បុរីញូវយ៉កៈ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres កាលពីថ្ងៃពុធ បានស្វាគមន៍ការសម្រេចចិត្តរបស់អ៊ីស្រាអែលបើកច្រកឆ្លងកាត់មួយជាមួយតំបន់ហ្គាហ្សា ឡើងវិញនិងបានអំពាវនាវឲ្យមានការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់អ.ស.ប.ជាមួយអេហ្ស៊ីប ដើម្បីដោះស្រាយវិបត្តិនៅប៉ាឡេស្ទីន។
កាលពីព្រឹកថ្ងៃពុធ អ៊ីស្រាអែល បានបើកច្រកឆ្លងកាត់ Kerem Shalom ដែលត្រូវបានបិទចំពោះទំនិញភាគច្រើនកាលពីថ្ងៃទី ៩ កក្កដា ខណៈភាពតានតឹងនៅតំបន់ហ្គាហ្សា ឡើងកម្តៅខ្លាំង។
ច្រកឆ្លងកាត់នោះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដែលរស់នៅតំបន់ហ្គាហ្សានិងសេដ្ឋកិច្ចរបស់ពួកគេ ជាប់គាំង ប៉ុន្តែអ៊ីស្រាអែល បានបិទចំពោះទំនិញ លើកលែងតែស្បៀងអាហារ និងថ្នាំពេទ្យដើម្បីដាក់សម្ពាធទៅលើក្រុមឧទ្ទាមហាម៉ាស ជាចលនាអ៊ិស្លាមដែលបានធ្វើការគ្រប់គ្រងដែនដីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guterres បានថ្លែងថា លោកមានទឹកចិត្តចង់ឃើញអ្នកដែលពាក់ព័ន្ធទាំងអស់ឆ្លើយតបទៅនឹងការអំពាវនាវនោះ ដើម្បីបញ្ចៀសផលប៉ះពាល់នៃជម្លោះនោះពីជនស៊ីវិលនៅក្នុង និងជុំវិញតំបន់ហ្គាហ្សា។
លោកបានអំពាវនាវដល់គ្រប់ភាគីទាំងអស់គាំទ្រកិច្ចប្រឹងប្រែងនានាដឹកនាំដោយប្រេសិតពិសេសអ.ស.ប.និងអេហ្ស៊ីបដើម្បីបញ្ចៀសភាពតានតឹង និងដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា និងការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីនទៅតំបន់ហ្គាហ្សាវិញ។
ការបើកច្រកឆ្លងកាត់នោះឡើងវិញបានកើតឡើងខណៈ ជំរុញឲ្យមានការចរចាផ្ទាល់ដែលត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប និងមន្ត្រីអង្គការសហប្រជាជាតិដើម្បីឈានដល់បទឈប់បាញ់មួយរយៈពេលវែងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕