧​ពាន់​លាន​នាក់ ​នៅ​ជុំវិញ​ពិភព​លោក​ ​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​ ដែល​កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស​បំផុត​នេះ​។


នៅ​ទូទាំង​អឺរ៉ុប​ អាស៊ី​ អាមេរិក​ខាង​ជើង ​មជ្ឈិមបូព៌ា​ និង​ផ្នែក​ជា​ច្រើន​នៃ​ទ្វីប​អាហ្វ្រិក​​ រដ្ឋាភិបាល​ទាំង​អស់​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​របស់​ពួក​គេ​ឲ្យ​បន្ត​ស្នាក់​​នៅ​ក្នុង​ផ្ទះ​ ខណៈ​ពួក​គេ​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​វីរុស​ផ្លូវ​ដង្ហើម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​និង​មិន​បាន​បង្ហាញ​សញ្ញា​ថយ​ចុះ​ទេ​។


ប៉ុន្តែ​មាន​សញ្ញា​នៃ​ក្តី​សង្ឃឹម​ខេត្ត​ហឺប៊ី​ភាគ​កណ្តាល​នៃ​ប្រទេស ​ចិន​ ជា​ទី​ដែល​វីរុស​កូរ៉ូណា​បាន​ផ្ទុះ​​ឡើង​ដំបូង​គេ​បំផុត​កាល​ពី​ចុង​ឆ្នាំ ​២០១៩ ​គឺ​ត្រូវ​ស្ថិត​ក្នុង​​បម្រាម​ធ្វើ​ដំណើរ​ ​ក្រោយ​ពី​បិទ​រយៈពេល ​២ ​ខែ​។


ការ​បិទ​ជា​សកល​បាន​បន្ត​ ឲ្យ​មាន​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ជា​ច្រើន​ ទាហាន​នៅ​ប្រទេស​ អេស្ប៉ាញ​ មាន​កាតព្វ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​វីរុស ​ដែល​កំពុង​រាលដាល​នេះ​ បាន​រាយ​ការណ៍​ថា មនុស្ស​ចាស់​ត្រូវ​គេ​បោះ​បង់​ចោល ​ហើយ​ខ្លះ​ទៀត​បាន​ស្លាប់​នៅ​​ក្នុង​ផ្ទះ​។​


ចំណែក​នៅ​លើ​ដង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ញូវ​យ៉ក​ត្រូវ​គេ​បោះបង់​ចោល គ្រូ​ពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច ​ជុំវិញ​ការ​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត​រយៈពេល​យូរ​ទៅ​លើ​មនុស្ស​គ្រប់​រូប ដែល​ប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​​។


លោករ​ដ្ឋមន្ត្រី​សុខាភិបាលអង់គ្លេស​ ម៉ាត ហានកុក​ ​​បើក​ការជ​ជែកដេញ​ដោល​​អំពី​វិធា​នការ​ប្រឆាំង​វីរុសកូរ៉ូណា។ AFP

អ្នក​គ្រូពេទ្យ ​ឡូរិន ​ដែល​សុំ​មិន​បញ្ចេញ​ត្រកូល​របស់​អ្នក​គ្រូ​បាន​និយាយ​ថា៖ «​ខ្ញុំ​ព្រួយ​បារម្ភ​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ជំងឺ​ដែល​ថា​ស្ថានការណ៍​នេះ អាច​បន្ត​រយៈ​ពេល​ច្រើន​ខែ»​។

នាង​បាន​បន្ថែម​ថា៖ ​«ភាព​អន្ទះសា​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​នេះ​ កំពុង​កើន​ឡើង​ខ្ពស់»​។​

ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​សេដ្ឋកិច្ច​បាន​បន្ត​ធ្វើ​ឲ្យ​ក្រុម​អ្នក​នយោបាយ​គិតគូរ​ដល់​មុខ​ជំនួញ​ និង​ធ្វើ​ឲ្យ​ទីផ្សារ​ប្រឈម​នឹង​ការ​ខ្វះ​ថវិកា​ ​​ហើយ​ពួក​គេ​បាន​ខំ​ប្រឹងប្រែង​ចុង​ក្រោយ​ ដើម្បី​ឲ្យ​អាជីវកម្ម​​ដំណើរ​ការ​តទៅ​ទៀត​។ ​​​​​​​​

រដ្ឋាភិបាល​អង់គ្លេស​ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ខ្លួន​មាន​ការ​ស្ទាក់ស្ទើរ​ជុំវិញ​វិបត្តិ​សុខភាព​នេះ​ ហើយ​ដោយ​មិន​មាន​ភាព​ចាំបាច់​នោះ ​បាន​អនុញ្ញាត​ឲ្យ​សាលា​រៀន​បន្ត​បើក​យូរ​ជាង​សមភាគី​អឺរ៉ុប បាន​សម្រេច​ឲ្យ​បិទ​កាល​ពី​ថ្ងៃ​ចន្ទ។ ​

លោក​នាយក​រដ្ឋមន្ត្រី ​បូរីស ​ចន​សុន​ បាន​ចេញ​បញ្ជា​ឲ្យ​ហាង​ និង​សេវា​​ផ្សេងៗ​ដែល ​មិន​ចាំបាច់​បិទ​រយៈពេល ៣ ​សប្តាហ៍​ និង​បាន​ហាម​មិន​ឲ្យ​ជួប​ជុំ​គ្នា​លើស​ពី​មនុស្ស ​២ ​នាក់​។ ​

លោក ​ចន​សុន​ បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា៖ «​សូម​ស្នាក់នៅ​ក្នុង​ផ្ទះ» ​ខណៈ​លោក​បង្ហាញ​វិធានការ​មិន​ធ្លាប់​មាន​នៅ​ពេល​មាន​សន្តិភាព ​ក្រោយ​ពី​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ៣៣៥ ​នាក់​។

ការ​ប្រកាស​នោះ ​បាន​កើត​ឡើង​ក្រោយ​ពី​ហ្វូង​មនុស្ស​ត្រូវ​បាន​គេ​ឃើញ​រីករាយ​នឹង​ពន្លឺ​ថ្ងៃ​នៅ​ចុង​សប្តាហ៍ ​នៅ​តាម​សួន​ឧទ្យាន​នានា​ និង​នៅ​តាម​ជនបទ ​ដោយ​​អំពាវនាវ​ឲ្យ​មាន​វិធានការ​តឹងរ៊ឹង​ថែម​ទៀត​។

លោក​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​តេ្រដូស អាដហាណូម ​ហ្គេប្រ៊ីយេស៊ុស បាន​ព្រមាន​ថា មេរោគ​នេះ ​រាតត្បាត​ជា​សកល​ពិត​ជា​លឿន​ណាស់​។

លោក តេ្រ​ដូ​ស អាដហា​ណូម ​ហ្គេប្រ៊ីយេស៊ុស ធ្វើសន្និ​សីទ​​សារព័ត៌មានអំពី​វីរុស​​កូរ៉ូណា​។​ AFP

ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ​១៦ ​៥០០ ​នាក់ ​ដោយ​អ្នក​ឆ្លង​ជាង ​៣៨៧ ០០០ ​នាក់ ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង ​១៧៤ ប្រទេស​ និង​តំបន់​។

លោក ​តេ្រដូស​ បាន​ថ្លែង​ថា​វីរុស​នេះ ​បាន​ប្រើ​ពេល ​៦៧ ​ថ្ងៃ ​ចាប់​តាំង​ពី​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស ​ចិន ​នៅ​ក្នុង​ខែ​ធ្នូ ​ដែល​បាន​ឆ្លង​ទៅ​មនុស្ស​ ១០ ​ម៊ឺន​នាក់​ដំបូង​ នៅ​ទូទាំង​ពិភព​លោក​។

លោក​បាន​ថ្លែង​ថា​ ជា​ការ​ប្រៀបធៀប​វីរុស​នេះ​ត្រូវ​ការ​ពេល​តែ ​១១ ​ថ្ងៃ ​សម្រាប់​ការ​ឆ្លង​លើក ​២ ​គឺ ​១០ ​ម៊ឺន​នាក់​​ និង​រយៈពេល ​៤ ​ថ្ងៃ ​សម្រាប់​លើក​ទី ៣ ​គឺ​​មនុស្ស ១០ ​ម៊ឺន​នាក់។ ​លោក​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​តេ្រដូស អាដហាណូម ​ហ្គេប្រ៊ីយេស៊ុស បាន​ទទួល​ស្គាល់​ថា ​ប្រទេស​ជា​ច្រើន​កំពុង​ខិតខំ​ប្រឹងប្រែង​ចាត់​វិធានការ​យ៉ាង​ហ្មត់ចត់​​ប្រឆាំង​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នេះ ​ដោយ​មាន​ការ​ខ្វះ​​ធនធាន​ហើយ​លោក​​បាន​ថ្លែង​ថា​ យើង​គឺ​ជា​អ្នក​មើល​​ឃើញ​ហេតុការណ៍​ ប៉ុន្តែ​មិន​អាច​ជួយ​បាន៕ AFP/PSA