ក្រុងវ៉ាស៊ីនតោន៖ អត្ថបទចំនួន ២ ដែលចោទប្រកាន់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនចេញពីសភាទៅព្រឹទ្ធសភាកាលពីថ្ងៃពុធ ដោយបានកំណត់ក្នុងញត្តិអំពីការជំនុំជម្រះលោកប្រធានាធិបតីទី ៤៥ រូបនេះ។
លោកស្រីប្រធានសភា ណានស៊ី ប៉េឡូស៊ី បានចុះហត្ថលេខាលើអត្ថបទទាំងនោះ ដែលបានចោទប្រកាន់លោកប្រធានាធិបតី ត្រាំ ពីបទរំលោភអំណាច និងរារាំងសភាមុននឹងពួកគេត្រូវបានឆ្លងកាត់សភាកាពីតូលទៅដល់ព្រឹទ្ធសភា ដែលគ្រប់គ្រងបក្សសាធារណរដ្ឋនោះ។
លោកស្រី ប៉េឡូស៊ី បានថ្លែងថា៖ «គួរឲ្យក្រៀមក្រំណាស់ គួរឲ្យអាក្រក់ណាស់សម្រាប់ប្រទេសរបស់យើងដែលវិធានការទាំងអស់នេះត្រូវបានចាត់ឡើង ដោយប្រធានាធិបតីរូបនេះ ដើម្បីបំផ្លាញសន្តិសុខជាតិរំលោភបំពានការស្បថចូលកាន់តំណែងរបស់លោក និងបង្កគ្រោះថ្នាក់ដល់សន្តិសុខនៅពេលបោះឆ្នោតរបស់យើង ហើយបាននាំឲ្យយើងមកដល់កន្លែងនេះ មុនប្រើប្រាស់ប៊ិក ដើម្បីចុះហត្ថលេខាអត្ថបទទាំងនោះ»។
ដោយត្រូវបានដាក់នៅក្នុងសំណុំឯកសារពណ៌លឿង អត្ថបទនោះត្រូវបានប្រគល់ឲ្យបុគ្គលិកព្រឹទ្ធសភាដោយមន្ត្រីជាច្រើនរូប នៅក្នុងនោះមានក្រុមមន្ត្រីសភាដែលត្រូវបានជ្រើសរើស ដើម្បីសម្រេចសំណុំរឿងប្រឆាំងលោក ដូណាល់ ត្រាំ ក្រោយពីសារមួយដែលជូនដំណឹងព្រឹទ្ធសភាអំពីការចោទប្រកាន់ទាំងនោះត្រូវបានអាននៅជាន់ក្រោម នៃអគារព្រឹទ្ធសភានោះ។
មេដឹកនាំព្រឹទ្ធសភាលោក Mitch McConnell បានអញ្ជើញឲ្យក្រុមមន្ត្រីសភាអានអត្ថបទទាំងនោះ នៅព្រឹទ្ធសភាកាលពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍។
ក្រោយមកនៅម៉ោង ២ រសៀល ប្រធានតុលាការកំពូលអាមេរិក លោក John Roberts នឹងចូលរួមការស្បថចូលកាន់តំណែង។
លោក McConnell ដែលមានទឹកមុខយ៉ាងស្រងូតស្រងាត់ បានថ្លែងនៅព្រឹទ្ធសភាថា៖ «បន្ទាប់មក ប្រធានតុលាការកំពូលនោះនឹងស្បថចូលកាន់តំណែងនៅចំពោះមុខសមាជិកព្រឹទ្ធសភាទាំងអស់»។
ព្រឹទ្ធសភានឹងត្រូវបានប្រែក្លាយឲ្យទៅជាតុលាការជំនុំជម្រេះរឿងក្តីប្រធានាធិបតីលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក McConnell បានថ្លែងថាការជំនុំជម្រះរឿងក្តីនោះ នឹងចាប់ផ្តើមយ៉ាងត្រឹមត្រូវនៅថ្ងៃអង្គារ។
លោកបានថ្លែងថា៖ «យើងនឹងបេ្តជ្ញាធ្វើដោយមិនប្រកាន់បក្ខពួក និងធ្វើឲ្យមានភាពយុត្តិធម៌សម្រាប់ស្ថាប័នរបស់យើងសម្រាប់រដ្ឋទាំងអស់របស់យើង និងសម្រាប់ប្រទេសរបស់យើងទាំងមូល»។
លោកបានថ្លែងទៀតថា៖ «ខ្ញុំមានទំនុកចិត្តថា ស្ថាប័ននេះអាចធ្វើការជំនុំជម្រះបានយ៉ាងត្រឹមត្រូវដោយឥតលម្អៀង ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសយើង៕ AFP/PSA