ក្រុងបេរូតៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានព្រមានបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនកាលពីថ្ងៃអង្គារប្រឆាំងការផ្លាស់ប្តូរក្រុមជនសង្ស័យជីហាដបរទេសចេញពីគុកមួយចំនួននៅប្រទេសស៊ីរីភាគឦសាន ហែកហួរដោយសង្គ្រាមមួយនេះទៅកាន់ប្រទេសអ៊ីរ៉ាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅបុរីញូវយ៉ក បានសម្តែងការព្រួយបារម្ភថា បណ្តាប្រទេសខ្លះមានក្រុមអ្នកទោសសំខាន់ជាច្រើននៅប្រទេស ស៊ីរី កំពុងស្វែងរកកន្លែង ដើម្បីបញ្ជូនពួកគេឲ្យទៅនៅតាមព្រំដែនជំនួសវិញ។
ការឈ្លានពានតំបន់មួយចំនួនរបស់តួកគី ដែលបានគ្រប់គ្រងដោយកងកម្លាំងឃើដ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅអ៊ឺរ៉ុបអំពីសក្តានុពលជុំវិញការផ្ទុះអំពើហិង្សាទ្រង់ទ្រាយធំរបស់សមាជិកក្រុមរដ្ឋអ៊ិស្លាមនោះ។
រដ្ឋាភិបាលអ៊ឺរ៉ុបជាច្រើន បានស្ទាក់ស្ទើរក្នុងការធ្វើមាតុភូមិនិវត្ដន៍ក្រុមអ្នកទោសទាំងនេះទៅកាត់ទោស ហើយបានផ្លាស់ប្តូរអ្នកទោសខ្លះរួចរាល់ហើយទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីកាត់ទោស៕ SK