ក្រុងឡុងដ៍ៈ យោងតាមតួលេខចុងក្រោយបំផុត ចេញពីក្រសួងសុខាភិបាល និងគាំពារសង្គមបានឲ្យដឹងថា ចំនួនករណីដែលបានអះអាង អំពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់ ៨០៧៧ នាក់ កាលពីព្រឹកថ្ងៃអង្គារ។
ក្រសួងសុខាភិបាល និងគាំពារសង្គម បានថ្លែងថា មនុស្សសរុបចំនួន ៩០៤៣៦ នាក់ ត្រូវបានធ្វើតេស្តនៅទូទាំងប្រទេសអង់គ្លេស ដែលមានចំនួន ៨០៧៧ នាក់ ត្រូវបានគេអះអាងថា មានផ្ទុកជំងឺកូវីដ១៩ ចំណែកឯអ្នកជំងឺចំនួន ៤២២ នាក់ផ្សេងទៀត ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកបានស្លាប់។
រដ្ឋមន្ត្រីសុខាភិបាលលោក ម៉ាតត៍ហានខុកបានថ្លែងកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែង នឹងត្រូវបានរៀបចំបង្កើតឡើងនៅក្នុងមជ្ឈមណ្ឌលអុីចសែល ជាមជ្ឈមណ្ឌលតាំងពិព័រណ៍មួយកន្លែង នៅទីក្រុងឡុងដ៍ភាគខាងកើត ដោយមានសមត្ថភាពអាចដាក់អ្នកជំងឺរហូតដល់ ៤០០០ នាក់។
លោក ហានកុក បានថ្លែងថា ចំណែកឯប្រទេសអង់គ្លេស ក៏កំពុងស្វែងរកក្រុមអ្នកស្ម័គ្រចិត្តចំនួន ២៥០០០០ នាក់ ដើម្បីជួយដល់បុគ្គលិកផ្តល់សេវាសុខាភិបាលជាតិ (NHS) ជាមួយ «ការដើរផ្សារទិញអីវ៉ាន់ ដឹកជញ្ជូនថ្នាំពេទ្យនិងដើម្បីគាំទ្រអ្នកដែលត្រូវបានគេទុកឲ្យនៅដាច់ដោយឡែកពីគេ»។
ដោយបានស្នើសុំទៅតាមការអំពាវនាវរបស់អង់គ្លេស ទៅកាន់ក្រុមគ្រូពេទ្យចូលនិវត្តន៍ឲ្យត្រឡប់មកធ្វើការវិញ លោកបានថ្លែងថា ជាង ១១៥០០ នាក់បានចូលធ្វើការ៕ Xinhua/SK