អង្គការកាកបាទក្រហមព្រមានថា ករណីជំងឺឆ្លងវីរុសកូរ៉ូណាកំពុងផ្ទុះឡើងនៅទ្វីបអាស៊ី
សហព័ន្ធកាកបាទក្រហមអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថាករណីជំងឺដែលបង្កដោយវីរុសកូរ៉ូណាកំពុងផ្ទុះឡើងនៅទ្វីបអាស៊ី និងប៉ាស៊ីហ្វិក ដោយមានការឆ្លងថ្មីចំនួន ៥,៩ លាននាក់ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះគឺ ច្រើនជាងតំបន់ដទៃទៀត។
គេក៏បានព្រមានថា ការកើនឡើងឥតស្រាកស្រាន្តបែបនេះកំពុងជំរុញឱ្យមន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាលនៃប្រទេសមួយចំនួនឈានដល់ការដួលរលំ។ ប្រទេសចំនួន ៧ ក្នុងចំណោម ១០ នៅទូទាំងពិភពលោកដែលកំពុងមានការកើនឡើងទ្វេដងនៃចំនួនអ្នកឆ្លងលឿនបំផុត គឺនៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិក។ កាកបាទក្រហមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឡាវគឺនៅត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ ករណីឆ្លងក្នុងប្រទេសបានកើនឡើងទ្វេដងហើយ ស្រដៀងគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមតែ ២ ខែដល់ជាង ២៣ លាននាក់។
របាយការណ៍នេះបាននិយាយថាទិន្នន័យពិភពលោករបស់សាកលវិទ្យាល័យ Oxford បានរាយការណ៍ថាមានការឆ្លងជំងឺកូវីដ១៩ចំនួន ៥,៩ លានករណីថ្មី នៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិកជាង ៥,៩ លាននាក់តែក្នុងរយៈពេល ២ សប្តាហ៍។ ក៏ប៉ុន្តែតួលេខជាផ្លូវការសម្រាប់តំបន់ភាគច្រើនត្រូវបានគេជឿថានៅតែមិនទាន់បានបញ្ជាក់បានត្រឹមត្រូវនៅឡើយទេ។
“ វីរុសកូរ៉ូណា កំពុងតែរីករាលដាលពាសពេញទ្វីបអាស៊ី” លោក AlexanderMatheou នាយកកាកបាទក្រហមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថាមានប្រជាជនជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះនៅក្នុងទ្វីបអាស៊ីក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះដែលមានចំនួនច្រើនជាងនៅអាមេរិកអឺរ៉ុប និងអាហ្វ្រិកទៅទៀត។
លោកបានមានប្រសាសន៍ទៀតថា៖ “ ឥឡូវនេះយើងត្រូវការសាមគ្គីភាពជាសកល សម្រាប់ការគាំទ្រក្នុងតំបន់ជាមួយឧបករណ៍វេជ្ជសាស្ត្របន្ថែមទៀត និងការគាំទ្រសម្រាប់ការការពារ និងការទទួលបានវ៉ាក់សាំងជាបន្ទាន់” ។
នៅពេលយុទ្ធនាការចាក់វ៉ាក់សាំងកំពុងដំណើរការនៅក្នុងតំបន់ក្រុមអង្គការកាកបាទក្រហមបាននិយាយថាពួកគេកំពុងជួបប្រទះការខ្វះខាត សម្ភារ និងការដឹកជញ្ជូនបរិក្ខារពេទ្យ ដើម្បីព្យាបាល។ «ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះយើងត្រូវមានកិច្ចសហប្រតិបត្តិការជាសកលឲ្យកាន់តែខ្លាំងឡើង ដើម្បីឱ្យឧបករណ៍វេជ្ជសាស្ត្រវ៉ាក់សាំង និងថវិកាត្រូវបានទៅកន្លែងដែលត្រូវការដើម្បីជួយមនុស្សដែលប្រឈមនឹងហានិភ័យបំផុត។ យើងអាចនឹងមានសុវត្ថិភាពនៅពេលដែលមនុស្សគ្រប់គ្នាមានសុវត្ថិភាពតែប៉ុណ្ណោះ»។ នេះបើតាមការថ្លែងការណ៍របស់អង្គការកាកបាទក្រហម៕
មឹង ច័ន្ទសុម៉ានីតា






